ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ដេញកាប់បុរសម្នាក់ ដល់លើផ្ទះជាន់ទី២ របួសធ្ងន់

51

ភ្នំពេញ ÷ បុរសម្នាក់ត្រូវបានជនដៃដល់មួយ ក្រុមជាជនសង្ស័យមានគ្នា៣ទៅ៤នាក់ ប្រដាប់ដោយដាវ និងកាំបិត ដេញកាប់ទៅលើបុរសម្នាក់តាំងពីក្រោមដី រហូតរត់ឡើងលើផ្ទះប្រជាពលរដ្ឋជាន់ទី២ បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរស្ទើរស្លាប់ស្ទើររស់ ក្នុងថ្លុកឈាម។

ហេតុការណ៍ភ្ញាក់ផ្អើលនេះដែរ បានកើតឡើងកាលពីវេលាម៉ោង ២២ និង ២០នាទីយប់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវលេខ១៩ ទល់មុខនឹងវត្តសារវ័ន្តតេជោ ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ជនរងគ្រោះខាងលើនៅពុំទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ហើយក៏ពុំត្រូវបានអ្នកតំបន់នោះស្គាល់ដែរ គ្រាន់តែដឹងថា មានវ័យប្រមាណជាង៣០ឆ្នាំ ។ ចំណែកក្រុមជនសង្ស័យ ក៏ពុំត្រូវបានស្គាល់ដូចគ្នា ព្រោះក្រោយការបង្កហេតុ ពួកគេបានរត់គេចចេញ ពីកន្លែងកើតហេតុអស់តែម្តង ។

យោងតាមប្រភពព័ត៌មានពីពលរដ្ឋ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញ មនុស្សមួយក្រុមមានគ្នា ប្រមាណជា៣ ទៅ៤នាក់ ប្រដាប់ដោយដាវ និងកាំបិត បានរត់ដោយថ្មើរជើង ដេញកាប់យុវជនម្នាក់ តាមផ្លូវលេខ១៩ រហូតដល់ចំណុចមុខវត្តសារវ័ន្តតេជោ ជនរងគ្រោះបានរត់ឡើងទៅលើផ្ទះពលរដ្ឋមួយកន្លែង នៅទល់មុខវត្ត ដើម្បីគេចខ្លួនពីការតាមកាប់ ប៉ុន្តែក្រុមជនសង្ស័យបានរត់ឡើងទៅតាមដល់ជាន់ទី២ ហើយធ្វើសកម្មភាពកាប់ប្រហារ យ៉ាងសន្ធាប់ទៅលើជនរងគ្រោះ បណ្តាលឲ្យជនរងគ្រោះត្រូវរងធ្ងន់ធ្ងរស្ទើរសុះសាច់ ដេកសន្លប់ក្នុងថ្លុកឈាមគួរសង្វែក ។ ភ្លាមៗ បន្ទាប់ពីធ្វើសកម្មភាព កាប់ប្រហាររួចមក ក្រុមជនសង្ស័យ បានរត់គេចចេញពីកន្លែងកើតហេតុ បាត់ស្រមោលសូន្យតែម្តង ។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋាន បានចុះអន្តរាគមន៍ដល់ទីតាំងខាងលើ នឹងបានទំនាក់ទំនង ទៅកាន់រថយន្តសាម៉ុយ ដើម្បីទៅដឹកជនរងគ្រោះ យកទៅធ្វើការសង្គ្រោះ ។ ចំណែកឯក្រុមជនសង្ស័យ ដែលធ្វើសកម្មភាពកាប់ប្រហារនោះ សមត្ថកិច្ចកំពុងស្រាវជ្រាវ តាមជំនាញក្នុងការតាមចាប់ខ្លួន យកមកផ្តន្ទាទោស ទៅតាមផ្លូវច្បាប់នៅពេលក្រោយ ។

អត្ថបទដែលជាប់ទាក់ទង