ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ បានកើតឡើង ភាគច្រើនបំផុត ដោយសារតែមូលហេតុ ការបើកបរមិនគោរពច្បាប់

50

ភ្នំពេញ ៖ ថ្ងៃទី១ខែសីហានេះ តាមរយៈផេកហ្វេសប៊ុកផ្លូវការ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានជម្រាបជូនអំពីលទ្ធផលការងារសុវតិ្ថភាពចរាចរណ៍ប្រចាំខែកក្កដា ឆ្នាំ២០២១ ដែលអត្រាគ្រោះថ្នាក់ ស្លាប់ និងរងរបួសមានការថយចុះ បើប្រៀបធៀបនឹងខែកក្កដា ដូចគ្នាឆ្នាំ២០២០ ប៉ុន្តែវាជាការគួរឲ្យព្រួយបារម្ភផងដែរ ដែលអត្រាគ្រោះថ្នាក់ ស្លាប់ និងរងរបួសមានការកើនឡើងបើប្រៀបធៀប នឹងខែមិថុនា ឆ្នាំ២០២១កន្លងទៅនេះ ។

របាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានបង្ហាញថា ក្នុងខែកក្កដា ឆ្នាំ២០២១នេះ គ្រោះថ្នាក់ចរាចរណ៍បានកើតឡើង២០៨លើក ក្នុងនោះគ្រោះថ្នាក់កើតមានឡើង នៅពេលយប់មាន៥៨ភាគរយ ដែលបណ្តាឲ្យមនុស្សស្លាប់ចំនួន១០៧នាក់ និងរងរបួសធ្ងន់ស្រាលមានចំនួន២៨២នាក់ ។ ទិន្នន័យនេះ បើប្រៀបធៀបនឹងខែកក្កដា ឆ្នាំ២០២០ គឺចំនួនអ្នកស្លាប់មានការថយចុះ៤០នាក់ ស្មើនឹង២៧ភាគរយ រីឯអ្នករងរបួសគឺថយចុះ៧០នាក់ស្មើនឹង២០ភាគរយ ។

ប៉ុន្តែបើយើងធ្វើការព្រៀបធៀបគ្រោះថ្នាក់ចរាចរណ៍ ក្នុងខែមិថុនាឆ្នាំ២០២១នេះវិញ គឺចំនួនអ្នកស្លាប់ បានកើនឡើង១៤នាក់ ស្មើនឹង១៥ភាគរយ និងចំនួនអ្នករងរបួស៣៩នាក់ ស្មើនឹង១៦ភាគរយ ។

មូលហេតុដែលបង្កឲ្យមានគ្រោះថ្នាក់ទាំងនេះ គឺបណ្តាលមកពីការបើកបរ ដោយល្បឿនលឿនមាន៣៧ភាគរយ ការមិនគោរពសិទ្ធិមាន២២ភាគរយ ការមិនប្រកាន់ស្តាំ១៧ភាគរយ ការវ៉ាជែងមាន១០ភាគរយ បើកបរដោយស្ថានភាពស្រវឹងមាន៥ភាគរយ និងកត្តាយានយន្តមាន១ភាគរយ ។ ចំណែកឯភូមិសាស្រ្ត ដែលមានគ្រោះថ្នាក់ច្រើន គឺនៅរាជធានីភ្នំពេញ មានចំនួន៦៦លើក នៅខេត្តកណ្តាល១៦លើក និងនៅខេត្តស្វាយរៀង១៥លើក ។

ផ្អែកលើទិន្នន័យខាងលើនេះ បានបង្ហាញថា ស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ បានកើតឡើងភាគច្រើនបំផុត ដោយសារតែមូលហេតុ ការបើកបរមិនគោរពច្បាប់ ។ ឆ្លៀតនៅក្នុងឱកាសនេះ សម្តេចក្រឡាហោម សូមអំពាវនាវដល់បង ប្អូនជនរួមជាតិ ជាពិសេសអ្នកបញ្ជាយានយន្តទាំងអស់ សូមមេត្តាប្រកាន់ខ្ជាប់ នូវស្មារតីបើកបរដោយការគោរពច្បាប់ចរាចរណ៍ និងប្រុងប្រយ័ត្នគ្រប់ពេលវេលា ដើម្បីចៀសផុតគ្រោះថ្នាក់ ដល់ខ្លួនយើង គ្រួសារយើង អ្នករួមដំណើរជាមួយយើង និងសង្គមជាតិយើង ។

ជាមួយគ្នានេះ សម្តេចឧបនាយករដ្ឋមន្រ្តី ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះបងប្អូនជនរួមជាតិ អ្នកបញ្ជាមធ្យោបាយ ធ្វើដំណើរគ្រប់ប្រភេទ ដែលបានប្រកាន់ នូវឥរិយាបថជាពលរដ្ឋល្អ តាមរយៈការចូលរួមគោរពច្បាប់ចរាចរណ៍ យ៉ាងខ្ជាប់ខ្ជួនគ្រប់ពេលធ្វើដំណើរ។

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី ក៏សូមថ្លែងអំណរគុណ និងកោតសរសើរខ្ពស់ ចំពោះស្មារតីយកចិត្តទុកដាក់ បំពេញភារកិច្ចដឹកនាំការអនុវត្តច្បាប់ស្ដីពី ចរាចរណ៍ផ្លូវគោកទាំងយប់ ទាំងថ្ងៃ របស់ថ្នាក់ដឹកនាំ និងមន្រ្តីនគរបាលនៃអគ្គស្នងការដ្ឋាននគរបាលជាតិ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត ស្នងការដ្ឋាននគបាលរាជធានីខេត្ត អធិការដ្ឋាននគរបាលក្រុងស្រុកខណ្ឌ និងសមត្ថកិច្ចរួមសហការផ្សេងទៀត ដែលបានបំពេញភារកិច្ចដ៍ថ្លៃថ្លាក្នុងការរក្សាសុវត្ថិភាព ចរាចរណ៍ជូនប្រជាពលរដ្ឋ ទោះបីក្នុងពេលជាមួយគ្នាដែលពិភពលោកក៏ដូចប្រទេសកម្ពុជាកំពុងរងការរាតត្បាតនៃជម្ងឺកូវីដ-១៩ ។
យើងទាំងអស់គ្នាចូលរួមគោរពច្បាប់ចរាចរណ៍ដើម្បីសុវត្ថិភាពរបស់យើងតាមពាក្យស្លោក៖
– ថ្ងៃនេះ ថ្ងៃស្អែតកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍
– គោរពច្បាប់ចរាចរណ៍ផ្លូវគោក ជាកាតព្វកិច្ចរបស់អ្នកប្រើប្រាស់ផ្លូវគ្រប់រូប
– បើកបរលើសល្បឿនដែលច្បាប់កំណត់ ងាយប្រឈមនឹងគ្រោះថ្នាក់
– បើស្រវឹង សូមកុំបើកបរ
– គោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក គឺគោរពជីវិតខ្លួនឯង និងអ្នកដទៃ
– គោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក គឺលើកកម្ពស់កិត្យានុភាពជាតិ
– ការពារជីវិតអ្នក ត្រូវពាក់មួកសុវត្ថិភាព៕

អត្ថបទដែលជាប់ទាក់ទង