ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សៀវភៅ យុទ្ធសាស្រ្តគយ ស្តីពីអនុលោមភាព និងការអនុវត្តច្បាប់ ជួយលើកកម្ពស់ការយល់ដឹង ឱ្យកាន់តែទូលំទូលាយបន្ថែមទៀត ដល់មន្រ្តីគយ និងរដ្ឋាករ

53

ភ្នំពេញ ៖ ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយក នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា
បានគូសបញ្ជាក់ថា សៀវភៅ យុទ្ធសាស្រ្តគយ ស្តីពីអនុលោមភាព និងការអនុវត្តច្បាប់ ឆ្នាំ២០២០ -២០២៣ ត្រូវបានបោះពុម្ភ និងផ្សព្វផ្សាយជាភាសាខ្មែរ ដើម្បីលើកកម្ពស់ការយល់ដឹងឱ្យកាន់តែទូលំទូលាយបន្ថែមទៀតដល់មន្រ្តីគយ និងរដ្ឋាករ ជាពិសេសដើម្បីផ្សព្វផ្សាយដល់ដៃគូអភិវឌ្ឍ ផ្នែកឯកជន និងភាគីពាក់ព័ន្ធ។

បើតាមសេចក្តីប្រកាសព័ត៌មាន របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ នៅព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១នេះឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយក នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងលោកស្រី KAMEI Haruko ប្រធានទីភ្នាក់ងារសហប្រតិបត្ដិការអន្ដរជាតិជប៉ុនប្រចាំនៅកម្ពុជា (Japan International Cooperation Agency-JICA Cambodia) បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលសៀវភៅ «យុទ្ធសាស្រ្តគយ ស្តីពីអនុលោមភាព និងការអនុវត្តច្បាប់» ជាភាសាអង់គ្លេសចំនួន ២,០០០ក្បាល។

ឯកឧត្តមរដ្ឋមន្រ្តីប្រតិភូ បានគូសបញ្ជាក់ថា សៀវភៅ យុទ្ធសាស្រ្តគយ ស្តីពីអនុលោមភាព និងការអនុវត្តច្បាប់ ឆ្នាំ២០២០ -២០២៣ ត្រូវបានបោះពុម្ភ និងផ្សព្វផ្សាយជាភាសាខ្មែររួចរាល់។ ដើម្បីលើកកម្ពស់ការយល់ដឹង ឱ្យកាន់តែទូលំទូលាយបន្ថែមទៀត ដល់មន្រ្តីគយ និងរដ្ឋាករ ជាពិសេសដើម្បីផ្សព្វផ្សាយដល់ដៃគូអភិវឌ្ឍ ផ្នែកឯកជន និងភាគីពាក់ព័ន្ធ ក៏ដូចជាសម្រាប់ប្រើប្រាស់ជាឯកសារស្រាវជ្រាវ និងស្វែងយល់លើការងារគយ ស្តីពីអនុលោមភាព និងការអនុវត្តច្បាប់នោះ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានរៀបចំបកប្រែយុទ្ធសាស្រ្តនេះ ជាភាសាអង់គ្លេស ក្រោមការជួយគាំទ្រពីអ្នកជំនាញការ នៃមូលនិធិហិរញ្ញវត្ថុអន្តរជាតិ (IMF) និងបានទទួលការឧបត្ថម្ភបោះពុម្ភ ដោយ JICA Cambodia។

លោករដ្ឋមន្រ្តីប្រតិភូ ក៏បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ចំពោះអង្គការ JICA នូវការ ផ្តល់ជំនួយបច្ចេកទេសជាបន្តបន្ទាប់ ក្នុងការចូលរួមកសាងសមត្ថភាព អគរ ឱ្យកាន់តែមានភាពរឹងមាំ។

អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងតំណាង JICA បានប្តេជ្ញាចិត្តថា នឹងបន្តពង្រឹងកិច្ចសហការ ជាមួយគ្នាឱ្យកាន់តែជិតស្និទ្ធថែមទៀត ក្នុងគោលដៅសម្រួលពាណិជ្ជកម្ម កែលម្អបរិយាកាសធុរកិច្ច ក៏ដូចជាចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែល្អប្រសើរ៕

អត្ថបទដែលជាប់ទាក់ទង