ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រយៈពេលកន្លះឆ្នាំនេះ សមត្ថកិច្ចចាប់យកគ្រឿងញៀន សរុបជាង៨៥០គីឡូក្រាម និងឃាត់ខ្លួនជនសង្ស័យ ៧២៥៩នាក់

44

ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ តាមរយៈផេកហ្វេសប៊ុកផ្លូវ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២នេះថា ថ្ងៃនេះ ខ្ញុំសូមជម្រាបជូនបន្ថែមទៀត អំពីលទ្ធផលការងារ ត្រួតពិនិតគ្រឿងញៀន ដែលសម្រេចបានក្នុងរយៈពេល៦ខែ ឆ្នាំ២០២១ ក្នុងនោះរួមមានស្ថានភាពប្រឈម នៃកិច្ចប្រតិបត្តិការ លទ្ធផលនៃការបង្ក្រាបបទល្មើស ការងារព្យាបាល និងស្ដារនីតិសម្បទា និងការងារសំខាន់ៗមួយចំនួនទៀត នៅក្នុងបេសកកម្មប្រយុទ្ធប្រឆាំងគ្រឿងញៀនរបស់រាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ។

សម្តេចក្រឡាហោម បានថ្លែងថា នៅក្នុងរយៈពេល១ឆមាស ឆ្នាំ២០២១នេះ ប្រទេសកម្ពុជាយើង បានប្រឈមមុខនឹងគ្រោះថ្នាក់ធ្ងន់ធ្ងរ បណ្ដាលមកពីការឆ្លងរីករាលដាលជំងឺកូវីដ១៩ ។ ថ្វីដ្បិតតែបញ្ហានេះ មិនអាចរារាំងកិច្ចប្រតិបត្តិការ ប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅក្នុងប្រទេស ប៉ុន្តែវាក៏បង្កឱ្យមានផលវិបាកមួយចំនួន ដូចជាការធ្លាក់ចុះកិច្ចសហប្រតិបត្តិការ បង្ក្រាបក្នុងតំបន់ និងការធ្លាក់ចុះតម្លៃគ្រឿងញៀន ដែលធ្វើឱ្យក្រុមឧក្រិដ្ឋជន មានឱកាសបង្កើនការផលិត និងអំណោយផលទីផ្សារប្រើប្រាស់គ្រឿងញៀន ។

យ៉ាងណាក៏ដោយ សម្រាប់ព្រះរាជាណាចក្រកម្ពុជាយើង ក្នុងរយៈពេល៦ខែនេះ សមត្ថកិច្ចបានប្រតិបត្តិការបង្ក្រាប បទល្មើសគ្រឿងញៀន បានចំនួន ៣២៥៨ករណី ក្នុងនោះករណីជួញដូរ រក្សាទុក ២១២៩ករណី, ករណីប្រើប្រាស់១០៩៩ករណី, ដាំដុះ ២៨ករណី, សំយោគ កែច្នៃ ២ករណី និងឃាត់ខ្លួនជនសង្ស័យ ៧២៥៩នាក់ ក្នុងនោះជនសង្ស័យករណីជួញដូរ រក្សាទុក ៤១៤៩នាក់, ប្រើប្រាស់គ្រឿងញៀន ៣០៩៥នាក់, ដាំដុះ ៦នាក់ និង សំយោគ កែច្នៃ ៩នាក់ ព្រមទាំងចាប់ខ្លួនជនសង្ស័យតាមដីការ ២២១នាក់ ។

ផ្អែកតាមលទ្ធផលនៃកិច្ចប្រតិបត្តិការរយៈពេលកន្លះឆ្នាំមកនេះ សមត្ថកិច្ចបានចាប់យកគ្រឿងញៀន បានសរុបជាង៨៥០គីឡូក្រាម ក្នុងនោះរួមមាន មេតំហ្វេតាមីនក្រាមម្សៅ (ICE) ជាង១៩៣គីឡូក្រាម, មេតំហ្វេតាមីនគ្រាប់(WY) ៦៨៣,៧៨ក្រាម, អិចស្តាស៊ីជាង ១៥២គីឡូក្រាម, កេតាមីនជាង ៤៧៨គីឡូក្រាម, ហេរ៉ូអ៊ីនជាង ២៥គីឡូក្រាម, កាប់បំផ្លាញកញ្ឆាស្រស់ជាង៤ម៉ឺន៥ពាន់ដើម, សាធាតុគីមីផ្សំជាង១០គីឡូក្រាម ។
ជាមួយគ្នានេះ សមត្ថកិច្ចប្រមូលបាន និងបញ្ជូនទៅសាលាដំបូងរាជធានីខេត្តរួចរាល់នូវសម្ភារៈចាប់យកមួយចំនួន ដូចរថយន្ត ៦៣គ្រឿង, ម៉ូតូ ១០១២គ្រឿង, ទូរសព្ទ ៣២៥១គ្រឿង, ជញ្ជីង ១៦២គ្រឿង, អាវុធវែង ១២៦ដើម, អាវុធខ្លី១២ដើម, ប្រាក់រៀលជាង ១៧លានរៀល, ប្រាក់អាមេរិកជាង ២ពាន់ដុល្លារ, ប្រាក់ថៃជាង ១សែន២ម៉ឺនបាត និងប្រាក់វៀតណាមជាង២ម៉ឺនដុង ព្រមទាំងបានឃាត់ទុកទ្រព្យសម្បត្តិជាអចលនទ្រព្យ២កន្លែង ។

នៅក្នុងឆមាសទី១ឆ្នាំ២០២១នេះ មានអ្នកមកទទួលសេវាពិនិត្យព្យាបាល នៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ រាជធានីខេត្តចំនួន ៤៣៨២នាក់ ។ ចំណោមជនសង្ស័យប្រើប្រាស់គ្រឿងញៀន ដែលឃាត់ខ្លួន ៣០៩៥នាក់ សមត្ថកិច្ចបានបញ្ជូនទៅមណ្ឌល ១៩៣៥នាក់, អប់រំនិងបញ្ជូនទៅមូលដ្ឋានវិញ ៧១៥នាក់, និងចាត់វិធានការបញ្ជូនទៅពន្ធនាគារ៤៤៥នាក់ ។ ជាមួយគ្នានេះ ក៏មានអ្នកធ្វើសមាហរណកម្មចេញពីមណ្ឌល ៤៨៣៦នាក់ និងកំពុងបន្តធ្វើការបន្សាបព្យាបាល តាមមណ្ឌល ៤០៦៣នាក់ ។

សម្តេចស ខេង បានបញ្ជាក់យ៉ាងដូច្នេះថា ” ខ្ញុំធ្លាប់បញ្ជាក់ជូនហើយថាបញ្ហាកូវីដ១៩ ថ្វីដ្បិតថាពេលនេះ មានសភាពខ្លាំងក្លា ប៉ុន្តែវាទំនងជាអាច ដើរដល់ទីបញ្ចប់នៅថ្ងៃណាមួយ ប៉ុន្តែបញ្ហាគ្រឿងញៀននេះ វានឹងមិនងាយរកទីបញ្ចប់ឃើញឡើយ ។ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ជាប្រមុខ បានយកចិត្តទុកដាក់ចង្អុលបង្ហាញ លើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាពិសេសបានសម្រេច កែសម្រួលលក្ខណៈសម្បត្តិ នៃគោលនយោបាយ «ភូមិ ឃុំសង្កាត់ មានសុវត្ថិភាព» ជាកម្រិតគោលនយោបាយ ហើយបន្តដាក់បញ្ចូលបញ្ហាគ្រឿងញៀនជាកិច្ចការអាទិភាព “។

ជាថ្មីម្ដងទៀត សម្តេចក្រឡាហោម ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក៏សូមអំពាវនាវដល់កងកម្លាំងអនុវត្តច្បាប់ និងប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តន៍តាមទិសស្លោក ប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយការណ៍គឺ៖
– កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។
– កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឋជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។
– កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយម៉ឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។
– មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តល់ព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕

 

អត្ថបទដែលជាប់ទាក់ទង