ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងសាធារណការ និងភាគីពាក់ព័ន្ធ គ្រោងស្នើសុំគោលការណ៍ ធ្វើជាច្បាប់ចរាចរណ៍ផ្លូវគោកថ្មី

125

 

ភ្នំពេញ ៖ ក្រោយបញ្ចប់ការពិភាក្សាសួរដេញដោល ១៩លើក លើវិសោធនកម្មច្បាប់ចរាចរណ៍ផ្លូវគោក ក្រុមការងារជំនាញក្រសួងសាធារណការ និងដឹកជញ្ជូន និងភាគីពាក់ព័ន្ធ គ្រោងស្នើសុំគោលការណ៍ ឯកភាពធ្វើជាច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ។

ថ្ងៃពុធ ទី០៤ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការពិនិត្យ និងពិភាក្សាលើវិសោធនកម្មច្បាប់ចរាចរណ៍ផ្លូវគោក ដោយមានការចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធ វីដេអូពីចម្ងាយ ពីថ្នាក់ដឹកនាំក្រសួងទទួលបន្ទុក ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត អ៊ុក គឹមលេខ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ មន្ត្រីជំនាញមកពីអង្គភាពក្រោមឱវាទក្រសួង និងភាគីពាក់ព័ន្ធផងដែរ។

កិច្ចប្រជុំពិភាក្សានេះបានប្រព្រឹត្តទៅរយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ ក្នុង គោលបំណងពិភាក្សាលើការប្រមូលធាតុចូល ក៏ដូចជាកែសម្រួលអត្ថន័យ ពាក្យ ពេចន៍ ឃ្លាប្រយោគ អក្ខរាវិរុទ្ធនៃសេចក្តីព្រាងវិសោធនកម្មច្បាប់ចរាចរណ៍ផ្លូវគោកឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ សំដៅឱ្យ អ្នកប្រើប្រាស់ផ្លូវថ្នល់ទាំងអស់គោរពច្បាប់ចរាចរណ៍ឱ្យបានម៉ឺងម៉ាត់ និងឈានទៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឱ្យមកនៅកម្រិតទាបបំផុត។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានស្នើឱ្យអង្គប្រជុំទាំងមូលចូលរួមផ្តល់ធាតុចូល និងមតិយោបល់ឱ្យបានផុលផុស ដើម្បីបំពេញបន្ថែមទៅលើចំណុចខ្វះខាតនៃសេចក្តីព្រាងវិសោធនកម្មច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដើម្បីពន្លឿនការរៀបចំសេចក្តីព្រាងវិសោធនកម្មច្បាប់នេះឱ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន ដើម្បីដាក់ឆ្លងកិច្ចប្រជុំអន្តរក្រសួងនាពេលខាងមុខ។

សូមជម្រាបជូនថា៖ វិសោធនកម្មច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកនេះ បានឆ្លងកាត់ការសិក្សា និងប្រជុំពិភាក្សា យ៉ាងផុលផុសពីសំណាក់ក្រុមការងារជំនាញសរុបចំនួន១៧លើក គិតចាប់ពីខែឧសភា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ និងកិច្ចប្រជុំពិភាក្សាចំនួន២លើកបន្ថែមទៀតដែលដឹកនាំដោយ ឯកឧត្តមទេសរដ្ឋមន្ត្រីនាពេលនេះផងដែរ។

នៅក្នុងកិច្ចប្រជុំនេះ អង្គប្រជុំបានពិភាក្សាលើវាក្យសព្ទ មាត្រាកែសម្រួលថ្មី និងមាត្រាបន្ថែមថ្មីនៃសេចក្តីព្រាងវិសោធនកម្មច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងបានឯកភាពបញ្ចូលការកំណត់ល្បឿនបើកបរនៅលើផ្លូវល្បឿនលឿនចូលទៅក្នុងអនុក្រឹត្យស្តីពីការកំណត់ល្បឿនមុនដំណើរការផ្លូវល្បឿនលឿន។

ក្រោយពីបានពិភាក្សាសួរដេញដោលចប់សព្វគ្រប់ និងដោយយល់ឃើញថាវិសោធនកម្មច្បាប់នេះបានធ្វើ ឡើងជាច្រើនលើកច្រើនសារ និងមានមាត្រាចំនួន៤៨ ក្នុងចំណោម៩២មាត្រា ត្រូវបានធ្វើវិសោធនកម្ម អង្គប្រជុំបានឯកភាពរៀបចំចងក្រងខ្លឹមសារ កែសម្រួលពាក្យពេចន៍ ឃ្លា ប្រយោគនៃវិសោធនកម្មច្បាប់នេះឱ្យបានច្បាស់លាស់ ដើម្បីគោរពស្នើសុំគោលការណ៍ឯកភាពធ្វើជាច្បាប់ថ្មីពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក។

ជាទីបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អង្គប្រជុំ និងក្រុមការងារជំនាញដែលបានជជែកពិភាក្សាផ្តល់ធាតុចូល និងមតិយោបល់យ៉ាងផុលផុសក្នុងការខិតខំប្រឹងប្រែង ធ្វើវិសោធនកម្មច្បាប់នេះឱ្យទទួលបានលទ្ធផលល្អប្រសើរ និងសូមថ្លែងអំណរគុណដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលបានចូលរួមកិច្ចប្រជុំថ្ងៃនេះដោយផ្ទាល់និងតាមវីដេអូពីចម្ងាយ និងសូមចៀសផុតពីជំងឺកូវីដ-១៩ មានសុខភាពបរិបូណ៌ អាយុយឺនយូរ កម្លាំងពលំមាំមួន មានសុភមង្គលក្នុងក្រុមគ្រួសារដើម្បីបម្រើប្រទេសជាតិមាតុភូមិរបស់យើង។

គួរកត់សម្គាល់ថា៖ រយៈពេលកន្លងមក ការរឹតបន្តឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងការបង្កើនប្រាក់ពិន័យរបស់រាជរដ្ឋាភិបាលទៅលើបទល្មើសចរាចរណ៍ផ្លូវគោក មិនមានបំណងរកប្រាក់ចំណេញទេ ប៉ុន្តែរាជរដ្ឋាភិបាលចង់ឃើញអ្នកប្រើប្រាស់ផ្លូវទាំងឡាយទទួលបានសុខសុវត្ថិភាព គ្មានគ្រោះថ្នាក់ របួស និងស្លាប់ ដោយហេតុថាគ្រោះមហន្តរាយទាំងនេះបានបន្សល់ទុកពិការភាព ស្ត្រីមេម៉ាយ ពោះម៉ាយ និងកុមារកំព្រា ដែលធ្វើឱ្យងាយធ្លាក់ក្នុងភាពក្រីក្រ។

ជាងនេះទៅទៀត ក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយក្រសួងមហាផ្ទៃ បាននិងកំពុងអភិវឌ្ឍកម្មវិធីដកពិន្ទុបណ្ណបើកបរ និងពិន័យបទល្មើសចរាចរណ៍ផ្លូវគោក(App) និងដំណើរការរៀបចំ ប្រកាសអន្តរក្រសួងស្ដីពីនីតិវិធីនៃការដក និងបំពេញពិន្ទុឡើងវិញសម្រាប់បណ្ណបើកបរ៕

អត្ថបទដែលជាប់ទាក់ទង