ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមអភិរក្សសត្វក្រៀល អំពាវនាវ ឲ្យពលរដ្ឋផ្ដល់ព័ត៏មាន អំពីការបរបាញ់ពីព្រានខណៈចំនួនសត្វនេះកំពុងធ្លាក់ចុះគួរឱ្យព្រួយបារម្ភយ៉ាងខ្លាំង

42

ភ្នំពេញ៖ ក្រសួងបរិស្ថាន បាននិងកំពុងសហការជាមួយអង្គការដៃគូ ក្នុងការអភិរក្សសត្វក្រៀល និងទីជម្រករបស់ពួកវា តាមរយៈការបង្កើនល្បាត នៅតំបន់ការពារធម្មជាតិដែលជាជម្រករបស់សត្វក្រៀល និងកំពុងធ្វើការសិក្សាពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ការគ្រប់គ្រងនិង ដាក់តំបន់ដីសើមសំខាន់ៗជាតំបន់ការពារធម្មជាតិ និងធ្វើជំរឿនសត្វក្រៀល ជារៀងរាល់ឆ្នាំ ដើម្បីប្រមូល និងរក្សាទុកទិន្នន័យជាក់លាក់ នៃវត្តមានរបស់ពួកវានៅប្រទេសកម្ពុជា។
បើតាមការបញ្ជាក់របស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានឲ្យដឹងនៅថ្ងៃទី ២០ កក្កដា ឆ្នាំ២០២១នេះថា៖ សត្វក្រៀល ដែលជា សត្វស្លាបមានកម្ពស់ខ្ពស់ជាងគេនៅលើពិភពលោក មាននិន្នាការធ្លាក់ចុះខ្លាំង។ ការជំរឿនសត្វក្រៀលនៅចុងឆ្នាំ២០១៩ និងដើមឆ្នាំ២០២០ គឺមានប្រមាណ១៩៤ក្បាល ដែលត្រូវបានកត់ត្រា នៅប្រមាណ១០ទីតាំងខុសៗគ្នានៅក្នុងប្រទេសកម្ពុជា។ ចំនួនសត្វក្រៀល បានធ្លាក់ចុះយ៉ាង ច្រើននាប៉ុន្មានឆ្នាំ កន្លងមកនេះ ដោយសារតែអត្រាស្លាប់កម្រិតខ្ពស់ និងអត្រាបង្កកំណើតមានកម្រិតទាបនៅឡើយ។ ការធ្លាក់ចុះចំនួនសត្វក្រៀលនៅទូទាំងពិភពលោកនេះ គឺបណ្ដាលមកពីកត្តាគំរាមកំហែងផ្សេងៗដែលបង្កឡើងដោយមនុស្ស និងធម្មជាតិ ដូចជាការបាត់បង់តំបន់ដីសើមដែលជាទីជម្រកដ៏សំខាន់របស់សត្វក្រៀល ការរំខាននៅតំបន់ពងកូនដែលនាំឱ្យអាត្រាបង្កកំណើតទាប ការបំពុលដោយថ្នាំពុលកសិកម្ម ការថយចុះនូវវត្តមានចំណី អាហារ ការកែប្រែប្រព័ន្ធជលសាស្ត្រ ជំងឺឆ្លង ការយកស៊ុតឬកូនសត្វក្រៀល ពីសំបុកដើម្បីចញ្ចឹម ឬជួញដូរ ការសម្លាប់ដោយសត្វឆ្កែខាំ និងការប្រែប្រួលអាកាសធាតុជាដើម ។
ទាក់ទងនឹងលក្ខណៈជីវសាស្ត្រនៃសត្វក្រៀល លោក ស្រី ស៊ុនលាង អគ្គនាយករងនៃអគ្គនាយកដ្ឋាន រដ្ឋបាលការពារនិងអភិរក្សធម្មជាតិ បានថ្លែងថា នារដូវប្រាំង ចាប់ពីខែធ្នូ ដល់ខែមេសា ដែលជារដូវមិនបន្តពូជនិងត្រូវខិតខំស្វែងរកចំណី គឺសត្វក្រៀលបានហើរផ្លាស់ទីពីតំបន់ ដែលពួកវាពងកូន ទៅរកចំណី និងដេកជាហ្វូងៗ នៅតាមតំបន់ដីសើម ដែលមានទឹករាក់ៗ និងសម្បូរដោយចំណី។ សត្វក្រៀលមានកម្ពស់ប្រហែល១,៧៦ ម៉ែត្រ មានទម្ងន់៥ទៅ១២ គីឡូក្រាម និងប្រវែងស្លាបទាំងសងខាង២,៥ម៉ែត្រ ត្រូវបានចាត់ជា ប្រភេទសត្វងាយរងគ្រោះ នៅក្នុងបញ្ជីក្រហម IUCN។
សូមបញ្ជាក់ថា៖ ចំនួនសត្វក្រៀលនៅលើពិ ភពលោកនាពេលបច្ចុប្បន្ន មានចំនួនចន្លោះពី១ម៉ឺន៣ពាន់ ទៅ១ម៉ឺន៥ពាន់ក្បាល ដែលកំពុងរស់នៅក្នុងប្រទេសឥណ្ឌា ប្រទេសអូស្ត្រាលី ប្រទេសវៀតណាម ប្រទេសឡាវ និងប្រទេសកម្ពុជា ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង