ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សភាពាណិជ្ជកម្មកម្ពុជា ចាត់ទុកសេចក្តីព្រាងច្បាប់ វិនិយោគថ្មី ដែលទើបត្រូវ បានរាជរដ្ឋាភិបាលអនុម័ត ជាដែកឆក់ស្រូបទាញវិនិយោគបន្ថែមមកកម្ពុជា

98

ភ្នំពេញ៖ លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានបង្ហាញពីការគាំទ្រ ចំពោះច្បាប់វិនិយោគថ្មី បន្ទាប់ពីសេចក្ដីព្រាងច្បាប់នេះ ត្រូវបានអនុម័តដោយរាជរដ្ឋាភិបាល នៅក្នុងកិច្ចប្រជុំពេញអង្គនៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១។

លោកថា ក្នុងនាមសភាពាណិជ្ជកម្មកម្ពុជា សូមអបអរសារទរចំពោះច្បាប់វិនិយោគថ្មី ដែលបានដាក់ចេញ ព្រោះសភាពាណិជ្ជកម្មកម្ពុជា និងដៃគូពាក់ព័ន្ធបានចូលរួមប្រជុំពីរលើក ហើយជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបានផ្ដល់ធាតុចូលជាច្រើនដល់ច្បាប់ថ្មីនេះ។

លោកបន្ដថា «ពេលច្បាប់ថ្មីនេះដាក់ឲ្យប្រើប្រាស់ក្នុងឆ្នាំនេះ ឬដើមឆ្នាំក្រោយនោះ វាជាឱកាសល្អ ទន្ទឹមនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ, កិច្ចព្រមព្រៀងភាពជាដៃគូ សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប-RCEP) ព្រមទាំងមានប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) ជាមួយអាមេរិក និងអង់គ្លេស ព្រមទាំងមានប្រព័ន្ធអនុគ្រោះពន្ធ EBA ជាមួយសហគមអឺរ៉ុប ដែលទាំងអស់នេះ ខ្ញុំជឿជាក់ថាច្បាប់ថ្មីនេះ ជាដែកឆក់សម្រាប់ទាក់ទាញវិនិយោគបន្ថែមទៀតមកកាន់កម្ពុជា»

លោកបន្ថែមថា នេះក៏ទន្ទឹមពេលដែលប្រមុខរាជរដ្ឋាភិបាល បានប្ដេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការកែទម្រង់ស៊ីជម្រៅ ផ្នែកសេដ្ឋកិច្ចនេះ ដើម្បីដើរឲ្យទាន់សភាពការណ៍ នៃការដាក់ឧស្សាហកម្មឌីជីថល នេះជាយុទ្ធសាស្ដ្រដ៏ល្អ ហើយជាការលើកទឹកចិត្តបន្ថែម សម្រាប់អ្នកវិនិយោគក្នុងស្រុក ក៏ដូចជាបរទេស ដែលអាចទទួលបានផលប្រយោជន៍ពីពីច្បាប់វិនិយោគថ្មីនេះផងដែរ។

លោកថា ច្បាប់ថ្មីនេះក៏មានតំណភ្ជាប់ពីសហគ្រាសធុនតូច និងមធ្យម អ្នកផលិតផលក្នុងស្រុក ដែលផលិតផ្គត់ផ្គង់ឲ្យរោងចក្រសហគ្រាស ដែលមកវិនិយោគ ដើម្បីជាវត្ថុធាតុដើមក្នុងការនាំចេញ និងការលើកទឹកចិត្តផ្នែកពន្ធជាដើម។ លោកបញ្ជាក់ថា «កន្លងមកយើងមានបញ្ហាប្រឈមរឿងការផ្គត់ផ្គង់ក្នុងស្រុក ដើម្បីកែច្នៃមានជាប់ VAT ប៉ុន្ដែនៅពេលដែលមានច្បាស់ថ្មីនេះ ខ្ញុំគិតថាអាចនឹងរួច VAT ហើយក៏ជាការលើកទឹកចិត្តឲ្យសហគ្រាសធុនតូច និងមធ្យម មានលទ្ធភាពផ្គត់ផ្គង់ ដល់រោងចក្រសហគ្រាស ដែលវិនិយោគនាំចេញ»

អ្វីដែលពិសេសជាងនេះទៀតនោះ ច្បាប់ថ្មីអនុញ្ញាតឲ្យអនុគណៈកម្មការវិនិយោគខេត្តអាចអនុម័តគម្រោងមានទឹកប្រាក់ធំជាងមុន ដែលច្បាប់ចាស់មានត្រឹម២លានដុល្លារប៉ុណ្ណោះ។

ឧកញ៉ា លឹម ហេង អះអាងថា ក្នុងពេលចូលរួមកិច្ចប្រជុំ សម្រាប់ជាធាតុចូលក្នុងសេចក្តីព្រាងច្បាប់វិនិយោគថ្មី វិស័យឯកជនបានស្នើសុំឲ្យ អនុគណៈកម្មការវិនិយោគខេត្តអាចអនុម័តគម្រោងវិនិយោគក្នុងតម្លៃក្រោម ១០លានដុល្លារ ដែលការធ្វើបែបនេះ នឹងជួយបង្ខិតរោងចក្រសហគ្រាស ទៅកាន់បណ្ដាខេត្តផ្សេងៗ ងាយស្រួលឲ្យប្រជាពលរដ្ឋ និងកម្មករមានការងារធ្វើនៅនឹងកន្លែង នេះជាការជួយកាត់បន្ថយភាពក្រីក្រ ដោយមិនចំបាច់ចំណាកស្រុក មកកាន់រាជធានីភ្នំពេញ ឬទៅស្រុកក្រៅ ដើម្បីរកការងារធ្វើជាដើម។

សូមជ ម្រាបថា សេចក្តីព្រាងច្បាប់ស្តីពីវិនិយោគថ្មី ដែលមាន១២ពូក និង៤២មាត្រា ត្រូវបានសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១ អនុម័តរួចរាល់ហើយ ដែលនឹងត្រូវបញ្ជូនទៅរដ្ឋភាសដើម្បីពិនិត្យ និងអនុម័តបន្ត។

រាជរដ្ឋាភិបាលកម្ពុជា បានអះអាងថា សេចក្តីព្រាងច្បាប់ស្ដីពីវិនិយោគ ដែលបានតាក់តែងឡើងថ្មីនេះ គឺដើម្បីជំនួសច្បាប់ ស្ដីពីវិនិយោគចាស់ ដែលបានចូលជាធរមានតាំងពីឆ្នាំ១៩៩៤ និងឆ្នាំ២០០៣។

ការបង្កើតច្បាប់ថ្មីនេះ ក្នុងគោលបំណងធ្វើឱ្យមានភាពទាក់ទាញ និងប្រសើរជាងមុននៃការវិនិយោគនៅកម្ពុជា ដោយឈរលើមូលដ្ឋានឯករាជ្យម្ចាស់ការ ស្ថានភាពជាក់ស្តែងរបស់វិនិយោគិននិងសេដ្ឋកិច្ច ដែលនឹងបង្កើតក្របខ័ណ្ឌគតិយុត្ត ដែលមានភាពបើកចំហ មានតម្លាភាព អាចប៉ាន់ប្រមាណទុកជាមុន ក៏ដូចជាពង្រឹងភាពទាក់ទាញ និងសមត្ថភាពបំពេញបន្ថែម ជាពិសេសបានគិតគូរអំពីការផ្តល់ការលើកទឹកចិត្ត ដល់វិស័យអាទិភាព កម្រិតបច្ចេកវិទ្យានិងបច្ចេកទេស ការបង្កើតការងារ ការបណ្តុះបណ្តាលជំនាញ ការសិក្សាស្រាវជ្រាវ ការអភិវឌ្ឍនិងនវានុវត្តន៍ និងសហគ្រាសធុនតូចនិងមធ្យម។ លើសពីនេះ សេចក្តីព្រាងច្បាប់នេះក៏បានកែសម្រួល និងធ្វើឱ្យប្រសើរឡើងនូវនីតិវិធីរដ្ឋបាលពាក់ព័ន្ធទៅនឹងយន្តការស្ថាប័ន និងនីតិវិធីនៃការស្នើសុំការចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (គ.ល.គ.)។

ជាមួយគ្នានេះដែរ ដើម្បីបង្កើនភាពប្រកួតប្រជែង និងភាពទាក់ទាញរបស់កម្ពុជា ពីសំណាក់វិនិយោគិន សេចក្តីព្រាងច្បាប់នេះ បានបំព្រួញពេលវេលាក្នុងការចេញវិញ្ញាបនបត្រចុះបញ្ជីពី ៣១ថ្ងៃ ទៅ២០ថ្ងៃ ហើយការបំពេញពាក្យសុំចុះបញ្ជីអាចធ្វើទៅ បានតាមរយៈការដាក់ឱ្យប្រើប្រាស់ថ្នាលបច្ចេកវិទ្យាព័ត៌មាន (Online)។

បន្ថែមលើនេះផងដែរ សេចក្តីព្រាងច្បាប់នេះក៏បានដាក់ចេញនូវការពង្រឹងយន្តការតាមដាន និងត្រួតពិនិត្យរបស់ក្រសួង-ស្ថាប័នជំនាញពាក់ព័ន្ធ តាមរយៈការចុះត្រួតពិនិត្យក្នុងពេលតែមួយនិងរួមគ្នា ព្រមទាំងកំណត់នូវរបបលើកទឹកចិត្តចំពោះគម្រោង គ.ល.គ. ទាំងផ្នែកពន្ធ និងមិនមែនពន្ធ ដើម្បីទាក់ទាញរំហូរវិនិយោគមកកាន់វិស័យដែលកម្ពុជា ត្រូវការជាចាំបាច់ក្នុងបរិបទនៃការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការបង្កើនភាពប្រកួតប្រជែង។

ដើម្បីផ្ដល់ភាពកក់ក្ដៅដល់វិនិយោគិន សេចក្ដីព្រាងច្បាប់នេះ បានដាក់បញ្ចូលនូវកាតព្វកិច្ចជាអន្តរជាតិមួយចំនួនរបស់កម្ពុជា ដើម្បីបង្ហាញដល់វិនិយោគិនទាំងអស់ នូវការប្ដេជ្ញារបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារវិនិយោគ និងផ្ដល់ការធានាដោយអនុលោមតាមច្បាប់អន្តរជាតិ នូវប្រព្រឹត្តកម្មដែលមិនរើសអើង ព្រមទាំងផ្ដល់សេវាថែទាំវិនិយោគផងដែរ៕

អត្ថបទដែលជាប់ទាក់ទង