ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រទេសចិន កំពុងចូលរួមជួយ ជ្រោមជ្រែង ប្រទេសកំពុងអភិវឌ្ឍ ក្នុងការទទួលបានវ៉ាក់សាំង ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

89

 

ភ្នំពេញ ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានមានប្រសាសន៍ថា ប្រទេសចិន បានក្លាយជាប្រទេសឈានមុខគេ ក្នុងការផ្តល់វ៉ាក់សាំងជំងឺកូវីដ-១៩ ដោយមិនប្រកាន់និន្នាការ ក្នុងក្របខ័ណ្ឌមនុស្សធម៌ និងការបញ្ជាទិញដោយផ្ទាល់ ជាពិសេសបាន និងកំពុងចូលរួមជួយជ្រោមជ្រែងប្រទេសកំពុងអភិវឌ្ឍ ក្នុងការទទួលបានវ៉ាក់សាំងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានថ្លែងបែបនេះ នៅល្ងាចថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១នេះ ក្នុងឱកាសអញ្ជើញទទួលជំនួយវ៉ាក់សាំង(Sinopharm) ចំនួន១០ម៉ឺនដូសជាជំនួយពីសមាគមជាតិកាកបាទក្រហមចិន ផ្តល់ជូនកាកបាទក្រហមកម្ពុជា នៅអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ។

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ជំនួយដ៏ថ្លៃថ្លា របស់កាកបាទក្រហមចិន ហើយសម្តេចមានប្រសាសន៍ថា ចាប់តាំងពីមានការផ្ទុះឡើង នូវជំងឺវីរុសកូវីដមក រដ្ឋាភិបាល និងប្រជាជនចិន បានផ្តល់ជំនួយយ៉ាងច្រើន ជូនដល់កិច្ចទប់ស្កាត់ជំងឺវីរុស នៅក្នុងប្រទេសកម្ពុជា ភាគីកម្ពុជា នឹងចងចាំក្នុងក្រអៅបេះដូងជារៀងរហូត។
សម្ដេចបានថ្លែងអំណរគុណជាពិសេស ជូនចំពោះចិនដែលបានផ្តល់វ៉ាក់សាំង យ៉ាងច្រើនដោយទាន់ពេលវេលា បានផ្តល់នូវការធានាយ៉ាងរឹងមាំ ជូនដល់ភាគីកម្ពុជា ក្នុងការទប់ស្កាត់នឹងជំងឺវីរុស ប្រកបដោយប្រសិទ្ធភាព។ កាកបាទក្រហមកម្ពុជា នឹងប្រគល់វ៉ាក់សាំងទាំងនេះ ជូនទៅកាន់ក្រសួងសុខាភិបាល សម្រាប់ការងារចាក់វ៉ាក់សាំង ក្នុងក្របខ័ណ្ឌថ្នាក់ជាតិ។ សម្តេចជឿជាក់ថា ក្រោមការគាំទ្រយ៉ាងពេញទំហឹងពីមិត្តចិន កម្ពុជាប្រាកដជានឹងអាចយកឈ្នះ លើកិច្ចប្រយុទ្ធប្រឆាំងជំងឺវីរុស យ៉ាងឆាប់រហ័ស។

ក្នុងឱកាសនោះដែរ ឯកឧត្តម Wang Wentian បានថ្លែងក្នុងសុន្ទរកថាថា ចាប់តាំងពីមានការផ្ទុះឡើង នូវជំងឺវីរុសកូវីដមក ចិននិងកម្ពុជា បានជួយគ្នាទៅវិញទៅមក បានរួមគ្នាពុះពាររាល់ឧបសគ្គទាំងឡាយ បង្កើតបានជាគំរូនៃកិច្ចសហប្រតិបត្តិការ ប្រយុទ្ធប្រឆាំងជំងឺវីរុសនៅក្នុងសហគមន៍អន្តរជាតិ។
ក្រោយពីវ៉ាក់សាំងចិន ត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ជាបន្ទាន់ ភាគីចិនបានផ្តល់ជំនួយជាវ៉ាក់សាំង ក៏ដូចជាតាមការបញ្ជាទិញរបស់ភាគីកម្ពុជា។ រហូតមកដល់បច្ចុប្បន្ននេះ ចិនបានផ្តល់វ៉ាក់សាំង ដល់ភាគីកម្ពុជា ចំនួនសរុប២២.៣លានដូស ដែលក្នុងនោះ៣.៨លានដូសជាជំនួយឥតសំណង។ វ៉ាក់សាំងដូសនិមួយៗ បានបង្កប់មនោសញ្ចេតនា មិត្តភាពដ៏ជ្រាលជ្រៅបំផុត របស់ប្រជាជនចិន ជូនចំពោះប្រជាជនកម្ពុជា។ ក្នុងនាមជាមិត្តដែកថែប ចិននឹងបន្តធ្វើជាបង្អែកយុទ្ធសាស្រ្ត ក្នុងការផ្គត់ផ្គង់ វ៉ាក់សាំងជូនដល់ភាគីកម្ពុជា។

ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា, ឯកឧត្តម អ៊ុច បូររិទ្ធ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងលោក Wang Dexin ប្រធានផ្នែកនយោបាយ នៃស្ថានទូតចិនប្រចាំកម្ពុជា អញ្ជើញមានវត្តមានក្នុងពិធីខាងលើផងដែរ៕

អត្ថបទដែលជាប់ទាក់ទង