ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផឹកស៊ីទំនាស់សំដីគ្នា កាប់នឹងពូថៅបណ្តាលឲ្យរងរបួសធ្ងន់ដេរចំនួន៣១ថ្នេរ

91

 

ខេត្តបន្ទាយមានជ័យ ៖ យុវជន០១នាក់ ត្រូវបានគូទំនាស់កាប់នឹងពូថៅ ត្រូវ០៧កន្លែង បណ្តាលឲ្យរងរបួសធ្ងន់ដេរចំនួន៣១ថ្នេរ ព្រោះទំនាស់ពាក្យសំដីគ្នាក្នុងពេលផឹកស៊ី ។ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១០យប់ថ្ងៃទី០២ខែសីហាឆ្នាំ២០២១ នៅចំណុចមុខបន្ទប់ស្នាក់នៅក្នុងដីរបស់ក្រុមហ៊ុនដីឡូត៍ លោកឧកញ៉ា ឡេង ណាវ៉ាត្រា ស្ថិតនៅភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ឯកបេន សំអាត អធិការនគរបាលស្រុកម៉ាឡៃ បានឲ្យដឹងថា ៖ នៅថ្ងៃទី០៣ខែសីហា ឆ្នាំ២០២១ វេលាម៉ោង០៩ព្រឹក នគរបាលប៉ុស្តិ៍រដ្ឋបាលឃុំទួលពង្រ ស្រុកម៉ាឡៃ បានទទួលបណ្តឹងពីជនរងគ្រោះឈ្មោះ រ៉ុន រ៉េន ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិ​អូរល្ហុង ឃុំអូររំដួលស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ស្នាក់នៅបន្ទប់ក្នុងដីរបស់ក្រុមហ៊ុនដីឡូត៍ លោកឧកញ៉ា ឡេង ណាវ៉ាត្រាស្ថិតនៅភូមិអូរអំពិល ឃុំទួលពង្រ បានប្តឹងថា៖ថ្ងៃ០២ខែសីហាឆ្នាំ ២០២១វេលាម៉ោង១០យប់ មានឈ្មោះ លី និច្ច ហៅពែក ភេទប្រុស អាយុ២០ឆ្នាំ,ស្រុកកំណើតភូមិសាយសាម៉ន ឃុំចំណោម ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បច្ចុប្បន្ននៅភូមិទួលប្រាសាទ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ បានយកពូថៅធ្វើសកម្មភាពដេញកាប់ខ្លួន ខណៈពេលខ្លួនរត់ដួលត្រូវឈ្មោះលី និច្ចហៅពែក កាប់ត្រូវ០៧កន្លែងនិងដេរ៣១ថ្នេរ បន្ទាប់ពីធ្វើសកម្មភាពរួចជនដៃដល់បានរត់គេចខ្លួនបាត់ ។

លោកអធិការបានបញ្ជាក់ថា៖ តាមការស្រាវជ្រាវនៅមុនពេលកើតហេតុជនរងគ្រោះនិងជនដៃដល់បានផឹកស៊ីជាមួយគ្នា បន្ទាប់មកក៏មានទំនាស់ពាក្យសំដី និងគ្នារហូតឈានដល់មានអំពើហឹង្សានេះកើតឡើង ។ករណីនេះកម្លាំងនគរបាលស្រុកម៉ាឡៃ កំពុងតែស្រាវជ្រាវរកជនដៃដល់ ដើម្បីឃាត់ខ្លួនយកមកសួរនាំនិងចាត់ការតាមនិតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង