ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

៥ថ្ងៃការអនុវត្តបម្រាមគោចរ អាជ្ញាធរឃាត់យាន្តយន្តសរុប១២០៥គ្រឿង

45

រាជធានីភ្នំពេញ ៖ អាជ្ញាធររាជធានីភ្នំពេញបានឃាត់យាន្តយន្តសរុបចំនួន១២០៥គ្រឿង ក្នុងរយៈ ពេល អនុវត្តបម្រាមគោចររយៈពេល៥ថ្ងៃមកនេះ ក្នុងនោះមានរថយន្តចំនួន៣៤៥គ្រឿង និងបានធ្វើការផាកពិន័យហើយចំនួន៣១១គ្រឿងក្នុងនោះមានរថយន្តចំនួន៨៣គ្រឿង ។

នេះតាមការបញ្ជាក់អោយដឹងពីលោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលជាតិប្រាប់អោយដឹងនៅព្រឹកថ្ងៃទី០៤ សីហានេះ។លោកវរសេនីយ៍ឯក សាន សុខសីហាបានបន្តអោយដឹងទៀតថាចំពោះយាន្តយន្តផ្សេងទៀតត្រូវបានយកមករក្សាទុកនៅតាមបណ្តាខណ្ឌចំនួន២៨៨គ្រឿងក្នុងនោះមានរថយន្តចំនួន៥៧គ្រឿង។ ជាមួយនោះដែរ អាជ្ញាធរនិងបន្តអនុវត្តន៍អោយបានតឹងរឹងបន្ថែមទៀត តាមបទបញ្ជារបស់ឯកឧត្តមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញក៏ដូចជាឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដោយបង្កើតអោយមានក្រុមអន្តរាគមន៍ពិសេសជាច្រើនក្រុមដើម្បីចល័តតាមគ្រប់ច្រកល្ហកក៏ដូចជាតាមផ្លូវតូចៗនិងបណ្តាខណ្ឌតាមជាយក្រុងដើម្បីត្រួតពិនិត្យមើលនៅមានហាងដែលបើកលក់ដូរ និងអ្នកដែលបន្តល្មើសជួបជុំប្រមូលផ្តុំផឹកស៊ី ល្មើសនិងបម្រាមគោចរ។

អ្នកនាំពាក្យស្នងការដ្ឋាននគរបាលជាតិបានបញ្ចាក់ថា ជាលទ្ធផលអាជ្ញាធរបានធ្វើការឃាត់ខ្លួនអ្នកប្រព្រឹត្តល្មើសចំនួន២១នាក់ ដែលក្នុងនោះនៅខណ្ឌជ្រោយចង្វារចំនួន១៦នាក់ដែលសុទ្ធតែជាក្មេងទំនើង មានសារធាតុស្រវឹងក្នុងខ្លួន ខណ្ឌពោធិ៍សែនជ័យឃាត់បានអ្នកជួបជុំផឹកស៊ីចំនួន៣នាក់ខណ្ឌទួលគោក១នាក់និងខណ្ឌកំបូល១នាក់។

លោកវរសេនីយ៍ឯក សាន សុខសីហា បានបន្ថែមអោយដឹងថាចំពោះលទ្ធផលនៃការអនុវត្តច្បាប់បម្រាមគោចរសំរាប់យប់មិញប្រៀបទៅយប់ថ្ងៃទី០៣ សីហានេះមានការថយចុះគួរអោយកត់សម្គាល់ ក្នុងនាមអាជ្ញាធរក៏បានសំណូមពរអោយប្រជាពលរដ្ឋទាំងអស់ចូលរួមទាំងអស់គ្នា ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ជាពិសេសគឺប្រភេទបម្លែងថ្មីឌែលតា (Delta) ៕

អត្ថបទដែលជាប់ទាក់ទង