ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ៖ ការកសាងច្បាប់ និងបទដ្ឋានគតិយុត្ត វិស័យពាណិជ្ជកម្ម សំដៅធ្វើឱ្យប្រសើរទ្បើង បរិយាកាសធុរកិច្ច

81

 

ភ្នំពេញ ៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ដឹកនាំគណៈប្រតិភូអន្តរក្រសួង ចូលរួមកិច្ចប្រជុំការពារ (១) សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(អាសិប) (២) សេចក្តីព្រាង ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា- រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និង (៣) សេចក្តីព្រាងច្បាប់ស្តីពីការប្រកួតប្រជែង តាមរយៈប្រព័ន្ធវីដេអូ

កាលពីរសៀលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូអន្តរក្រសួង អញ្ជើញចូលរួមកិច្ចប្រជុំការពារសេចក្តីព្រាងច្បាប់ចំនួន ៣ ៖ (១) សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងភាព ជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប) (២) សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីរវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា- រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និង (៣) សេចក្តីព្រាងច្បាប់ស្តីពីការប្រកួតប្រជែង ជាមួយថ្នាក់ដឹកនាំរដ្ឋសភា ព្រឹទ្ធសភា និងថ្នាក់ដឹកនាំគណៈកម្មការជំនាញទាំង១០ របស់រដ្ឋសភា ព្រឹទ្ធសភា នៃគណៈបក្សដឹកនាំរដ្ឋាភិបាល ដែលបានប្រារព្ធធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមរដ្ឋមន្រ្តីបានជម្រាបជូនអង្គប្រជុំថា ដោយបានចូលរួមសហការគ្នាយ៉ាងល្អប្រសើរ និងជិតស្និទ្ធជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធសំខាន់ៗ ក្រសួងពាណិជ្ជកម្ម បានសម្រេចបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាសិប កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងច្បាប់ស្តីពីការប្រកួតប្រជែងនេះទ្បើង ដែលជាសមិទ្ធផលដ៏សំខាន់ ក្នុងការខិតខំប្រឹប្រែងអនុវត្តទិសដៅការងារសំខាន់ៗ របស់រាជរដ្ឋាភិបាល ជាពិសេស ការពង្រឹងសមត្ថភាពកម្ពុជាដើម្បីបន្តសមាហរណកម្មខ្លួនចូលក្នុងសេដ្ឋកិច្ចតំបន់និងពិភពលោក ដែលបានកំណត់ក្រោម ផ្នែកទី២.២.២ ស្តីពីបរិស្ថានគ្របដណ្តប់សម្រាប់ការអនុវត្តយុទ្ធសាស្រ្តទាំងមូល នៃចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភា។

នៅក្នុងកិច្ចប្រជុំនេះផងដែរ ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបជូន ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំរដ្ឋសភា ព្រឹទ្ធសភា និងថ្នាក់ដឹកនាំគណៈកម្មការជំនាញទាំង១០ របស់រដ្ឋសភា ព្រឹទ្ធសភា អំពីខ្លឹមសារ និងអត្ថប្រយោជន៍សំខាន់ៗ រួមមានជាអាទិ៍៖

១. កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប)៖
– ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីធំជាងគេមួយក្នងតំបន់ ដោយក្នុងនោះមានការចូលរួមពីប្រទេសជាសមាជិកអាស៊នចំនួន ១០ និងប្រទេសជាដៃគូពាណិជ្ជកម្មសំខាន់ៗ ចំនួន ៥ រួមមាន ចិន ជប៉ុន កូរ៉េ នូវែលហ្សេទ្បង់ និងអូស្រ្តាលី។

– អាចឈានដល់បង្កើតបានទីផ្សារចំនួន ២,២ពាន់លាននាក់ ឬ ៣០% នៃចំនួនប្រជាជនពិភពលោក ដែលមានផលិតផលក្នុងស្រុកសរុបរួមគ្នាប្រមាណ ២៦,២ទ្រីលានដុល្លាអាម៉េរិក ឬ ៣០% នៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក និងមានចំនួនប្រមាណ ២៨% នៃទំហំពាណិជ្ជកម្មពិភពលោក (ផ្អែកលើទិន្នន័យឆ្នាំ២០១៩)។

– កិច្ចព្រមព្រៀងអាសិប ជាកិច្ចព្រមព្រៀងដែលមានលក្ខណៈទំនើប ទូលំទូលាយ គុណភាពខ្ពស់ និងផ្តល់ផលប្រយោជន៍សេដ្ឋកិច្ចឱ្យគ្នាទៅវិញទៅមក ដែលនឹងសម្រួលដល់ការពង្រីកខ្សែច្រវាក់ផ្គត់ផ្តង់ពាណិជ្ជកម្មនិងការវិនិយោគក្នុងតំបន់ ការផ្តល់សញ្ញាទៅកាន់ពិភពលោកអំពីការគាំទ្រ ប្រព័ន្ធពាណិជ្ជកម្មសេរីពហុភាគីដែលផ្អែកលើគោលការណ៍ច្បាប់ និងជាពិសេសការចូលរួមចំណែកក្នុងការស្តារសេដ្ឋកិច្ចកម្ពុជា និងតំបន់ឡើងវិញបានឆាប់រហ័សពីវិបត្តិកូវីដ-១៩។

– ផ្អែកតាមលទ្ធផលនៃការចរចា និងការសិក្សារបស់ វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ច សម្រាប់អាស៊ាន និងអាស៊ីបូ‍ព៌ា (ERIA) បានបង្ហាញថា បន្ទាប់ពីបញ្ចប់កិច្ចព្រមព្រៀងអាសិបនេះ កម្ពុជាអាចនឹងមានកំណើនប្រចាំឆ្នាំ ការនាំចេញចំនួន ៧,៣% វិនិយោគចំនួន ២៣,៤% និងផលិតផលក្នុងស្រុកសរុបចំនួនប្រមាណ ២% លើផលិតផលក្នុងស្រុកសរុប ដែលមានបច្ចុប្បន្ន។

២. ច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ៖
– ការទទួលបានការបើកទីផ្សារឱ្យបានធំជាងមុន និងប្រសើរជាងមុន សម្រាប់មុខទំនិញកសិផល បន្លែផ្លែឈើ ផលិតផលកែច្នៃ និងសិប្បកម្ម និងផលិតផលជាច្រើនទៀត ស្របពេលដែលកម្ពុជាអាចផលិតបាន និងអនុលោមតាមវិធានអនាម័យ និងស្តង់ដារ។

– ការទទួលបានលំហូរទីផ្សារពាណិជ្ជកម្មសេវាកម្ម ដែលកម្ពុជាអាចនាំចេញ ក្នុងករណីមានការបណ្តុះបណ្តាល ជំនាញ និងមានគុណវុឌ្ឍិគ្រប់គ្រាន់ ជាពិសេសនៅពេលដែលកម្ពុជាអាចពង្រឹងខ្លួនឯង ឱ្យរឹងមាំក្នុងវិស័យសេវាកម្មនាពេលអនាគត។

– ផ្តល់កាលានុវត្តភាពផ្នែកវិនិយោគដល់កម្ពុជាបានកាន់តែច្រើន ដែលនឹងផ្តល់ឱកាសដល់ធុរជនកម្ពុជា ដែលមានបំណងពង្រីកទីផ្សារសេវាកម្ម និងទំនិញនាំចេញឱ្យកាន់តែសម្បូរបែបទៅកាន់ទីផ្សារចិន។

– ការទទួលបានផលប្រយោជន៍ពីការផ្ទេរបច្ចេកវិទ្យា ចំណេះដឹង ចំណេះធ្វើ និងជំនាញថ្មីៗពីការវិនិយោគផ្ទាល់របស់បរទេស ព្រមទាំងបង្កើតការងារថ្មីៗជូនប្រជាជនកម្ពុជា ហើយក៏ជាកត្តាដ៏សំខាន់ចូលរួមពង្រឹងដល់វិស័យផលិតកម្មក្នុងស្រុក។

– ការកំណត់ឱ្យកាន់តែច្បាស់នូវរាល់នីតិវិធីទាក់ទងនឹងវិធានដើមកំណើតទំនិញ គយនិងសម្រួលពាណិជ្ជកម្ម អនាម័យ និងភូតគាមអនាម័យ និងរបាំងបច្ចេកទេសលើការធ្វើពាណិជ្ជកម្ម និងការធ្វើសាមញ្ញកម្ម ដើម្បីងាយស្រួលអនុវត្ត និងសម្រួលដល់ការធ្វើពាណិជ្ជកម្ម។ និង

– ការរៀបចំ និងការបង្កើតនូវបរិយាកាសវិនិយោគ និងនយោបាយទាក់ទាញវិនិយោគទុនពីបរទេសជាដើម។

២. ច្បាប់ស្តីពីការប្រកួតប្រជែង៖
– ការពារនឹងលើកទឹកចិត្តដល់ពាណិជ្ជករឱ្យធ្វើការប្រកួតប្រជែងដោយស្មើភាព និងស្មោះត្រង់ បង្កើនប្រសិទ្ធភាពសេដ្ឋកិច្ច និងទាក់ទាញការវិនិយោគ ក៏ដូចជាការបង្កើតធុរកិច្ចថ្មីៗឱ្យបានច្រើន

– ការពារសេដ្ឋកិច្ចជាតិពីផលប៉ះពាល់ដែលបណ្ដាលមកពីការព្រមព្រៀងមិនស្របច្បាប់ សកម្មភាពបំពានដោយប្រើជំហរឧត្តមភាពលើទីផ្សារ និងការរួមបញ្ចូលគ្នានៃធុរកិច្ចទាំងឡាយណាដែលមាន ឬអាចមានអានុភាពរារាំង រឹតត្បិត ឬបង្ខូចដល់ការប្រកួតប្រជែងគួរឱ្យកត់សម្គាល់នៅក្នុងទីផ្សារ

– ការពារសុខុមាលភាពអ្នកប្រើប្រាស់ឱ្យទទួលបានទំនិញ និងសេវាមានគុណភាពខ្ពស់ ថ្លៃទាប សម្បូរបែប និងមានជម្រើសច្រើន។

– បន្ថែមលើនេះទៅទៀត ការអនុម័តច្បាប់ស្តីពីការប្រកួតប្រជែង របស់កម្ពុជានឹងបំពេញកាតព្វកិច្ចអន្តរជាតិសំខាន់ៗចំនួន២៖
o ការបង្កើតច្បាប់ ស្តីពីការប្រកួតប្រជែង នេះជាផ្នែកមួយនៃការសន្យារ (Commitment) របស់កម្ពុជា នៅពេលចរចាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) និង
o បណ្តារដ្ឋសមាជិកអាស៊ានទាំងអស់ បានបេ្តជា្ញចិត្តដាក់ចេញនូវគោលនយោបាយប្រកួតប្រជែងនៅឆ្នាំ២០១៥ ក្រោមផែនការលម្អិតរបស់សហគមន៍សេដ្ឋកិច្ចអាស៊ាន។

ជាចុងបញ្ចប់ ថ្នាក់ដឹកនាំរដ្ឋសភា ព្រឹទ្ធសភា និងថ្នាក់ដឹកនាំគណៈកម្មការជំនាញទាំង១០ របស់រដ្ឋសភា ព្រឹទ្ធសភា បានសម្តែងគាំទ្រទាំងស្រុង ចំពោះសេចក្តីព្រាងច្បាប់ទាំងបីខាងលើ និងបានសម្តែងការកោតសរសើរ ចំពោះក្រសួងពាណិជ្ជកម្ម និងក្រុមការងារចរចាអន្តរក្រសួង-ស្ថាប័ន ដែលដឹកនាំដោយឯកឧត្តមរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ដែលបានខិតខំកសាងច្បាប់ និងបទដ្ឋានគតិយុត្តវិស័យពាណិជ្ជកម្ម សំដៅធ្វើឱ្យប្រសើរទ្បើងបរិយាកាសធុរកិច្ច និងជាពិសេសការខិតខំប្រឹងប្រែង បញ្ចប់ការចរចាកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីទាំងពីរខាងលើ ប្រកបដោយជោគជ័យ ស្របតាមអាណត្តិផ្តល់ជូនដោយប្រមុខរាជរដ្ឋាភិបាល៕

 

អត្ថបទដែលជាប់ទាក់ទង