ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកអគ្គរដ្ឋទូតចិន ៖ សមិទ្ធផលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ ដែលទទួលបាននាពេលបច្ចុប្បន្ននេះ គឺដោយសារតែប្រទេសទាំងពីរ មានការជឿទុកចិត្តគ្នាទៅវិញទៅមក

106

 

ភ្នំពេញ ៖ នាថ្ងៃទី២៣ ខែកក្កដា ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានអញ្ជើញជាអធិបតី និងថ្លែងសុន្ទរកថា ក្នុងវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មចិន-កម្ពុជា ដែលត្រូវបានរៀបចំឡើងដោយសារព័ត៌មានChina Economic Daily និង វិទ្យាស្ថានចក្ខុវិស័យអាស៊ី(AVI)។ លោក Zheng Qingdong ប្រធាននិងជានិពន្ធនាយក នៃសារព័ត៌មានChina Economic Daily, ឯកឧត្តមបណ្ឌិត សុក ស៊ីផាន់ណា ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជានិងជាប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានAVI, លោកបណ្ឌិត ឈាង វណ្ណារិទ្ធ នាយកនៃវិទ្យាស្ថានAVI, លោកស្រីបណ្ឌិត Chen Wenling ប្រធានសេដ្ឋវិទូនៃមជ្ឈមណ្ឌលទំនាក់ទំនងសេដ្ឋកិច្ចអន្តរជាតិចិន, ឯកឧត្តម ឡុង កែមវិចិត្រ តំណាងអចិន្ត្រៃយ៍នៃកម្ពុជាប្រចាំអង្គការពាណិជ្ជកម្មពិភពលោក ក្នុងទីក្រុងហ្សឺណែវ និងអ្នកជំនាញផ្នែកសេដ្ឋកិច្ចពាណិជ្ជកម្មដទៃទៀត នៃប្រទេសទាំងពីរបានអញ្ជើញចូលរួមនៅក្នុងកម្មវិធីខាងលើនេះ។

ឯកឧត្តម Wang Wentian បានថ្លែងក្នុងសុន្ទរកថាថា ចិននិងកម្ពុជា គឺជាប្រទេសជិតខាងល្អ មិត្តល្អ បងប្អូនល្អ និងជាដៃគូល្អ។ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ មានសុខុមាលភាពល្អនិងមានស្ថិរភាពយូរមកហើយ។ ចាប់តាំងពីឆ្នាំ២០២០ ជំងឺវីរុសកូវីដ-១៩បានរីករាលដាលទូទាំងពិភពលោក ប៉ុន្តែកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្ម រវាងចិននិងកម្ពុជានៅតែមានកំណើនដដែល។ សមិទ្ធផលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ ដែលទទួលបាននាពេលបច្ចុប្បន្ននេះ គឺដោយសារតែប្រទេសទាំងពីរមានការជឿទុកចិត្តគ្នាទៅវិញទៅមក មានគំនិតកិច្ចសហប្រតិបត្តិការគោរពគ្នាទៅវិញទៅមក ទទួលបានអត្ថប្រយោជន៍ជោគជ័យរួម និងព្រមទាំងការពង្រីកឥតឈប់ឈរ ដោយផ្អែកលើមូលដ្ឋាននៃរចនាសម្ព័ន្ធសេដ្ឋកិច្ច ជួយបំពេញឱ្យគ្នាទៅវិញទៅមកកម្រិតខ្ពស់។ បច្ចុប្បន្ននេះ ប្រទេសទាំងពីរកំពុងស្ថិតក្នុងដំណាក់កាលដ៏សំខាន់នៃការអភិវឌ្ឍន៍ ភាគីទាំងពីរត្រូវពង្រឹងការផ្ទៀងផ្ទាត់ យុទ្ធសាស្ត្រថែមមួយកម្រិតទៀត ប្រើប្រាស់ឱ្យបានល្អនូវផលប្រយោជន៍គោលនយោបាយ ដើរតួនាទីលក្ខណៈពិសេសក្នុងការបំពេញចន្លោះ ឱ្យគ្នាទៅវិញទៅមក អនុវត្តគម្រោងកិច្ចសហប្រតិបត្តិការសំខាន់ៗ។ សង្ឃឹមថាភាគីទាំងពីរនឹងបន្តខិតខំប្រឹងប្រែងជំរុញលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងកម្ពុជាកាន់តែស៊ីជម្រៅ ដើម្បីផ្តល់អត្ថប្រយោជន៍ រឹតតែច្រើនសម្រាប់ប្រជាជនប្រទេសទាំងពីរ និងបំពេញតួនាទីសម្រាប់ បេសកកម្មអភិវឌ្ឍប្រកបដោយស្ថិរភាព នៅក្នុងតំបន់អាស៊ីនិងលើពិភពលោក។

លោក Zheng Qingdong មានប្រសាសន៍ថា កម្ពុជានិងចិនគឺជាប្រទេសជិតខាងដ៏ល្អ ប្រជាជនទាំងពីរមានទំនាក់ំទំនងគ្នា យ៉ាងល្អជាប្រវត្តិយូរមកហើយ។ សមិទ្ធផលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មចិន និងកម្ពុជាទទួលបានយ៉ាងច្រើនអនេកគួរឱ្យកត់សម្គាល់ គម្រោងសំខាន់ៗជាច្រើនត្រូវបានអនុវត្ត។ ស្ថិតក្រោមក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ កិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ តែងបោះជំហានទៅមុខយ៉ាងរលូន។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងចិននិងកម្ពុជា ត្រូវបានចុះហត្ថលេខាកាលពីខែតុលា ឆ្នាំ២០២០ នេះបានបង្ហាញឱ្យឃើញពីភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៃភាគីទាំងពីរ កិច្ចកសាងសហគមន៍វាសនារួមគ្នា និងកិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវបានឈានដល់ដំណាក់កាលថ្មីមួយទៀត។

ឯកឧត្តមបណ្ឌិត សុក ស៊ីផាន់ណា បានលើកឡើងថា រដ្ឋាភិបាលចិនបានផ្តល់វ៉ាក់សាំងកូវីដជាច្រើនដល់កម្ពុជា បានជួយពន្លឿនការអនុវត្តគោលដៅ ចាក់វ៉ាក់សាំងការពារវីរុសកូវីដ។ នេះបានបង្ហាញកាន់តែច្បាស់ អំពីចំណងមិត្តភាពដ៏ជ្រាលជ្រៅរវាងកម្ពុជានិងចិនក្នុងពេលដ៏ចាំបាច់។ ភាគីទាំងពីរត្រូវយកចិត្តទុកដាក់ បន្ថែមទៀតនិងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទាំងពីរប្រទេស និងខិតខំរួមគ្នាដើម្បីជៀសផុត ពីផលប៉ះពាល់នៃជំងឺវីរុសមួយនេះ ឱ្យបានឆាប់រហ័ស។

អ្នកតំណាងប្រទេសទាំងពីរបានសន្ទនាពិភាក្សាគ្នាតាមVideo Conferenceដោយផ្តោតលើប្រធានបទ ការផ្ទៀងផ្ទាត់យុទ្ធសាស្ត្រអភិវឌ្ឍន៍ រវាងចិននិងកម្ពុជា ឱកាសកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងកម្ពុជា និងចក្ខុវិស័យ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ឌីជីថលចិននិងកម្ពុជា។ អ្នកតំណាងដែល បានចូលរួមយល់ថា សមិទ្ធផល នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងចិននិងកម្ពុជា ដែលទទួលបាននាពេលបច្ចុប្បន្ននេះ គឺដោយសារតែជំនឿទុកចិត្តគ្នាទៅវិញទៅមក ជាយុទ្ធសាស្រ្តដែលមិនអាចបំបែកបាន គំនិតកិច្ចសហប្រតិបត្តិការគោរពគ្នាទៅវិញទៅមក និងការទទួលអត្ថប្រយោជន៍ជោគជ័យរួម។ សក្តានុពលនៃកិច្ចសហប្រតិបត្តិការ រវាងចិននិងកម្ពុជា នាពេលអនាគតនឹងកាន់តែធំធេងនិងទូលំទូលាយ៕

អត្ថបទដែលជាប់ទាក់ទង