ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្តព្រូស វ៉ាជែងបុករថយន្តហាយឡែនឌ័រ ក្រឡាប់ផ្ងារជើង ស្លាប់ម្នាក់ របួសធ្ងន់ស្រាល៤នាក់

57

 

ខេត្តព្រះសីហនុ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត និងរថយន្ត បណ្តាលឲ្យយុវជនម្នាក់បានស្លាប់នៅនឹងកន្លែង និង មនុស្ស៤នាក់ផ្សេងទៀត បានរងរបួសធ្ងន់ ស្រាល នៅលើផ្លូវជាតិលេខ៤ ចន្លោះkm ១៥៦/១៥៧ ស្ថិតក្នុងភូមិអូរតាហយ ឃុំស្ទឹងឆាយ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២២សីហា កាលពីវេលាម៉ោង១១ និង៤០នាទី ។

អធិការនគរបាលស្រុកកំពុងសិលា បានគូសបញ្ជាក់ថា ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានបណ្តាលឲ្យមនុស្សម្នាក់បានស្លាប់ ហើយ៤នាក់ផ្សេងទៀត បានរងរបួសធ្ងន់ ស្រាល បន្ទាប់ពីមានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្ត និងរថយន្ត បុកគ្នាក្នុងទិសដៅផ្ទុយគ្នា ដោយមានរថយន្ត១គ្រឿងម៉ាក ព្រូសពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ ២BC ៣៤១៣ ទិសដៅពីភ្នំពេញ ឆ្ពោះទៅខេត្តព្រះសីហនុ លុះមកដល់ចំណុចខាងលើ បានវ៉ាជែងផ្លូវកោងទៅបុករថយន្តមួយគ្រឿងម៉ាក ហាយឡែនឌ័រ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ ២AG ៨១៤៨។

ប្រភពដដែលបានបន្តថា ហេតុការណ៍នេះ បណ្តាលឲ្យភាគីអ្នករួមដំណើរ ក្នុងរថយន្តហាយឡែនឌ័រ ចំនួន ០៥នាក់ប្រុស ស្លាប់០១នាក់ រងរបួសស្រាល០៤នាក់ ១/ឈ្មោះ វ័រ អំ ភេទប្រុស អាយុ៤១ឆ្នាំ មានទីលំនៅភូមិព្រៃព្នៅ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង (ស្លាប់) ២/យូ ភារម្យ ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិបឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ អ្នកបើកបររថយន្ត រងរបួសស្រាល ៣/ឈ្មោះ ធេន ជ្រា ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង របួសស្រាល ៤/ឈ្មោះ យាន ឡោះ ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិសូវង្ស ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង របួសស្រាល ៥/ឈ្មោះ យ៉ង់ លីម ភេទប្រុស អាយុ៤៨ឆ្នាំ មានទីលំនៅភូមិសូវង្ស ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង របួសស្រាល។

ក្រោយពេលកើតហេតុភាគី រថយន្តព្រូសបានរត់គេចខ្លួនបាត់។ បច្ចុប្បន្នអ្នករងរបួស ត្រូវបានរថយន្តសង្គ្រោះ ដឹកទៅមន្ទីរពេទ្យវាលរេញ ឯសាកសពរង់ចាំក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ចំពោះរថយន្តទាំង២គ្រឿង ត្រូវបានផ្នែកជំនាញ ស្ទូចយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកកំពង់សិលា ៕

អត្ថបទដែលជាប់ទាក់ទង