ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចពិជ័យសេនា ទៀ បាញ់ បន្តដឹកនាំ កិច្ចប្រជុំពិភាក្សា អំពីវឌ្ឍនភាពការងារអនុវត្តគម្រោងសាងសង់ផ្លូវ ៣៨ខ្សែ ក្នុងក្រុងសៀមរាប

241

ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីសិក្សានិងអនុវត្តគម្រោងស្ថាបនា សហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែ នៅក្រុងសៀមរាប នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១នេះ បានបន្តដឹកនាំកិច្ចប្រជុំដើម្បីពិភាក្សាអំពីវឌ្ឍនភាពការងារអនុវត្តគម្រោង ស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែក្នុងក្រុងសៀមរាប ខេត្តសៀមរាម ក៏ដូចជាដើម្បីពិភាក្សាបញ្ហាប្រឈម ដំណោះស្រាយ និងសំណូមពររបស់អង្គភាព អនុវត្តគម្រោង និងភាគីពាក់ព័ន្ធទាំងអស់ដែលបានជួបប្រទះក្នុងការបំពេញការងាររបស់ខ្លួនកន្លងមក តាមប្រព័ន្ធវីដេអូពីចម្ងាយ។

កិច្ចប្រជុំនេះក៏មានការចូលរួមពីលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានប្រចាំការនៃគម្រោងស្ថាបនាហេដ្ឋារចនា សម្ព័ន្ធផ្លូវ ៣៨ខ្សែនៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប, លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាអនុប្រធាន គណៈកម្មការអន្តរក្រសួង, លោកទេសរដ្ឋមន្ត្រី លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម, លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍, លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍, លោក កែវ រតនៈ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គនាយកអគ្គិសនីកម្ពុជា តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសមាជិក សមាជិកាគណៈកម្មការអន្តរក្រសួង ព្រមទាំងមន្រ្តីតំណាងអង្គភាពពាក់ព័ន្ធផងដែរ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជម្រាបជូនសម្តេចពិជ័យសេនា ទៀ បាញ់ និងអង្គប្រជុំទាំងមូលថា វឌ្ឍនភាពការងារជារួមនៃគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ ផ្លូវចំនួន ៣៨ខ្សែ នៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប គិតត្រឹមថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ សម្រេចបាន៦៦.៣៤%ហើយ ដោយប្រើប្រាស់រយៈពេល សាងសង់ចំនួន៧ខែ គិតចាប់ពី ថ្ងៃទី៣០ ខែវិច្ឆកា ឆ្នាំ២០២០។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ ក្រសួង-ស្ថាប័ន ពាក់ព័ន្ធ និងប្រជាពលរដ្ឋដែលបានចូលរួមសហការល្អជាមួយស្ថាប័នអនុវត្ត គម្រោង និងថ្លែងអំណរគុណ និងកោតសរសើរដល់អង្គភាពអនុវត្តគម្រោងទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញការងាររបស់ខ្លួនតាមការគ្រោងទុកទោះបីជួបឧបសគ្គ ជំងឺរាតត្បាតកូវីដ-១៩ និងថ្លែងអំណរគុណជាពិសេសដល់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្តុ ដែលបានបើកផ្ដល់ថវិកាហិរញ្ញប្បទានដល់អង្គភាពអនុវត្តគម្រោងផងដែរ។

សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់គណៈកម្មការអន្តរក្រសួង ក្រុមការងារបច្ចេកទេស និងអង្គភាពអនុវត្តគម្រោងដែលបាន ខិតខំប្រឹង ប្រែងយកចិត្តទុកដាក់អនុវត្តគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប និងបានថ្លែងអំណរគុណចំពោះរដ្ឋបាលខេត្ត ប្រជាពលរដ្ឋ និងវិស័យឯកជននានាដែលបានចូលរួមគាំទ្រគម្រោងនេះ រហូតសម្រេចបានលទ្ធផលតាមផែនការស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានថ្លែងក្នុងពិធីបើកការដ្ឋានកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅនេះ។

នៅពេលបញ្ចប់គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែនេះ ប្រជាពលរដ្ឋនៅខេត្តសៀមរាបនឹងទទួលបាននូវអត្ថប្រយោជន៍ពីការអភិវឌ្ឍនេះយ៉ាងពិតប្រាកដ ដោយហេតុថាគម្រោងនេះនឹងតភ្ជាប់ពីទីប្រជុំជនទៅកាន់តំបន់ជាយក្រុង តំបន់ទេសចរណ៍វប្បធម៌សំខាន់ៗ និងបណ្តាញខ្សែផ្លូវជាតិនានាប្រកបដោយភាពប្រទាក់ក្រឡាគ្នា ទាក់ទាញភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ និងវិនិយោគិនបង្កើតការងារធ្វើជូនប្រជាពលរដ្ឋសំដៅលើកកម្ពស់សេដ្ឋកិច្ចឱ្យមានការរីកចម្រើន។

សូមជម្រាបថា គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងក្រុងសៀមរាប ខេត្តសៀមរាបចំនួន៣៨ខ្សែនេះ មានប្រវែងសរុបជាង ១០៨.៧គីឡូម៉ែត្រ ប្រើប្រាស់ថវិកាជាតិសរុប ប្រមាណជាង ១៤៩លានដុល្លារអាមេរិក ដោយក្នុងនោះចំនួន៩លានដុល្លារអាមេរិក ចំណាយលើការងារចាំបាច់ក្នុងការរៀបចំស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ ឋិតក្រៅគម្រោងសាងសង់ខ្សែផ្លូវទាំង៣៨នេះ ចំណាយពេលសាងសង់ចំនួន១៣ខែ គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២១ ត្រូវបានសម្ពោធបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

គម្រោងនេះអនុវត្តដោយអង្គភាពសាងសង់ចំនួន០៨ រួមមាន៖ កងវិស្វកម្មលេខ១៧៨ស្ពាន-ថ្នល់ នៃនាយកដ្ឋានវិស្វកម្ម, កងវិស្វកម្មសម្តេចតេជោខេត្តសៀមរាប, កងវិស្វកម្មតេជោ ហ៊ុន សែន សៀមរាប, អគ្គនាយកដ្ឋាន សាធារណការ, អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់, នាយកដ្ឋានគ្រឿងចក្រនិងស្ថាបនាផ្លូវ, នាយកដ្ឋាន ជួសជុល និងថែទាំផ្លូវថ្នល់ និងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមការងារអន្តរក្រសួងចំនួន៩ក្រុម ដើម្បីធានាបាន នូវគុណភាពជាប់រឹងមាំ ប្រើប្រាស់បានយូរអង្វែងតាមអាយុកាលមាន និងសម្រេចការងារឱ្យបានទាន់ពេលវេលា។

ការសាងសង់ត្រូវបានបែងចែកជា៤ប្រភេទរួមមាន៖ ផ្លូវជួសជុលដោយអ៊ុតបេតុងកៅស៊ូ(AC) បន្ថែមពីលើកម្រាស់៥សង់ទីម៉ែត្រ ប្រវែងសរុប៣៥.៨៧៦គីឡូម៉ែត្រ, ផ្លូវស្ថាបនាដោយក្រាលបេតុងសរសៃដែកកម្រាស់ ២០សង់ទីម៉ែត្រ រួចអ៊ុតក្រាលបេតុងកៅស៊ូ(AC) ពីលើកម្រាស់ ៥ ទៅ ៧សង់ទីម៉ែត្រ ប្រវែងសរុប ៩,៣៨៩ម៉ែត្រ, ផ្លូវជួសជុលដោយក្រាលថ្មម៉ិច រួចអ៊ុតបេតុងកៅស៊ូ(AC) ពីលើកម្រាស់ ៥ ទៅ៧ សង់ទីម៉ែត្រ ប្រវែងសរុប ១០.៨គីឡូម៉ែត្រ, ផ្លូវស្ថាបនាដោយក្រាលបេតុងសរសៃដែក កម្រាស់ ២០ ទៅ ២៥សង់ទីម៉ែត្រ ប្រវែងសរុប ៥២.៥គីឡូម៉ែត្រ៕

អត្ថបទដែលជាប់ទាក់ទង