ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អណ្តើកហ្លួង មួយចំនួនតូចជិតផុតពូជ នៅសេសសល់ តាមដងព្រែកស្រែអំបិល

65

 

ខេត្តកោះកុង ៖ កាលពីសប្តាហ៍កន្លងទៅ មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ សហការជាមួយអង្គការ WCS និងដោយមានការអនុញ្ញាតិនិងគាំទ្រពីរដ្ឋបាលជលផល បានបញ្ជូនអណ្តើកហ្លួង (ឬអណ្តើកសរសៃ) ជំទង់ឈ្មោលចំនួន៨ក្បាល ទៅកាន់មជ្ឈមណ្ឌលអភិរក្សសត្វល្មូន ខេត្តកោះកុង របស់អង្គការWCS ក្រោយពីអណ្តើកហ្លួងទាំងនោះ បានទទួលការចិញ្ចឹមថែទាំអស់រយៈពេលជិត ៦ឆ្នាំ។

អណ្តើកហ្លួងឈ្មោលទាំង ៨ក្បាលនោះ ស្ថិតក្នុងចំណោមអណ្តើកហ្លួង២៥ក្បាល ដែលក្រុមការពារសម្បុកអណ្តើកនៃអង្គការ WCS បានប្រមូលយកពីឆ្នេរខ្សាច់ តាមប្រព័ន្ធព្រែកស្រែអំបិល ក្រោយពេលញាស់ និងបានបញ្ជូនទៅកាន់មណ្ឌលថែទាំអណ្តើកហ្លួង របស់អង្គការ WCS មួយរយៈពេលខ្លី បន្ទាប់មកក៏បានបញ្ជូនទៅ កាន់មជ្ឈមណ្ឌលអង្គរ សម្រាប់ការអភិរក្សជីវៈចម្រុះ ដើម្បីចិញ្ចឹមថែទាំបន្ត ក្នុងគោលបំណងការពារ និងអភិរក្សប្រភេទអណ្តើកនេះកុំឱ្យផុតពូជ។

ក្រុមការងារមជ្ឈមណ្ឌលអង្គរ សម្រាប់ការអភិរក្សជីវៈចម្រុះ បានធ្វើការតាមដាន និងពិនិត្យសុខភាពសត្វ ប្រចាំឆមាស ដើម្បីពិនិត្យតាមដានភាពចម្រើន វ័យរបស់អណ្តើកទាំងនេះ កាលពីដើមសប្តាហ៍កន្លងទៅ។
ឥឡូវនេះ អណ្តើកទាំងនេះ ឈានដល់វ័យអាចបង្កកំណើត បានហើយ។ ចំនួនអណ្តើកហ្លួងសរុបនៅក្នុងមជ្ឈមណ្ឌលអង្គរ សម្រាប់ការអភិរក្សជីវៈចម្រុះមាន ២៦ក្បាល ក្នុងនោះមានឈ្មោលចំនួន ១៩ក្បាល។ ដើម្បីឱ្យចំនួនអណ្តើកញី និងឈ្មោលសមមាត្រគ្នា សម្រាប់ការបន្តពូជ ក្រុមការងារបានសម្រេច ដកអណ្តើកហ្លួងឈ្មោលចំនួន ៨ក្បាលចេញ និងបញ្ជូនទៅកាន់មជ្ឈមណ្ឌល អភិរក្សសត្វល្មូនខេត្តកោះកុង ដើម្បីបន្តពូជនៅទីនោះ និងគ្រោងលែងវាចូលទៅ ក្នុងប្រព័ន្ធព្រែកស្រែអំបិលវិញ នៅចុងឆ្នាំនេះ។

អណ្តើកហ្លួងត្រូវចាត់ថ្នាក់ ក្នុងចំណោមអណ្តើកទឹកសាប និងអណ្តើកគោកចំនួន ២៥ប្រភេទ ដែលទទួលរងការគំរាមកំហែង ជិតផុតពូជបំផុត នៅលើពិភពលោក។ ប្រភេទអណ្តើកនេះ ត្រូវបានកត់ត្រាក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ថាជាប្រភេទអណ្តើកជិតផុតពូជបំផុត និងត្រូវបានចាត់ទុកជាប្រភេទល្មូន តំណាងឲ្យប្រទេសកម្ពុជា ដែលបានកំណត់ក្នុងព្រះរាជក្រឹត្យឆ្នាំ ២០០៥។
សកម្មភាពមួយចំនួនមានដូចជា ការនេសាទខុសច្បាប់ ការធ្វើអាជីវកម្មហួសប្រមាណ ការបាត់បង់ទីជម្រក និងការធ្វើអាជីវកម្មខ្សាច់ នៅតាមប្រព័ន្ធព្រែកស្រែអំបិល នៅក្នុងខេត្តកោះកុង និងខេត្តព្រះសីហនុ បានធ្វើឲ្យប៉ះពាល់ដល់ទីជម្រក និងការបង្កកំណើត របស់សត្វអណ្តើកប្រភេទនេះ ដែលគេរកឃើញថា មានវត្តមានតែនៅក្នុងប្រព័ន្ធព្រែកស្រែអំបិល ស្ថិតនៅខេត្តកោះកុង និងខេត្តព្រះសីហនុ ក្នុងប្រទេសកម្ពុជា ប៉ុណ្ណោះ។ សត្វអណ្តើកទាំងនេះ កំពុងតែប្រឈមទៅនឹងការវិនាសផុតពូជ។

ក្រុមអ្នកអភិរក្សជឿថា អណ្តើកហ្លួងបានផុតពូជអស់ហើយ នៅក្នុងប្រទេសកម្ពុជា តែរហូតដល់ឆ្នាំ ២០០០ រដ្ឋបាលជលផលនិងអង្គការ WCS បានរកឃើញសាជាថ្មីនូវប្រភេទអណ្តើកហ្លួងនេះ មួយចំនួនតូច នៅសេសសល់តាមដងព្រែកស្រែអំបិល។ ចាប់តាំងពីពេលនោះមក អង្គការ WCS និងរដ្ឋបាលជលផល បានសហការគ្នាការពារ ប្រភេទសត្វអណ្តើកនេះកុំឱ្យផុតពូជ ដោយមានការគាំទ្រថវិកា ពីម្ចាស់ជំនួយមួយចំនួនរួមមាន សហភាពអឺរ៉ុបតាមរយៈគម្រោងដៃគូប្រឆាំងបទល្មើសសត្វព្រៃ អង្គការ Mandai Nature, និងអង្គការ Allwetterzoo Münster។ សកម្មភាពការងារអភិរក្សសត្វអណ្តើកហ្លួងនេះ រួមមាន ការស្រាវជ្រាវ និងការពារចំនួនប្រភេទអណ្តើកហ្លួង នៅតាមប្រព័ន្ធព្រែកស្រែអំបិល ព្រមទាំងកម្មវិធីរក្សា និងបង្កាត់មេបាពេញវ័យ ក្នុងមជ្ឈមណ្ឌល និងកម្មវិធីចិញ្ចឹមថែទាំកូនតូចៗ ក្រោយពេលញាស់ នៅក្នុងមជ្ឈមណ្ឌលអភិរក្សសត្វល្មូន ខេត្តកោះកុង របស់អង្គការ WCS និងមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ

អត្ថបទដែលជាប់ទាក់ទង