ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទៀនព្រះវស្សា បច្ច័យ និងទេយ្យទានជាច្រើនមុខ របស់អភិបាលរាជធានីភ្នំពេញ ត្រូវបានលោកហែម ដារិទ្ធិនាំយកទៅប្រគេនព្រះសង្ឃក្នុងខណ្ឌពោធិ៍សែនជ័យ

48

ភ្នំពេញ៖នៅព្រឹកថ្ងៃទី១ ខែសីហាឆ្នាំ២០២១នេះ ទៀនចំណាំព្រះវស្សា បច្ច័យនិងទេយ្យទានជាច្រើនមុខ របស់ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញត្រូវ បានលោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ នាំយកទៅប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាក្នុងត្រីមាសនៃវត្តចំនួន 14 ក្នុងខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។

ថវិកា និងទេយ្យទានទាំងនោះ ត្រូវបាន លោក ឃួង ស្រេងលោកស្រីនិងថ្នាក់ដឹកនាំនៃរដ្ឋបាលរាជធានីភ្នំពេញតែងតែបានរៀបចំធ្វើជារៀងរាល់ឆ្នាំ ដើម្បីទ្រទ្រង់ជីវភាពព្រះសង្ឃ ក៏ដូចជាទ្រទ្រង់ក្នុងវិស័យ ព្រះពុទ្ធសាសនាដែលជា សាសនារបស់រដ្ឋឲ្យបានគង់វង្សយូរអង្វែង។
ក្នុងឱកាសនោះលោក ហែម ដារិទ្ធិអភិបាលខណ្ឌពោធិ៍សែនជ័យ បានមានប្រសាសន៍លើកឡើង ក្នុងពេលនាំទេយ្យទាន ទៅប្រគេនព្រះសង្ឃដែល គង់ចាំព្រះវស្សា ក្នុងខណ្ឌពោធិ៍សែនជ័យ នាបរិវេណវត្ត ពូនភ្នំ ថា ជាអកុសល ឆ្នាំនេះរដ្ឋបាលរាជធានីភ្នំពេញ ពុំអាចរៀបចំធ្វើពិធីធំដុំដូចឆ្នាំមុនៗបានទេ ដោយសារតែវិបត្តិនៃការរីករាលដាលជំងឺកូវីដ19 នៅលើពិភពលោកក៏ដូចជា ប្រទេសកម្ពុជាយើង។
លោកបានបន្តថា ដើម្បីទ្រទ្រង់ដល់ជីវភាព របស់ព្រះសង្ឃដែលគង់ចាំព្រះវស្សា លោកអភិបាលរាជធានីក៏ បានចាត់ឱ្យថ្នាក់ដឹកនាំ ខណ្ឌរៀបចំធ្វើនិងនាំ យកនូវទេយ្យទានទាំងនោះ ទៅប្រគេនផ្ទាល់ដល់ ព្រះសង្ឃដែលគង់ ចាំព្រះវស្សានៅតាមវត្តអារាម ក្នុងខណ្ឌនីមួយៗឲ្យបានគ្រប់វត្ត ដោយធានាថា មិនមានវត្តណាមួយ ដែលព្រះសង្ឃដាច់ ចង្ហាន់ដោយអាជ្ញាធរ មិនបានដឹងឮនោះទេ។
សូមបញ្ជាក់ផងដែរថា ពិធីនេះត្រូវបានរៀប ចំធ្វើឡើងទៅតាមទំនៀមទម្លាប់ ប្រពៃណីរបស់ ប្រជាពុទ្ធបរិស័ទយើង ដែលត្រូវបំពេញភារៈ ក្នុងការនាំយកនូវទេយ្យទាន មានជាបច្ច័យ និងស្បៀងអាហារផ្សេងៗ ដើម្បីប្រគេនដល់ព្រះសង្ឃដែល គង់ចាំព្រះវស្សា សម្រាប់ទ្រទ្រង់ជីវភាព ព្រះសង្ឃក៏ដូចជារួមគ្នា ទ្រទ្រង់ដល់វិស័យព្រះពុទ្ធសាសនា ឲ្យបានគង់វង្សយូរអង្វែង ទៅតាមពុទ្ធឱវាទរបស់ ព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើង៕

អត្ថបទដែលជាប់ទាក់ទង