ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកឃួង ស្រេង ប្រជុំតាមរយៈVideo Conference ពិនិត្យ ពិភាក្សាលើ សំណើរបស់សមាគម រោងចក្រ សហគ្រាស ដើម្បីរិះរកវិធានការទប់ស្កាត់ជម្ងឺកូវីដ-១៩

136

 

ភ្នំពេញ ៖ លោកឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នាល្ងាចថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១នេះ បានអញ្ជើញចូលរួមប្រជុំ តាមរយៈការបញ្ជូនរូបភាព និងសម្លេង ( Video Conference ) ដើម្បីពិនិត្យ និងពិភាក្សាលើ សំណើរបស់សមាគម រោងចក្រ សហគ្រាស វិស័យឯកជននានា ក្នុងគោលបំណង ទប់ស្កាត់អោយបាន នូវការរីករាលដាលជម្ងឺកូវីដ-១៩ ខណៈដែលជម្ងឺមិនមាន ការថមថយនៅឡើយ។

កិច្ចប្រជុំនេះធ្វើឡើង ក្រោមអធិបតីភាព លោកម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។

កិច្ចប្រជុំបានពិភាក្សាគ្នា លើសំណើរបស់សមាគម រោងចក្រកាត់ដេរកម្ពុជា (GMAC), សហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា (cAMFEBA), សមាគម ស្បែកជើងកម្ពុជា (CFA), និងសមាគមពាណិជ្ជកម្មជប៉ុននៅកម្ពុជា (JBAC)។

ជាមួយគ្នានោះ ក៏បានពិភាក្សាគ្នា អំពីការដាក់ឲ្យដំណើរការការ ព្យាបាលតាមផ្ទះ និងយន្តការឆ្លើយតប ចំពោះការងារនេះផងដែរ។

សំណើរបស់សមាគម រោងចក្រកាត់ដេរកម្ពុជា (GMAC),បានលើកឡើងថា វិស័យឯកជន បើបានចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ ចំនួន២ដូសហើយ គួរ កាត់បន្ថយពីការធ្វើចត្តាឡីស័ក ពី១៤ថ្ងៃ មកនៅ៧ថ្ងៃវិញ ហើយវិស័យឯកជន ពេលនេះក៏ឧបករណ៍សំរាប់ ធ្វើតេស្តរហ័សរកកូវីដ-១៩ ចំនួន៧០ម៉ឺនតេស្តហើយដែរ ដែលការចំណាយ ជាបន្ទុករបស់រោងចក្រឬក្រុមហ៊ុន ។ ពួកគាត់ជឿជាក់ថា ការចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ បានចំនួន២ដូសហើយ បើឆ្លងកូវីដ-១៩ ក៏វាមានលក្ខណៈស្រាលដែរ មិនធ្ងន់ធ្ងរពិបាកក្នុងការព្យាបាលនោះទេ ។

អង្គប្រជុំក៏បានលើកឡើងថា ការអនុវត្តនៃការទប់ស្កាត់ ការរីករាលដាលជម្ងឺកូវីដ-១៩នេះ ត្រូវតែប្រែលប្រួល មិនត្រូវអនុវត្តដូចពេល ដែលយើងមិនទាន់បាន ចាក់វ៉ាក់សាំងនោះទេ។ ជាក់ស្តែងនៅពេលនេះ ភ្នំពេញបានចាក់វ៉ាក់សាំង ដូសទី២បញ្ចប់ហើយ។ ដូច្នេះយើងគួរតែកែប្រែ ការអនុវត្តវិធានមួយចំនួន មិនគួរនៅរក្សាដដែលនោះទេ ៕

 

អត្ថបទដែលជាប់ទាក់ទង