ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឆមាសទី១ឆ្នាំនេះ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធបានជាង ១៥១៥លានដុល្លារ

45

 

ភ្នំពេញ ៖ បើតាមសេចក្តីប្រកាសព័ត៌មាន នៃកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែមិថុនា និងប្រចាំឆមាសទី១ ឆ្នាំ២០២១ របស់អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ថា ក្នុងឆមាសទី១ ឆ្នាំ២០២១ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលចំនួន ១ ៥១៥.៩០លានដុល្លារ ថយចុះ១០.៦០% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២០។

កិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែមិថុនា និងប្រចាំឆមាសទី១ ឆ្នាំ២០២១ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្ត ដែលរៀបចំតាមប្រព័ន្ធអនឡាញ លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ។

លោក គង់ វិបុល បានបញ្ជាក់ឲ្យដឹងថា ក្នុងឆមាសទី១ ឆ្នាំ២០២១ ចំណូលពន្ធ-អាករ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន (តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ របស់អគ្គនាយកដ្ឋានពន្ធដារ) មានចំនួន ៦ ១៣៩.៤១ ប៊ីលានរៀល (ប្រមាណជា ១ ៥១៥.៩០ លានដុល្លារអាមេរិក) ស្មើនឹង ៦៧.៥៨% នៃផែនការច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២១ ធៀបនឹងចំណូលពន្ធ-អាករក្នុងរយៈពេលដូចគ្នា ឆ្នាំ២០២០ ឃើញថាថយចុះចំនួន ៧២៧.៩៨ ប៊ីលានរៀល (ប្រមាណជា ១៧៩.៧៥ លានដុល្លារអាមេរិក) ស្មើនឹង-១០,៦០%។

លោកបានញ្ជាក់ថា បើគិតត្រឹមថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១នេះ អគ្គនាយកដ្ឋានពន្ធដារ បានប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទ (តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញរបស់អគ្គនាយកដ្ឋានពន្ធដារ) មានចំនួន ៦ ៤៤១.០៥ប៊ីលានរៀល (ប្រមាណជា ១ ៥៩០.៣៨ លានដុល្លារអាមេរិក) ដែលក្នុងនោះរយៈពេល២០ថ្ងៃនៃខែកក្កដា ឆ្នាំ២០២១ បានប្រមូលចំណូលសរុបចំនួន ៣០១.០១ប៊ីលានរៀល (ប្រមាណជា ៧៤.៣២លានដុល្លារអាមេរិក)។

រដ្ឋមន្ត្រីប្រតិភូបានបញ្ជាក់ថា ការអូសបន្លាយនៃការរាតត្បាតនៃជំងឺកូវីដ១៩ ក្នុងឆ្នាំ២០២០ និងការផ្ទុះឡើងនៃព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ បានជះឥទ្ធិពលជាអវិជ្ជមាន មកលើការគ្រប់គ្រងប្រមូលចំណូលពន្ធ-អាករយ៉ាងខ្លាំង ក៏ប៉ុន្តែការដាក់ចេញនូវវិធានការ និងការអនុវត្តតាមប្រព័ន្ធអនឡាញ និងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដែលអគ្គនាយកដ្ឋានពន្ធដារ បានបង្កើតជាបន្តបន្ទាប់ គឺជាការអនុវត្តប្រកបដោយបុរេសកម្ម និងបានឆ្លើយតបទៅនឹងបញ្ហាប្រឈម ព្រមទាំងការលំបាកនានា ក្នុងបរិបទនៃការរីករាតត្បាតនៃជំងឺកូវីដ-១៩នេះ ដែលបានឆ្លុះបញ្ចាំងតាមរយៈលទ្ធផល ប្រមូលចំណូលក្នុងឆមាសទី១ ឆ្នាំ២០២១ សម្រេចបានរហូតដល់ ៦៧.៥៨% នៃផែនការច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២១៕

អត្ថបទដែលជាប់ទាក់ទង