ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកម្នាង អ៊ុក ផល្លា ទទួលមរណភាព សម្តេចក្រុមព្រះដឹកតាមឧទ្ធម្ភាគចក្រ មកសង្គ្រោះនៅភ្នំពេញ

251

ព្រះសីហនុ៖ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរ រថយន្តពីរគ្រឿងបុកគ្នា បណ្តាលឲ្យ អ្នកម្នាង អ៊ុក ផល្លា បានទទួលមរណភាព នៅវេលាម៉ោងជាង១២រសៀល​ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨នេះ ចំណែកសម្តេចក្រុមព្រះ នរោត្តម​ រណឬទ្ធិ ត្រូវបានដឹកតាមឧទ្ធម្ភាគចក្រ មកសង្គ្រោះនៅមន្ទីរពេទ្យនៅរាជធានីភ្នំពេញ។

បើតាមការផ្សព្វផ្សាយរបស់ផេកហ្វេសប៊ុក Royal du Cambodge “សូមចូលរួមរំលែកមរណៈទុក្ខ យ៉ាងក្រៀមក្រំជូនចំពោះ អ្នកម្នាង អ៊ុក ផល្លា នៃ សម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ ដែលបានទទួលមរណភាព ដោយគ្រោះថ្នាក់ចរាចរ នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨ សូមវិញ្ញាណក្ខន្ធ អ្នកម្នាង បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ”។ ផេកដដែល បានផ្សាយបន្តថា “សូមបួងសួងដល់គុណបុណ្យ ព្រះរតនត្រ័យកែវទាំងបី អស់វត្ថុស័ក្តិសិទ្ធិក្នុងលោក គុណបុណ្យព្រះបារមី អតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គ ជាពិសេសបារមីតេជានុភាព ព្រះវិញ្ញាណក្ខន្ធ នៃព្រះករុណា ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត មេត្តាតាមគ្រងអភិបាល ថែរក្សាការពារ សម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ ឲ្យរួចចាកផុតពីគ្រោះទាំងពួង”។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានថ្លែងថា អ្នកម្នាង អ៊ុក ផល្លា ពិតជាបានសោយទិវង្គត តាំងពីវេលាម៉ោង១២៖២៣នាទី ដោយសាររបួសធ្ងន់ធ្ងរពេក។ ខណៈដែលសម្ដេចក្រុមព្រះត្រូវបានដឹកតាមឧទ្ធម្ភាគចក្រ មកសង្គ្រោះបន្ដនៅរាជធានីភ្នំពេញ។

សម្ដេចក្រុមព្រះ នរោត្ដម រណឬទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច និងអ្នកម្នាង អ៊ុក ផល្លា រួមជាសមាជិកគណបក្សហ៊្វុនស៊ិនប៉ិច បានចុះទៅជួបសំណេះសំណាលជាមួយសមាជិក សមាជិកា បក្ស ខណៈពេលដល់ពេលបោះឆ្នោត ហើយក៏បានជួយគ្រោះថ្នាក់ចរាចរនៅម៉ោងជាង ៩ព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨នេះ នៅភូមិអូរតាសេក ឃុំអូរចំណារ ស្រុកព្រៃណប់ ខេត្ដព្រះសីហនុ ។

លោកឧត្តមសេនីយ៍ ជួន ណារិន បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរនេះ បង្កឡើងដោយរថយន្តឈ្នួលមួយគ្រឿង ម៉ាកហាយលែនឌើ ពាក់ស្លាកលេខភ្នំពេញ 2L-9667 ធ្វើដំណើរពីខេត្ដព្រះសីហនុ ទៅកាន់រាជធានីភ្នំពេញ ដោយបើកលឿន និងវ៉ាជែងរថយន្តនៅពីមុខ តែវ៉ាមិនផុត ក៏វ៉ាក់អើ ហើយរេចង្កូតបុកចូលព្រះទីនាំង របស់សម្តេចក្រុមព្រះតែម្តង។ គ្រោះថ្នាក់នេះសម្តេចក្រុមព្រះ និងអ្នកម្នាងអ៊ុក ផល្លា រងរបួសធ្ងន់។ រីឯភាគីរថយន្តឈ្នួលហាយលែនឌើ រងរបួស៥នាក់។ រថយន្តរបស់សម្តេចក្រុមព្រះម៉ាក BMW ប្រភេទ X3 ពណ៌ទឹកប្រាក់ ស្លាកលេខ រដ្ឋសភា ៥ ២.០៩០ រងការបុកខូចខាតយ៉ាងដំណំ ផ្នែកខាងមុខស្ទើរតែទាំងស្រុង។

ឧប្បត្តិគ្រោះថ្នាក់ចរាចរនៅខេត្តព្រះសីហនុ សម្តេចក្រុមព្រះ និងអ្នកម្នាង ជិះម៉ាក BMW ប្រភេទ X3 និងនៅខេត្តកំពង់ចាមនោះ គឺសម្តេចក្រុមព្រះ និងអ្នកម្នាង បានជិះរថយន្ត BMW ប្រភេទ X5 (Smart Key) តម្លៃជាង ១៧ម៉ឺនដុល្លារ ដែលអាចនិយាយបានថាទំនងជារថយន្តម៉ាក BMW ស៊យ លើសម្តេចក្រុមព្រះ និងអ្នកម្នាង បានជាជួបនូវគ្រោះចង្រៃ រហូតដល់ទៅពីរលើក ដែលលើកទី១ ធ្វើឲ្យអ្នកម្នាងរបួសធ្ងន់ ត្រូវបញ្ជូនទៅព្យាបាលដល់ប្រទេសថៃ ហើយលើកទី២នេះ បានធ្វើឲ្យអ្នកម្នាង បាត់បង់ជីវិតតែម្តង។

សូមបញ្ជាក់ នៅក្នុងគ្រោះថ្នាក់ចរាចរ ដ៏គួរឲ្យភ្ញាក់ ផ្អើលចំក្បួនព្រះទីនាំង(រថយន្ត) របស់សម្តេចក្រុមព្រះ នៅលើកំណាត់ផ្លូវជាតិលេខ៧ ក្នុងភូមិសាស្រ្តស្រុកព្រៃឈ ខេត្តកំពង់ចាម វេលាម៉ោងជាង ១២ និង៥០នាទីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៥ បណ្តាលឲ្យសហសេវិករបស់ព្រះអង្គ និងអ្នកម្នាង អ៊ុក ផល្លា រងរបួសសរុប៦នាក់។ ឧប្បត្តិហេតុនេះ ពុំត្រូវបានគណបក្សហ៊្វុនស៊ិនប៉ិច អះអាងថា ជារឿងនយោបាយនោះទេ ដោយបាន ចាត់ទុកថា នេះជាឧប្បត្តិហេតុ ហើយនិងការធ្វេសប្រហែសរបស់ក្រុមក្បួនព្រះទីនាំង របស់ព្រះអង្គតែប៉ុណ្ណោះ ដែលបានពើបប្រទះជាមួយរថយន្តដឹកដី៕

 

      

អត្ថបទដែលជាប់ទាក់ទង