ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលខេត្តសៀមរាប រៀបចំបង្កើតយន្តការថ្មីមួយ ដើម្បីគ្រប់គ្រងបណ្តោះអាសន្នកំពង់ផែបឹងទន្លេសាបចុងឃ្នៀស អតីតកំពង់ផែ សូ ជីង

157

 

ខេត្តសៀមរាប ៖ មន្ទីរព័ត៌មានខេត្តសៀមរាប បានចេញផ្សាយព័ត៌មានថា នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១នោះ លោក លី សំរិទ្ធ និង លោក ង៉ាន់ ភិរុណ អភិបាលរងខេត្តសៀមរាប បានដឹកនាំកិច្ចប្រជុំមួយរបស់គណៈកម្មការចម្រុះខេត្តសៀមរាប ពាក់ព័ន្ធលើការគ្រប់គ្រងបណ្តោះអាសន្នកំពង់ផែទន្លេសាបចុងឃ្នៀស បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានដកហូតទីតាំងវិនិយោគមួយនេះ ចេញពីក្រុមហ៊ុន ស៊ូ ជីង ផតអ៊ីនវេសមិន ហើយបានប្រគល់ជូនរដ្ឋបាលខេត្តសៀមរាប និង គ្រឹះស្ថានអង្គរ ដើម្បីគ្រប់គ្រងជាបណ្តោះអាសន្ន ដោយមានការចូលរួមពីសំណាក់លោកលោកស្រី ជាមន្ត្រីតំណាងគ្រឹះស្ថានអង្គរ និងមន្រ្តីសំខាន់ៗមួយចំនួនទៀត មកពីបណ្តាមន្ទីរ និងអង្គភាពពាក់ព័ន្ធ ។

លោក លី សំរឹទ្ធ អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ថា កិច្ចប្រជុំនេះគឺជាការរៀបចំបង្កើតយន្តការថ្មីមួយ ដើម្បីគ្រប់គ្រងបណ្តោះអាសន្នកំពង់ផែបឹងទន្លេសាបចុងឃ្នៀស ហើយយន្តការថ្មីមួយត្រូវបានកិច្ចប្រជុំនេះពិភាក្សាបង្កើតឡើង ដើម្បីប្រសិទ្ធភាពនៃការគ្រប់គ្រងឲ្យបានល្អប្រសើរ និងផ្តោតការយកចិត្ត ឆ្ពោះទៅរកការតម្កល់ទុកផលប្រយោជន៍ជូនប្រជាសហគមន៍ បានអាស្រ័យផលពីកិច្ចដំណើរការគ្រប់គ្រងកំពង់ផែមួយនេះ ដែលត្រូវបានចាកចេញពីការធ្វើអាជីវកម្មវិនិយោគដោយវិស័យឯកជន និងត្រូវបានស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋ ។

លោក លី សំរឹទ្ធ មានប្រសាសន៍ទៀតថា ស្ថិតក្រោមការវិនិយោគគ្រប់គ្រងដោយឯកជន បញ្ហាទំនាស់ជាច្រើនត្រូវបានកើតឡើង ដូចជាបញ្ហាសមាគមកាណូតដឹកជញ្ជូនទំនិញនិងភ្ញៀវទេសចរ រួមទាំងបញ្ហាអាជីវករលក់ដូរជាដើម ប៉ុន្តែបញ្ហាទាំងនោះនឹងត្រូវបានបញ្ចប់ជាស្ថាពរ ចាប់ពីពេលដែលកំពង់ផែមួយនេះត្រូវបានគ្រប់គ្រងដោយរដ្ឋ ដូច្នេះការចេញពីវិស័យឯកជនចូលក្នុងចំណាត់ការរបស់រដ្ឋ គឺជាច្រកចេញបញ្ចប់បញ្ហាទំនាស់ នឹងរក្សាបាននូវផលប្រយោជន៍ ប្រកបដោយតម្លាភាព នៃសហគមន៍ប្រជាពលរដ្ឋនៅក្នុងតំបន់នោះ

សូមបញ្ជាក់ថា យន្តការគ្រប់គ្រងបណ្តោះអាសន្នកំពង់ផែចុងឃ្នៀស ដែលត្រូវបានបង្កើតឡើងនោះ គឺផ្អែកតាមស្មារតីនៃសេចក្តីជូនដំណឹងលេខ ៣៩៦ សជណ.ហធ ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ របស់ទីស្តីការគណៈរដ្ឋមន្រ្តី ហើយ ផែនការគ្រប់គ្រងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការងារគ្រប់គ្រងអនាម័យបរិស្ថាន ការគ្រប់គ្រងបញ្ជីសារពើភ័ណ្ឌនិងអតីតបុគ្គលិកក្រុមហ៊ុន ការផ្គត់ផ្គង់អគ្គីសនីនិងទឹក គ្រោងការចំណាយផ្សេងៗ និងការបង្កើតលេខាធិកាដ្ឋាន ដើម្បីជាសេនាធិការរបស់គណៈកម្មការចម្រុះ ដើម្បីគ្រប់គ្រងបណ្តោះអាសន្នកំពង់ផែចុងឃ្នៀស ដែលមានអភិបាលខេត្តជាប្រធាន គឺជាកម្មវត្ថុសំខាន់នៃកិច្ចប្រជុំនេះ៕

អត្ថបទដែលជាប់ទាក់ទង