ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រៀបចំវេទិកាកម្រិតខ្ពស់ នៃធនាគារខួក្បាល កម្ពុជា-ចិន លើកទី២ ក្រោមប្រធានបទ ដំណើរឆ្ពោះទៅកាន់ ដំណាក់កាលនៃការវិវឌ្ឍថ្មី នៃទំនាក់ទំនងទ្វេភាគីកម្ពុជា-ចិន

131

ភ្នំពេញ ៖ កម្ពុជា-ចិន នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១នេះ បានវេទិកាកម្រិតខ្ពស់ នៃធនាគារខួរក្បាលកម្ពុជា-ចិន លើកទី២ ក្រោមប្រធានបទ «ដំណើរឆ្ពោះទៅកាន់ ដំណាក់កាលនៃការវិវឌ្ឍថ្មី នៃទំនាក់ទំនងទ្វេភាគីកម្ពុជា-ចិន» តាមរយៈប្រព័ន្ធ Zoom ក្នុងទម្រង់កូនកាត់ ដែលរៀបចំតាមអនឡាញ (នៅកម្ពុជា) និងរៀបចំផ្ទាល់ (នៅចិន)។

កម្មវិធីនេះ សហការរៀបចំដោយ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា លេខាធិការដ្ឋានជាតិនៃធនាគារខួរក្បាល នៃ បណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមចិន ការិយាល័យកិច្ចសហប្រតិបត្តិការអន្តរជាតិ នៃបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមចិន។

វេទិការនេះមានការអញ្ជើញចូលរួមពីសំណាក់ លោកកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្រ្តី, លោកសាស្ត្រាចារ្យបណ្ឌិត សៀ ហ្វ៊ូចាន់ (XIE Fuzhan) ប្រធានបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមចិន និងជាប្រធានគណៈ កម្មាធិការនាយកនៃធនាគារខួរក្បាលជាន់ខ្ពស់ជាតិ នៃបណ្ឌិត្យស ភាវិទ្យាសាស្ត្រសង្គមចិន, លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា។

កម្មវិធីនេះក៏មានការចូលរួមពី លោក ហ៊័ង គុនមីង (Huang Kunming) សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិម បក្សកុម្មុយនិស្តចិន សមាជិកលេខាធិការដ្ឋាននៃគណៈកម្មាធិការមជ្ឈិម បក្សកុម្មុយនិស្តចិន និងជាប្រធានគណៈឃោសនានៃគណៈកម្មាធិការមជ្ឈិម បក្សកុម្មុយនិស្តចិន, លោកសាស្ត្រាចារ្យបណ្ឌិត វ៉ាង លីងហ្គួយ (WANG Linggui) អនុប្រធានបណ្ឌិត្យស ភាវិទ្យាសាស្ត្រសង្គមចិន និងជាអនុប្រធានគណៈកម្មាធិការនាយកធនាគារខួរក្បាលជាន់ខ្ពស់ជាតិ នៃបណ្ឌិត្យស ភាវិទ្យាសាស្ត្រសង្គមចិន ព្រមទាំងមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំរបស់ក្រសួង ស្ថាប័ន ពាក់ព័ន្ធរបស់ប្រទេសទាំង២ យ៉ាងច្រើនផងដែរ។

ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន បានមានប្រសាសន៍ថា ប្រធានបទនៃវេទិកានេះ ពិតជាមានសារៈសំខាន់ និងមានលក្ខណៈបច្ចុប្បន្នភាព ដែលឆ្លុះបញ្ចាំងពីស្ថានភាពជាក់ស្តែង នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ កម្ពុជា-ចិន។
វេទិកានេះពិតជាបានប្រារព្ធឡើង ក្នុងកាលៈទេសៈដ៏សមស្របបំផុត ក្នុងខណៈដែលទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន បានឈានដល់កម្រិតកំពូល គ្រប់ជ្រុងជ្រោយ។ ជាពិសេស នៅក្នុងកាលៈទេសៈ នៃការរីករាតត្បាតមេរោគកូវីដ-១៩ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ តែងយកចិត្តទុកដាក់ និងជួយគ្នាទៅវិញទៅមក។
ជាក់ស្ដែងនៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញធ្វើទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំង ចំពេលដែលមមានការផ្ទុះឡើង នៃជំងឺកូវីដ-១៩ ក្នុងន័យដើម្បីបង្ហាញពីការលើកទឹកចិត្ត និងការគាំទ្ររបស់កម្ពុជា ចំពោះប្រទេសចិន ក្នុងការប្រយុទ្ធប្រឆាំង នឹងការរីករាលដាលនៃជំងឺកូវីដ-១៩។

ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន បានបញ្ជាក់ថា ការរៀបចំវេទិកានេះ គឺជាការផ្តល់ឱកាសសម្រាប់អ្នកស្រាវជ្រាវកម្ពុជា និងអ្នកស្រាវជ្រាវចិន បានជួបពិភាក្សាដើម្បីរួមចំណែក ក្នុងការលើកកម្ពស់ការស្វែងយល់គ្នាទៅវិញទៅមក ហើយតាមរយៈការយល់ឃើញត្រឹមត្រូវពីគ្នាទៅវិញទៅមកនេះ វាក៏នឹងពង្រឹងនិងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ យូរអង្វែងរវាងកម្ពុជានិងចិន និងដើម្បីរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែង របស់រដ្ឋាភិបាលទាំងពីរ ក្នុងការពង្រឹងនិងការពង្រីក កិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ សេដ្ឋកិច្ច និងសង្គម-វប្បធម៌ឱ្យកាន់តែជិតស្និទ្ធ និងទំនាក់ទំនងរវាងប្រជាជននិងប្រទេសទាំងពីរ។

ព្រឹត្តិការណ៍ថ្ងៃនេះ គ្រាន់តែជាចំណុចចាប់ផ្តើមតែប៉ុណ្ណោះ នៅមានកិច្ចការជាច្រើនទៀត ដែលបញ្ញវន្តនិងអ្នកស្រាវជ្រាវ របស់ប្រទេសយើងទាំងពីរត្រូវធ្វើ ដើម្បីរួមចំណែកពង្រឹងនិងពង្រីកទំនាក់ទំនង រវាងប្រទេសយើងទាំងពីរ ក៏ដូចជាតំបន់ ឱ្យកាន់តែស៊ីជម្រៅ និងស្អិតល្មួតថែមទៀត។ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ​នៃកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា ត្រូវប្រមូលចងក្រងបទអន្តរាគមន៍ និងជ្រើសយកអត្ថបទល្អៗ ដើម្បីផ្សព្វផ្សាយដល់ប្រជាជន នៃប្រទេសយើងទាំងពីរ ឱ្យបានទូលំទូលាយ និងសម្រាប់អ្នកសិក្សាស្រាវជ្រាវ ជំនាន់ក្រោយៗទៀត។

ដោយពិនិត្យឃើញថា វេទិកាបែបនេះមានសារសំខាន់ណាស់ ក្នុងការបន្តពង្រឹងនិងពង្រីកចំណងមិត្តភាព គ្រប់ជ្រុងជ្រោយ រវាងប្រទេសយើងទាំងពីរ និងក្នុងការបន្តបង្កើនការឈ្វេងយល់ ពីគ្នាទៅវិញទៅមក ឱ្យកាន់តែច្បាស់ រវាងប្រជាជននៃប្រទេសយើងទាំងពីរ ស្នើសុំឱ្យភាគីចិន បន្តជួយវិទ្យាស្ថានទំនាក់ទំនង អន្តរជាតិនៃកម្ពុជា ដើម្បីមានលទ្ធភាព រៀបចំវេទិកាបែបនេះ បន្តទៀតឱ្យបានញឹកញាប់ និងទៀងទាត់ ជាពិសេស សុំឱ្យជួយឧបត្ថម្ភសម្រាប់ការស្រាវជ្រាវ ដើម្បីរកធាតុចូលជូនរដ្ឋាភិបាល នៃប្រទេសទាំងពីរ ដើម្បីបន្តលើកកម្ពស់ទំនាក់ទនង រវាងប្រទេសទាំងពីរ​ ឱ្យកាន់តែស៊ីជម្រៅថែមទៀត។

ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិករបស់រាជបណ្ឌិត្យសភាកម្ពុជា ជាពិសេស វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា លេខាធិការដ្ឋានជាតិនៃធនាគារខួរក្បាល នៃបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមចិន និងការិយាល័យកិច្ចសហប្រតិបត្តិការអន្តរជាតិ នៃបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមចិន ដែលបានធ្វើឱ្យសម្រេចនូវលទ្ធផល គួរជាទីមោទនៈនាថ្ងៃនេះ៕

អត្ថបទដែលជាប់ទាក់ទង