ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ចីអនឡាញខុសច្បាប់ (Loan Shark / Scam) កំពុងកើតមាន និងផ្តល់ហានិភ័យ

66

 

ភ្នំពេញ ៖ នាយកដ្ឋានព័ត៌មានវិទ្យានៃក្រសួងមហាផ្ទៃ បានឲ្យដឹងថា កន្លងមកមានបងប្អូន ប្រជាពលរដ្ឋមួយចំនួន បានសាកសួរអំពី ទំព័រហ្វេសប៊ុកផេក ផ្តល់ប្រាក់កម្ចីអនឡាញខុសច្បាប់មួយចំនួន ដែលផ្តល់ប្រាក់កម្ចីងាយស្រួល ឆាប់រហ័ស ដោយគ្រាន់តែផ្តល់នូវព័ត៌មានបុគ្គល តួរយ៉ាងថតរូបភាពអត្តសញ្ញាណប័ណ្ណ ឬ/និងផ្តល់លេខទូរស័ព្ទ។ល។

ក្រុមការងារនៃនាយកដ្ឋានព័ត៌មានវិទ្យា បានធ្វើការចែករំលែកនូវហានិភ័យមួយចំនួន ដែលអ្នកអាចនឹងទទួលរងគ្រោះ ពីកម្ចីអនឡាញខុសច្បាប់នេះ ដូចខាងក្រោម៖
-កម្ចីខុសច្បាប់មួយចំនួននឹងផ្តល់បន្ទុកហិរញ្ញវត្ថុធ្ងន់ធ្ងរ ដោយសារការប្រាក់ដ៏ច្រើនលើសលប់ និងអាចធ្វើឲ្យអ្នកធ្លាក់ក្នុងបញ្ហាជំងឺផ្លូវចិត្ត
-ជនខិលខូចអាចនឹងប្រើប្រាស់ព័ត៌មានអត្តសញ្ញាណប័ណ្ណ ដើម្បីធ្វើការលួចចូលគណនីអ៊ីនធឺណិតរបស់អ្នក (តាមរយៈស្នើសុំផ្លាស់ប្តូរលេខសម្ងាត់)
– ជនខិលខូចអាចប្រើប្រាស់លេខទូរស័ព្ទក្នុងការផ្លាស់ប្តូរលេខសម្ងាត់ និងបញ្ឆោតអ្នកដើម្បីទទួលបានលេខកូដ (PIN) និងធ្វើការគ្រប់គ្រងគណនីអ៊ីនធឺណិតរបស់អ្នក។
– ជនខិលខូចអាចនឹងបង្ហោះព័ត៌មានរបស់អ្នកជាសាធារណៈ ក្នុងគោលបំណងបង្ខូចកិត្តិយស។

ក្រុមការងារនាយកដ្ឋានព័ត៌មានវិទ្យា សូមធ្វើការក្រើនរំលឹកបងប្អូនពលរដ្ឋ មេត្តាប្រុងប្រយ័ត្នអំពីព័ត៌មានបុគ្គល តួរយ៉ាង អត្តសញ្ញាណប័ណ្ណ កាតធនាគារ លេខទូរស័ព្ទ អាសយដ្ឋានស្នាក់នៅជាដើម។ ដូច្នេះសូមបងប្អូន សាធារណៈជនទាំងអស់ មេត្តាប្រុងប្រយ័ត្ន!៕

អត្ថបទដែលជាប់ទាក់ទង