ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រោមការយកចិត្តទុកដាក់ពីអាជ្ញាធរ វិស័យសំណង់នៅរាជធានី បានដំណើរការទៅដោយរលូន បើទោះបីក្នុងតំណាក់កាលកូវីដ-១៩

70

 

ភ្នំពេញ៖ វិស័យសំណង់ គឺជាវិស័យមួយដែលបាននិងកំពុងដំណើរការ យ៉ាងមមាញឹកនៅរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ ដូច្នេះទេដើម្បីឲ្យវិស័យនេះ នៅតែដំណើរការដដែល បើទោះបីប្រទេសកម្ពុជា ស្ថិតក្នុងតំណាក់កាលកូវីដ-១៩ ក៏ដោយនោះ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេង តែងយកចិត្តទុកដាក់ ដើម្បីធ្វើយ៉ាងណាឲ្យវិស័យនេះ នៅតែដំណើរការទៅមុខ មិនរំខាន ដោយកូវីដ-១៩ឡើយ។

ជាក់ស្តែងនៅរសៀលថ្ងៃទី២៥ ខែសីហានេះ លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំតាមរយៈការបញ្ជូនរូបភាព និងសម្លេង ( Video Conference ) ជាមួយវិស័យឯកជន ពិសេសគឺវិស័យសំណង់នេះតែម្ដង ដើម្បីធ្វើយ៉ាងណាឲ្យវិស័យឯកជន ចូលរួមសហការជាមួយអាជ្ញាធររាជធានីភ្នំពេញ ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ផង តែវិស័យសំណង់នៅតែដំណើរការ បើទោះបីស្ថានភាពជំងឺកូវីដ-១៩ មិនទាន់ត្រូវបានបញ្ចប់ក៏ដោយ។

លោកឃួង ស្រេងបានមានប្រសាសន៍លើកឡើងថា ជំងឺកូវីដ-១៩ បានរីករាលដាលយ៉ាងខ្លាំង នៅក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ រហូតដល់រាជធានីភ្នំពេញ ត្រូវបានបិទខ្ទប់ ដើម្បីកាត់ផ្ដាច់ការរីករាលដាលនៃជំងឺនេះ ។ យើងបានធ្វើការងារនេះទាំងយប់ ទាំងថ្ងៃ ដើម្បីកុំឲ្យជំងឺនេះ រីករាលដាលធំឡើងដែលយើងគ្រប់គ្រងមិនបាននោះ។

លោកបញ្ជាក់ផងដែរថា ក្នុងព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ នៅដំណាក់កាលចុងក្រោយនេះ គឺបានរីករាលដាលដល់ បងប្អូនកម្មករសំណង់ កម្មករ កម្មការិនីរោងចក្រ តែដោយការខិតខំប្រឹងប្រែង របស់អាជ្ញាធរ សហការជាមួយនិងវិស័យឯកជន យើងបានទប់ស្កាត់នូវការរីករាលដាលជំងឺនេះ មិនឲ្យរីករាលដាលកាន់តែធំបានយ៉ាងល្អ។

លោកឃួង ស្រេងបានបន្តទៀតថា ការបង្កើតឲ្យមានកិច្ចប្រជុំឡើងនៅថ្ងៃនេះ យើងមានគោល
បំណងតែមួយគត់ នោះគឺចង់ឲ្យវិស័យឯកជន ចូលរួមសហការជាមួយ អាជ្ញាធររាជធានីភ្នំពេញបន្ថែមទៀត
ដើម្បីទប់ស្កាត់ជំងឺដ៏កាចសាហាវនេះឲ្យបាន។ មានន័យថា បើទោះបី ជំងឺកូវីដ-១៩នៅតែកើតមាន តែសកម្មភាពការងារនានា លើវិស័យសំណង់មិនត្រូវបានផ្អាកដំណើរការនោះទេ។

លោកបានបន្តទៀតថា កន្លងមកនេះ ក្រោមការដឹកនាំរបស់សម្ដេចតេជោហ៊ុន សែន សម្ដេចបាន ខិតខំរកអស់គ្រប់មធ្យោបាយ ដើម្បីកៀងគរធ្វើយ៉ាងណារកវ៉ាក់សាំង មកចាក់ជូន បងប្អូនប្រជាពលរដ្ឋកម្ពុជា ឲ្យបានគ្រប់គ្នា ជាមួយនឹតការរក្សានូវវិធាន របស់ក្រសួងសុខាភិបាល ពិសេស ការអនុវត្ត៣កុំនិង៣ការពារ របស់សម្ដេចតេជោហ៊ុន សែន ធ្វើឱ្យការរីករាលដាលជម្ងឺកូវីដ-១៩ អាចទប់ស្កាត់បាន។

ក្នុងកិច្ចប្រជុំនោះដែរ អ្នកឧកញ៉ា លី ហួរ ប្រធានសមាគមន៍អ្នកអភិវឌ្ឍន៍លំនៅដ្ឋាននៅកម្ពុជា ក៏បានមានប្រសាសន៍លើកឡើង អំពីការយកចិត្តទុកដាក់ ចំពោះសុខុមាលភាពរបស់ប្រជាពលរដ្ឋ ពីសំណាក់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី ដោយសម្ដេច
បានរកវ៉ាក់សាំង មកចាក់ជូនបងប្អូនប្រជាពលរដ្ឋឲ្យបានគ្រប់គ្នា ខណៈដែលនៅប្រទេសមួយចំនួន នៅអាស៊ី ចាក់វ៉ាក់ជូនពលរដ្ឋរបស់គេ មិនទាន់បាន ប៉ុន្មានភាគរយនៅឡើយ។ លោកបានបន្តថា ការចាក់វ៉ាក់សាំង ជាមួយនិងការចូលរួមសហការ ពីវិស័យឯកជន ព្រមទាំងប្រជាពលរដ្ឋ ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ បានធ្វើឲ្យវិស័យឯកជន នៅតែដំណើរការទៅមុខ មិនអាក់ខានដោយសារ covid-19នោះទេ។

គួរបញ្ជាក់ថា ដើម្បីធានាឱ្យបាននូវសុខុមាលភាព សុវត្ថិភាព និងជីវភាពរបស់បុគ្គលិក និងកម្មករ-និយោជិត ក្នុងវិស័យសំណង់ ព្រមទាំងនិរន្តរភាពការងារ របស់ការដ្ឋាន កាលពីថ្ងៃទី២៧ កក្កដាកន្លងមកនេះ រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការណែនាំដល់ ម្ចាសំការដ្ឋាន . អ្នកគ្រប់គ្រងការដ្ឋានសំណង់គ្រប់ប្រភេទ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ត្រូវរឹតបន្តឹងការ អនុវត្តវិធានការបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ឲ្យបានម៉ឺងម៉ាតបំផុតផងដែរ ទើបយើងអាចទប់ស្កាត់បានរហូតមកដល់ពេលនេះ៕

អត្ថបទដែលជាប់ទាក់ទង