ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នៅឆមាសទី១ ឆ្នាំនេះ សេដ្ឋកិច្ចកម្ពុជា បន្តទទួលរងឥទ្ធិពល ពីការរីករាលដាល នៃជំងឺកូវីដ-១៩ ទាំងក្នុងស្រុកនិងតំបន់ ដែលធ្វើឱ្យប៉ះពាល់ដល់វិស័យចម្បងៗ

66

 

ភ្នំពេញ ៖ ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានថ្លែងថា នៅឆមាសទី១ ឆ្នាំ២០២១ នេះ សេដ្ឋកិច្ចកម្ពុជាបន្តទទួលរងឥទ្ធិពលពីការរីករាលដាលនៃ ជំងឺកូវីដ-១៩ ទាំងក្នុងស្រុកនិងតំបន់ ដែលធ្វើឱ្យប៉ះពាល់ដល់វិស័យចម្បងៗដូចជា វិស័យទេសចរណ៍ កម្មន្តសាល និងសំណង់ លើកលែងវិស័យកសិកម្ម ដែលបន្តមានវឌ្ឍនភាពល្អ។

សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២១នេះ ត្រូវបានបញ្ចប់ដោយពិលាស ដោយមានការផ្តល់បទអន្តរាគមន៍របស់ថ្នាក់ដឹកនាំធនាគារជាតិនៃកម្ពុជា។ ជាទីបញ្ចប់ ឯកឧត្តម ទេសាភិបាល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំ និងមន្រ្តី-បុគ្គលិកធនាគារជាតិនៃកម្ពុជាទាំងអស់ ដែលបានខិតខំរួមចំណែក អភិវឌ្ឍប្រព័ន្ធធនាគារកម្ពុជាឱ្យមានភាពរឹងមាំ និងលើកទឹកចិត្តឱ្យមន្ត្រី-បុគ្គលិកគ្រប់ជាន់ថ្នាក់ បន្តប្រឹងប្រែងអភិវឌ្ឍសមិទ្ធផលថ្មីៗបន្ថែមទៀត នៅក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុ ដើម្បីជាប្រយោជន៍ ដល់សង្គម-សេដ្ឋកិច្ចជាតិទាំងមូល។

ឯកឧត្តម ទេសាភិបាល បានថ្លែងថា នៅឆមាសទី១ ឆ្នាំ២០២១ នេះ សេដ្ឋកិច្ចកម្ពុជាបន្តទទួលរងឥទ្ធិពលពីការរីករាលដាលនៃ ជំងឺកូវីដ-១៩ ទាំងក្នុងស្រុកនិងតំបន់ ដែលធ្វើឱ្យប៉ះពាល់ដល់វិស័យចម្បងៗដូចជា វិស័យទេសចរណ៍ កម្មន្តសាល និងសំណង់ លើកលែងវិស័យកសិកម្មដែលបន្តមានវឌ្ឍនភាពល្អ។ ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលបានដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការគ្រប់គ្រងការរីករាលដាល នៃជំងឺកូវីដ-១៩ ជាមួយនឹងការបង្កើនការចាក់វាក់សាំងយ៉ាងទូលំទូលាយនិងឆាប់រហ័ស។ រាជរដ្ឋាភិបាល ក៏បានដាក់ចេញនូវវិធានការជាកញ្ចប់ តាមដំណាក់កាលជាបន្តបន្ទាប់ ដើម្បីទ្រទ្រង់និងស្ដារសកម្មភាព សេដ្ឋកិច្ច និងជួយដល់ប្រជាជនក្រីក្រ ប្រកបដោយប្រសិទ្ធភាពផងដែរ។

ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលនេះ ធនាគារជាតិនៃកម្ពុជាបានរួមចំណែក រក្សាស្ថិរភាពថ្លៃនិងជំនឿទុកចិត្តមកលើសេដ្ឋកិច្ច ព្រមទាំងអនុវត្តនយោបាយរូបិយវត្ថុវិត្ថារកម្ម ដោយថ្លឹងថ្លែងយ៉ាងប្រុងប្រយ័ត្ន ដើម្បីគាំទ្រសកម្មភាពសេដ្ឋកិច្ច។ ជាក់ស្ដែង អត្រាប្តូរប្រាក់បន្តមាន ស្ថិរភាពក្នុងរង្វង់ ៤,០៨៥រៀលក្នុងមួយដុល្លារអាមេរិក និងបានរួមចំណែកយ៉ាងសំខាន់ដល់ការរក្សា អតិផរណាមានកម្រិតទាបអាចគ្រប់គ្រងបាន ២,៥%។ ទន្ទឹមនេះ ទុនបម្រុងអន្តរជាតិបន្តស្ថិតក្នុងកម្រិត ខ្ពស់ ២០,៨ ប៊ីលានដុល្លារអាមេរិក ដែលអាចធានាការនាំចូលទំនិញ និងសេវាសម្រាប់គ្រាបន្ទាប់បាន ប្រមាណជាង ១០ខែ និងបានពង្រឹងជំនឿទុកចិត្តរបស់សាធារណជនមកលើប្រាក់រៀលផងដែរ។

ចំពោះប្រព័ន្ធធនាគារ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុបន្តមានភាពធន់ និងបានផ្តល់សេវាហិរញ្ញវត្ថុ ប្រកបដោយនិរន្តរភាព។ ទ្រព្យសកម្មប្រព័ន្ធធនាគារបានកើនឡើង ១៨%, ឥណទានអតិថិជនមាន កំណើន ២៣,៤%, និងប្រាក់បញ្ញើអតិថិជនកើន ២០,៧%។ ស្ថានភាពដើមទុនក៏មានភាពរឹងមាំ ដោយអនុបាតសាធនភាពមានកម្រិត ២៤,៤% សម្រាប់វិស័យធនាគារ និង ២២,៧% សម្រាប់វិស័យ។ មីក្រូហិរញ្ញវត្ថុ, សន្ទនីយភាពមានកម្រិតខ្ពស់ ១៥៩,៨% សម្រាប់គ្រឹះស្ថានធនាគារ និង ១៧២,៦%សម្រាប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ។ ទន្ទឹមនេះ អនុបាតឥណទានមិនដំណើរការមាន កម្រិតទាប ២,៤% សម្រាប់វិស័យធនាគារ និង ២% សម្រាប់វិស័យមីក្រូហិរញ្ញវត្ថុ ស្របពេលដែល គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ក៏ត្រូវបានអនុញ្ញាតឱ្យរៀបចំឥណទានឡើងវិញ ដើម្បីសម្រាលបន្ទុក ប្រជាពលរដ្ឋដែលរងផលប៉ះពាល់។ លើសពីនេះ ដើម្បីសម្រាលបន្ទុកប្រជាពលរដ្ឋដែលរងផលប៉ះពាល់ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ បានរៀបចំឥណទានឡើងវិញចំនួន ៣៦៧.២៣៩ គណនី ស្មើនឹង ២២,២ ទ្រីលានរៀល (៥,៥ ប៊ីលានដុល្លារអាមេរិក)។ ស្របតាមការរីកចម្រើននៃបច្ចេកវិទ្យា ធនាគារជាតិ នៃកម្ពុជាបានពង្រឹងការអភិវឌ្ឍប្រព័ន្ធទូទាត់ដែលផ្អែក លើបច្ចេកវិទ្យាហិរញ្ញវត្ថុថ្មីៗ ដូចជាការទូទាត់ ដោយប្រើ QR កូត ការផ្ទេរប្រាក់និងការទូទាត់តាមទូរស័ព្ទដៃ ជាដើម ដែលក្នុងនោះប្រព័ន្ធបាគង ដែលប្រើប្រាស់បច្ចេកវិទ្យាប្លុកឆេន ត្រូវបានដាក់ឱ្យប្រើប្រាស់ និងជាប្រព័ន្ធទូទាត់កន្លែងសម្រាប់ការទូទាត់ ឆ្លងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ក៏ដូចជាការទូទាត់នានា។ ប្រព័ន្ធទូទាត់ទាំងអស់នេះបានចូលរួម យ៉ាងសកម្មក្នុងការគាំទ្រសកម្មភាពអាជីវកម្ម ពាណិជ្ជកម្ម និងការវិនិយោគ។

ដើម្បីបន្តគាំទ្រដល់ការរក្សាលំនឹងសេដ្ឋកិច្ច-សង្គម និងការស្តារឡើងវិញនៃសេដ្ឋកិច្ច ធនាគារជាតិនៃកម្ពុជានឹង បន្តអនុវត្តវិធានការគាំទ្រកំណើន និងរួមចំណែករក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុឱ្យបានរឹងមាំស្របតាមការដាក់ចេញ គោលនយោបាយរបស់រាជរដ្ឋាភិបាល។ សន្និបាតបានប្រព្រឹត្តិទៅដោយពិលាស។ ជាទីបញ្ចប់ ឯកឧត្តម ទេសាភិបាល ស្នើឱ្យមន្ត្រី-បុគ្គលិក នៅតាមនាយកដ្ឋាននិងអង្គភាព ប្រកាន់ខ្ជាប់នូវគោលការណ៍ រក្សាគម្លាតសង្គមនិងអនាម័យ ដើម្បីរួមចំណែកបង្ការការឆ្លងជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល។

សូមបញ្ជាក់ថា នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែកក្កដា ឆ្នាំ២០២១ ធនាគារជាតិនៃកម្ពុជាបានរៀបចំសន្និបាត បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២១ តាមរយៈប្រព័ន្ធអនឡាញ ក្រោមអធិបតីភាពរបស់ ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា។ សន្និបាតប្រចាំឆមាសនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងអបអរសាទរ និងផ្សព្វផ្សាយអំពីលទ្ធផលដែល ធនាគារជាតិនៃកម្ពុជាទទួល បាននៅឆមាសទី១កន្លងទៅ ព្រមទាំងទស្សនវិស័យ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២១នេះ។

សន្និបាតបានប្រព្រឹត្តទៅតាមប្រព័ន្ធអនឡាញ ដើម្បីរួមចំណែកបង្ការការឆ្លងជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល៕

អត្ថបទដែលជាប់ទាក់ទង