ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឥទ្ធិពលព្យុះទី៧ នឹងធ្វើឲ្យទឹកទន្លេមេគង្គ ហក់ឡើង អាចជន់លិចតំបន់ទំនាប អបមាត់ទន្លេមេគង្គលើនៅខេត្តស្ទឹងត្រែង ក្រចេះ កំពង់ចាម និងត្បូងឃ្មុំ

31

 

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ពីស្ថានភាពទឹកទន្លេមេគង្គ។ ដោយសារឥទ្ធិពលព្យុះទី៧ មានឈ្មោះសេមប៉ាកា និងព្យុះមួយចំនួនទៀត ទឹកទន្លេមេគង្គនឹងហក់ឡើងក្នុងរយៈពេលពី ៣ទៅ៤ថ្ងៃខាងមុខទៀត ដែលអាចបណ្តាលឲ្យជន់លិចតំបន់ទំនាបអបមាត់ទន្លេមេគង្គលើ នៅខេត្តស្ទឹងត្រែង ខេត្តក្រចេះ ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ។

សេចក្តីប្រកាសជូនដំណឹងរបស់ក្រសួងធនធានទឹកនៅរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ បានបញ្ជាក់ថា ការហក់ឡើងទឹកទន្លេមេគង្គ គឺបណ្តាលមកពីឥទ្ធិពលព្យុះទី៧ មានឈ្មោះថា សេមប៉ាកា និងឥទ្ធិពលនៃព្យុះផ្សេងទៀត។

ក្រសួងធនធានទឹក បានបញ្ជាក់ថា ក្នុងរយ:ពេលកន្លងមកព្យុះទី ៧ ឈ្មោះ សេមប៉ាកា (CEMPAKA) និងបណ្តាឥទ្ធិពលនៃព្យុះផ្សេងៗទៀត និងប្រព័ន្ធនានា ដែលមានឥទ្ធិពលមកលើអាងទន្លេមេគង្គ បានធ្វើឲ្យមានភ្លៀងធ្លាក់ ក្នុងកម្រិតពីបង្គួរទៅច្រើន ក្នុងអាងទន្លេមេគង្គភាគខាងលើមាន៖ ចិន ថៃ និងប្រទេសឡាវ ព្រមទាំងតំបន់ខ្ពង់រាប ភាគឦសានប្រទេសកម្ពុជា។

ស្ថានភាពបែបនេះ បានធ្វើឲ្យទឹកទន្លេមេគង្គហក់ឡើង ហើយនឹងបន្តឡើងក្នុងរយៈពេលពី ៣ទៅ៤ថ្ងៃខាងមុខទៀត ដែលអាចបណ្តាលឲ្យជន់លិច តំបន់ទំនាបអបមាត់ទន្លេមេគង្គលើ នៅខេត្តស្ទឹងត្រែង ខេត្តក្រចេះ ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ តែការហក់ឡើងនេះ មិនទាន់ដល់កម្រិតកម្ពស់ ដែលត្រូវឲ្យមានការប្រុងប្រយ័ត្ននៅឡើយនោះទេ។

អាស្រ័យដូចបានជម្រាបជូនខាងលើ ក្រសួងធនធានទឹក សូមឲ្យសាធារណជន អាជ្ញាធរដែនដីពាក់ព័ន្ធ ពិសេសបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅអមសងខាងទន្លេមេគង្គ និងតំបន់ទំនាបនានា ជ្រាបជាព័ត៌មាន និងរួសរាន់ប្រមូលកសិផល ឲ្យបានទាន់ពេលវេលា និងបង្កើនការយកចិត្តទុកដាក់ ប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាង នូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានជាយថាហេតុ៕

អត្ថបទដែលជាប់ទាក់ទង