ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានីភ្នំពេញ សម្រេចបន្ថែមទីតាំង ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនកុមារ និងយុវវ័យ

47

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញបាន សម្រេចបន្ថែមទីតាំង ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនកុមារ និងយុវវ័យ ដែលមានអាយុចាប់ពី ១២ ដល់ក្រោម ១៨ឆ្នាំទៅ មន្ទីរសម្រាកព្យាបាល អូឡាំព្យា មេឌីខល ដែលបានស្ម័គ្រចិត្តចូលរួម ផ្តល់សេវាចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រាប់កុមារ និងយុវវ័យ ដោយឥតគិតថ្លៃ។

រដ្ឋបាលរាជធានីភ្នំពេញ មានកិត្តិយសសូមជម្រាប ជូនបងប្អូនប្រជាពលរដ្ឋដែលជាមាតាបិតា និងអាណាព្យាបាល ព្រមទាំងសាធារណជនទាំងអស់ មេត្តាជ្រាបថា កន្លងមករដ្ឋបាលរាជធានីភ្នំពេញ ធ្លាប់បានជូនដំណឹងអំពីយុទ្ធនាការចាក់ វ៉ាក់សាំង សម្រាប់កុមារ និងយុវវ័យដែលមានអាយុចាប់ពី ១៦២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ នៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក សរុបចំនួន ៣៩ទីតាំង នៅក្នុងភូមិសាស្ត្រខណ្ឌទាំង១៤ នៃរាជធានីភ្នំពេញចាប់ពីថ្ងៃទី០១ រហូតដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ សម្រាប់ដូសទី១។ បន្ទាប់ពីការប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩. សម្រាប់ កុមារ និងយុវវ័យដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងក្រោយពីទទួលបានការជូនដំណឹងរបស់ក្រសួងស្ថាប័នមាន សមត្ថកិច្ចពាក់ព័ន្ធ រដ្ឋបាលរាជធានីភ្នំពេញ សង្កេតឃើញថាមានមាតាបិតា និងអាណាព្យាបាលជាច្រើនបាននាំបុត្រធីតា និងសាច់ញាតិរបស់ខ្លួនមកទទួលវាក់សាំងបង្ការជំងឺកូវីដ-១៩មានចំនួនយ៉ាងច្រើនកុះករ ដែលកាយវិការនេះបានបង្ហាញ ឱ្យឃើញពីការរួមចំណែករបស់ប្រជាពលរដ្ឋក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសការចាក់វ៉ាក់សាំង ដើម្បីបង្កើតភាពស៊ាំក្នុងសហគមន៍។ ដើម្បីជំរុញឱ្យការចាក់វ៉ាក់សាំងប្រព្រឹត្តទៅបានលឿន និងឆាប់រហ័សស្របតាម ផែនការកំណត់ រដ្ឋបាលរាជធានីភ្នំពេញ អនុញ្ញាតជូន មន្ទីរសម្រាកព្យាបាល អូឡាំព្យា មេឌីខល ដែលបានស្ម័ត្រចិត្តចូលរួម ផ្តល់សេវាចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រាប់កុមារ និងយុវវ័យដែលមានអាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ ដោយឥតគិតថ្លៃ។ អាស្រ័យហេតុនេះ សូមមាតាបិតា និងអាណាព្យាបាល ដែលមានទីលំនៅបច្ចុប្បន្ន ស្ថិតក្នុងខណ្ឌ៧មករា អញ្ជើញយកបុត្រ នឹងសាច់ញាតិរបស់ខ្លួនទៅទទួលយកសេវាចាក់វ៉ាក់សាំងដោយឥតគិតថ្លៃនៅ មន្ទីរសម្រាកព្យាបាល អូឡាំព្យា មេឌឺខល ដែលមានទីតាំងនៅអូឡាំព្យាស៊ីធី អគារស៊ី៥ ផ្លូវ១៦១ សង្កាត់វាលវង់ ខណ្ឌ៧មករា។

ទន្ទឹមនឹងនេះ រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវ និងលើកទឹកចិត្តដល់មន្ទីរសម្រាកព្យាបាលឯកជនទាំងអស់ ដែលមានបំណងចង់ចូលរួមផ្ដល់ សេវាចាក់វ៉ាក់សាំងដើម្បីការពារខឿនសុខុមាលភាពសាធារណៈ ដោយឥតគិតថ្លៃជូនដល់ កុមារ និងយុវវ័យដែលមានអាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ អាចធ្វើការស្នើសុំដោយ ភ្ជាប់មកជាមួយនូវឯកសារគតិយុត្ត និងលិខិតបញ្ជាក់ផ្សេង១ ចេញដោយ សា្ថប័នមានសមត្ថកិច្ច មក រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជាមូលដ្ឋាន ក្នុងការពិនិត្យ សម្រេចជូន៕

អត្ថបទដែលជាប់ទាក់ទង