ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងមហាផ្ទៃ កត់សម្គាល់ឃើញថា ដំណើរការនៃការដេញថ្លៃ គម្រោងមូលនិធិឃុំ សង្កាត់ឆ្នាំ២០២១ នៅក្នុងរាជធានី ខេត្តមួយចំនួន មានភាពមិនប្រក្រតី និងមានការឃុបឃិតគ្នា

71

 

ភ្នំពេញ ៖ បន្ទាប់ពីដំណើរការនៃការដេញថ្លៃគម្រោងមូលនិធិឃុំ សង្កាត់ឆ្នាំ២០២១ នៅក្នុងរាជធានី ខេត្តមួយចំនួន មានភាពមិនប្រក្រតី និងមានការឃុបឃិតគ្នានៅក្នុងដំណើរការនៃការដេញថ្លៃមកនោះ លោក ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ សូមជម្រាបជូនឯកឧត្តម លោកជំទាវអភិបាល នៃគណៈអភិបាលរាជធានី ខេត្ត ក្នុងកម្មវត្ថុស្តីពីការពង្រឹងដំណើរការនៃការដេញថ្លៃគម្រោងមូលនិធិឃុំ សង្កាត់។

លោក ប្រាក់ សំអឿន បានថ្លែងថា អគ្គនាយកដ្ឋានរដ្ឋបាលនៃក្រសួងមហាផ្ទៃ បានទទួលព័ត៌មាន និងកត់សម្គាល់ឃើញថា ដំណើរការនៃការដេញថ្លៃគម្រោងមូលនិធិឃុំ សង្កាត់ឆ្នាំ២០២១ នៅក្នុងរាជធានី ខេត្តមួយចំនួន មានភាពមិនប្រក្រតី និងមានការឃុបឃិតគ្នានៅក្នុងដំណើរការនៃការដេញថ្លៃគម្រោងមូលនិធិ ឃុំ សង្កាត់។ ដើម្បីពង្រឹង និងធានាឱ្យដំណើរការ នៃការដេញថ្លៃគម្រោងមូលនិធិឃុំ សង្កាត់ ប្រព្រឹត្តទៅ ប្រកបដោយតម្លាភាព គណនេយ្យភាព និងអាចទទួលយកបានពីគ្រប់ភាគីពាក់ព័ន្ធ អគ្គនាយកដ្ឋានរដ្ឋបាល នៃក្រសួងមហាផ្ទៃ សូមធ្វើការណែនាំដល់រដ្ឋបាលរាជធានី ខេត្ត នូវកិច្ចការមួយចំនួន ដូចខាងក្រោម៖

– ត្រូវណែនាំដល់រដ្ឋបាលឃុំ សង្កាត់ ឱ្យយកចិត្តទុកដាក់អនុវត្តដំណើរការនៃការដេញថ្ល គម្រោងមូលនិធិឃុំ សង្កាត់ឱ្យបានត្រឹមត្រូវស្របតាមគោលការណ៍ និងនីតិវិធីដែលបានកំណត់ក្នុងសៀវភៅ ណែនាំស្តីពីការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់។ ទន្ទឹមនេះ ត្រូវណែនាំដល់រដ្ឋបាលឃុំ សង្កាត់ រៀបចំឱ្យ មានវិន័យ និងសណ្តាប់ធ្នាប់ របៀបរៀបរយល្អ នៅក្នុងដំណើរការនៃការដេញថ្លៃគម្រោងមូលនិធិឃុំ សង្កាត់ ជាពិសេស ត្រូវយកចិត្តទុកដាក់អនុវត្តនូវវិធានការ របស់ក្រសួងសុខាភិបាល និងវិធានការ “៣ការពារ ៣កុំ” របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការទប់ស្កាត់ការរីករាលដាលនៃ ជំងឺកូវីដ-១៩។

– ត្រូវចាត់មន្ត្រីជំនាញនៃទីចាត់ការផែនការនិងវិនិយោគ នៃរដ្ឋបាលរាជធានី ខេត្ត ឱ្យធ្វើការ តាមដាន ត្រួតពិនិត្យដំណើរការនៃការដេញថ្លៃគម្រោងមូលនិធិឃុំ សង្កាត់ នៅក្នុងរាជធានី ខេត្តរបស់ខ្លួន។ ក្នុងករណីពិនិត្យ និងរកឃើញថា ដំណើរការនៃការដេញថ្លៃគម្រោងមូលនិធិឃុំ សង្កាត់ណាមួយ ប្រព្រឹត្តទៅ មានភាពមិនប្រក្រតី ឬមានការឃុបឃិតគ្នាដែលផ្ទុយទៅនឹងគោលការណ៍ណែនាំ នៃការអនុវត្តគម្រោង មូលនិធិឃុំ សង្កាត់ រដ្ឋបាលរាជធានី ខេត្តត្រូវសម្រេចលុបចោលដំណើរការដេញថ្លៃគម្រោងមូលនិធិឃុំ សង្កាត់នោះ រួចហើយរាយការណ៍ឱ្យបានឆាប់រហ័ស ជូនអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ។ ទន្ទឹមនេះ រដ្ឋបាលរាជធានី ខេត្តត្រូវណែនាំដល់រដ្ឋបាលឃុំ សង្កាត់ឱ្យរៀបចំដំណើរការដេញថ្លៃគម្រោងមូលនិធិឃុំ សង្កាត់នោះឡើងវិញ ស្របតាមគោលការណ៍ណែនាំដែលបានកំណត់។

– មន្ត្រីរាជការ សមាជិកក្រុមប្រឹក្សា និងស្មៀនឃុំ សង្កាត់ទាំងឡាយណាដែលបានប្រព្រឹត្ត កំហុសឆ្គងដោយមិនបានអនុវត្តតាមតួនាទី ភារកិច្ចឱ្យបានត្រឹមត្រូវ ឬមានការពាក់ព័ន្ធទៅនឹងភាពមិន ប្រក្រតីក្នុងដំណើរការនៃការដេញថ្លៃគម្រោងមូលនិធិឃុំ សង្កាត់ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។

– រដ្ឋបាលរាជធានី ខេត្ត ត្រូវម្ចាស់ការក្នុងការណែនាំដល់រដ្ឋបាលឃុំ សង្កាត់ក្នុងដែនសមត្ថកិច្ច របស់ខ្លួន ឱ្យផ្អាកការដេញថ្លៃគម្រោងមូលនិធិឃុំ សង្កាត់ ករណីនៅក្នុងឃុំ សង្កាត់ណាមួយមានការឆ្លង រាលដាលជំងឺកូវីដ-១៩ ធ្ងន់ធ្ងរ៕

អត្ថបទដែលជាប់ទាក់ទង