ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ម្ចាស់ផ្ទះជួល ត្រូវធ្វើខ្លួនឲ្យដូចជា បងប្រុសបង្កើត របស់កម្មករ

129

 

​ភ្នំពេញ៖ជាបន្តបន្ទាប់មកនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានផ្តល់កញ្ចប់អត្ថប្រយោជន៍ យ៉ាងច្រើនដល់៩ចំណុច​ ដល់បងប្អូនកម្មករ កម្មការិនីរោងចក្រ សហគ្រាសនានា នៅទូទាំងប្រទេស រួមទាំងការដំឡើងប្រាក់បៀវត្សរ៍ ដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ គ្រូបង្រៀនបានសមរម្យ ក្នុងការលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូន។


នេះជាការលើកឡើង របស់លោកឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ប្រធានគណៈចលនា សហជីពរាជធានីភ្នំពេញ និងជាអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងឱកាសជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំសហជីព និងប្រធានសាខាគណបក្សសហជីពមូលដ្ឋាន សហគ្រាស រោងចក្រ គ្រឹះស្ថាន នាព្រឹកថ្ងៃអាទិត្យ ទី១៧មិថុនា។


​លោកឃួង ស្រេង ថ្លែងថា៖ ពេលនេះបងប្អូនកម្មករ កម្មការិនីយើង មានការងារធ្វើតាមរោងចក្រ មានប្រាក់ចំណូលសមរម្យ គឺបានមកពីការគិតគូរ ប្រកបដោយការទទួលខុសត្រូវ របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី មិនមែនបានមកដោយបាតដៃ ក្រុមប្រឆាំង ឬពួកអមិត្តណាមួយនុះទេ។
ក្នុងឱកាសសំណេះសំណាល ដែលមានបងប្អូនម្ចាស់ផ្ទះជួល មកពីតាមខណ្ឌនានា ក្នុងរាជធានីភ្នំពេញនោះ លោកឃួង ស្រេង បានគូសបញ្ជាក់ថា៖ ម្ចាស់ផ្ទះជួលត្រូវធ្វើខ្លួន ឲ្យដូចបងបង្កើតរបស់កម្មករ កម្មការិនី ដែលជួលផ្ទះរបស់ខ្លួន។ ម្ចាស់ផ្ទះជួលមិនមែន បានត្រឹមតែជួលផ្ទះ យកលុយដាក់ហោប៉ាវចប់នោះទេ គឺត្រូវផ្សាភ្ជាប់សុខទុក្ខជាមួយបងប្អូនកម្មករ កម្មការិនី នឹងត្រូវដឹងពីសំណូមពរ ជាក់ស្តែង របស់បងប្អូន ។

លោកកត់សម្គាល់ថា៖ បច្ចុប្បន្ននេះ ទំនាក់ទំនងរវាងកម្មករ និងអាជ្ញាធរ ក៏ដូចផ្នែកពាក់ព័ន្ធ គឺកាន់តែមានភាពជិតស្និទ្ធ ជាពិសេសទទួលបានភាពកក់ក្តៅ និងការគិតគូរដ៏មានតម្លៃ ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ចំពោះសុខទុក្ខបងប្អូន កម្មករកម្មការិនីរបស់យើង តាមរយៈការជំរុញឲ្យមានប្រាក់ឧបត្ថម្ភ កាន់តែច្រើន រៀបចំប្រព័ន្ធជំនួយសង្គម និងប្រព័ន្ធការពារសង្គមដល់បងប្អូន។ អត្ថប្រយោជន៍ទាំងអស់ខាងលើ នឹងបន្តកើតមានតទៅទៀត នៅពេលដែលគណបក្សប្រជាជនកម្ពុជា ឈ្នះឆ្នោត ហើយសម្តេចតេជោ ហ៊ុន សែន បន្តធ្វើជានាយករដ្ឋមន្ត្រី៕

   

អត្ថបទដែលជាប់ទាក់ទង