ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរាជធានីថា៖ ការអនុវត្តសេចក្តីសំរេច របស់រដ្ឋបាលរាជធានី ក្នុងរយៈពេល៤ថ្ងៃ ពិនិត្យឃើញថា ល្អប្រសើរ តែអស់លោកត្រូវជំរុញ ឱ្យអនុវត្តឱ្យបានម៉ឺងម៉ាត់បន្ថែមទៀត

31

ភ្នំពេញ៖ លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ៖ការដាក់ចេញនូវសេចក្តីសំរេចរបស់រាជរដ្ឋាភិបាល ក្នុងការបិទខ្ទប់៨ខេត្តនិងសេចក្តីសំរេចលេខ២៤៩/២១សសរ របស់រដ្ឋបាលរាជធានីភ្នំពេញ លើវិធានការរដ្ឋបាលនៃការបិទបំរាមគោចរក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សម្រាប់រយៈពេល ១៤ (ដប់បួន) ថ្ងៃ គិតចាប់ពីម៉ោង ២៣:៥៩ នាទី នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១នេះ ធ្វើឡើងក្នុងគោលបំណងតែមួយគត់ គឺដើម្បីរក្សាអាយុជីវិតបងប្អូនប្រជាពលរដ្ឋឱ្យជៀសផុតពីជំងឺកូវីដ-១៩ ពិសេសវុីរីសបំម្លែងថ្មីដែលតា (DETA) ។

ការបញ្ជាក់បែបនេះរបស់លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានធ្វើឡើងក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ តាមរយៈ video conference នាព្រឹកថ្ងៃទី០៣ សីហា ឆ្នាំ២០២១នៅសាលារាជធានីភ្នំពេញ។
លោកឃួង ស្រេងបានមានប្រសាសន៍លើកឡើងថា ៖ការអនុវត្តនូវសេចក្តីសម្រេចលេខ២៤៩/២១សសរ របស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ឃើញថា ទាំងកម្លាំងកងរាជអាវុធហត្ថរាជធានី ស្នងការប៉ូលីសរាជធានី និងអាជ្ញាធរខណ្ឌទាំង១៤ អនុវត្តការងារនេះបានយ៉ាងល្អប្រសើរណាស់ ហើយប្រជាពលរដ្ឋក៏បានចូលរួមយ៉ាងសកម្មផងដែរ មានន័យថា ដល់ម៉ោងអនុវត្តគឺប្រជាពលរដ្ឋ មិនមានធ្វើដំណើរលើដងផ្លូវនោះទេ ។ប៉ុន្តែទោះបីជាយ៉ាងណាក្តី ការងារនេះក៏នៅមានចំណុច ចន្លោះប្រហោងមួយចំនួនដែរ ដោយសារតែនៅតាមដងផ្លូវតូចៗ នៅមានប្រជាពលរដ្ឋធ្វើដំណើរនូវឡើយ។ ដូចច្នេះលោកអភិបាលរាជធានីបានស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ជាពិសេសស្នើរឱ្យអាជាធរខណ្ឌទាំង១៤ធ្វើការណែនាំបន្តឱ្យគណះបញ្ជាការឯកភាពសង្កាត់ទាំង១០៥បន្តពង្រឹងលើការងារនេះបន្ថែមទៀត ដល់ភូមិនិងដល់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋឱ្យប្រជាពលរដ្ឋលោកចូលរួមឱ្យបានច្រើនសំដៅធ្វើយ៉ាងណាយើងរួមគ្នាឈានទៅផ្តាច់ឬសគល់ជម្ងឺកូវីដ-១៩ ពិសេសវុីរីសបំម្លែងថ្មីដែលតា (DETA) ឱ្យបាន។
លោកបន្តថា៖ក្នុងនោះឱ្យប្រជាពលរដ្ឋលោកមើលឃើញការខិតខំប្រឹងប្រែងរបស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់របស់យើងដែលយកចិត្តទុកដាក់ចំពោះពួកគាត់និងកូនចៅរបស់គាត់បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩គ្រប់គ្នាហើយពួកគាត់ជឿជាក់ទុកចិត្តលើអាជ្ញាធរយើងគាំទ្រយើង។

លោកឃួង ស្រេង បានបញ្ជាក់ទៀតថា ៖ការអនុវត្តសេចក្តីសំរេចលេខ២៤៩/២១សសរ របស់រដ្ឋបាលរាជធានីភ្នំពេញ លើវិធានការរដ្ឋបាលនៃការបិទបំរាមគោចរក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សម្រាប់រយៈពេល ១៤ (ដប់បួន) ថ្ងៃ គិតចាប់ពីម៉ោង ២៣:៥៩ នាទី នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១នេះ កម្លាំងទាំងអស់ត្រូវអនុវត្តឱ្យបានតឹងរឹងបំផុត ហើយចំពោះអ្នកល្មើស ត្រូវឃាត់ទាំងមនុស្ស ឃាត់ទាំងយានយន្តនិងផាកពិន័យទៅតាមច្បាប់ ដោយមិនមានការលើកលែងនោះទេ។ លោកថា ចាប់ពីម៉ោងនេះទៅ មិននិយាយពីការអប់រំទៀតទេ ។ វាល្មមដល់ពេលហើយ ព្រឹត្តការណ៍សហគមន៍២០គុម្ភៈ គិតមកដល់ពេលនេះមានរយៈពេល៩ខែហើយ ប្រជាពលរដ្ឋគួរយល់ដឹងហើយ មិនត្រូវល្មើសនោះទេ។
បន្ថែមពីលើនេះទៀត ដើម្បីចូលរួមទប់ស្កាត់ឲ្យបាននូវការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ពិសេសការរីករាលដាលវុីរីសប្រភេទថ្មី (ដែលតា)នេះដែរ ។
លោកឃួង ស្រេង បានស្នើឱ្យគ្រប់មន្ទីរទាំងអស់ចំណុះអោយរដ្ឋបាលរាជធានីភ្នំពេញ គឺត្រូវដាក់បដា ៣ការពារ ៣កុំនៅក្នុងអង្គភាពរបស់ខ្លួន ដើម្បីបង្ហាញឱ្យឃើញពីការចូលរួមក្នុងការកាត់ផ្តាច់ឬសគល់ជម្ងឺកូវីដ-១៩ឱ្យបាន៕

អត្ថបទដែលជាប់ទាក់ទង