ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ហ៊ុន សែន ចាត់ទុកឥណទានកាបូន ជាប្រភពធនធានហិរញ្ញប្បទាន ប្រកបដោយចីរភាពដ៏សំខាន់មួយ

37

 

ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា កម្ពុជាក៏បានកត់សម្គាល់ ដោយយកចិត្តទុកដាក់ផងដែរ នូវគំនិតផ្តួចផ្តើមបង្កើត ផែនការពាណិជ្ជកម្ម ទីផ្សារជួញដូរកាបូន នៅក្នុងប្រទេសចិន ប្រទេសកម្ពុជាទទួលបាន ។

សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ នៅព្រឹកថ្ងៃសុក្រ ទី៣ ខែកញ្ញា ឆ្នាំ២០២១នេះ ក្នុងវេទិកាអភិវឌ្ឍន៍ថាមពលកាបូនទាប ថៃយាន ឆ្នាំ ២០២១ ក្រោមមូលបទ «ថាមពល អាកាសធាតុ បរិស្ថាន» តាមប្រព័ន្ធវីដេអូ ដែលនៅក្នុងកម្មវិធីនេះ គឺមានការអញ្ជើញចូលរួមពី ឯកឧត្តម លី ខឺឈាង (Li Keqiang) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន និងឯកឧត្តម លោកជំទាវ ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាល នៃប្រទេសជាច្រើនទៀតផងដែរ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានអះអាងបន្ថែមថា “ជោគជ័យ ក្នុងការចូលរួមទីផ្សារកាបូនស្ម័គ្រចិត្ត ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងទៅនេះ ហើយកម្ពុជាកំពុងរៀបចំការងារមួយចំនួនបន្ថែមទៀត នៅក្រោមកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ ។ កម្ពុជាចាត់ទុកឥណទានកាបូនជាប្រភពធនធានហិរញ្ញប្បទាន ប្រកបដោយ ចីរភាពដ៏សំខាន់មួយ សម្រាប់សកម្មភាពកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ហើយកម្ពុជាបើកចំហទទួលការចូលរួម នូវក្នុងភាពជាដៃគូជាមួយបណ្តាប្រទេស និងវិស័យឯកជននានា ដែល មានចំណាប់អារម្មណ៍”។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ក្នុងបរិការណ៍ដែលពិភពលោកទាំងមូល បាននិងកំពុងប្រយុទ្ធនឹងជំងឺកូវីដ-១៩, ការរៀបចំវេទិកានេះ គឺជាការក្រើនរំលឹកកុំឱ្យយើងទាំងអស់គ្នា បំភ្លេចចោលនូវបញ្ហាថាមពលអាកាសធាតុ និងបរិស្ថាន ដែលទាមទារឱ្យបន្តមានការយកចិត្តទុកដាក់ និងការទទួលខុសត្រូវ តាមរយៈការគិត គូរជាប់ជានិច្ច ក្នុងការស្វែងរកដំណោះស្រាយសកលរួម ។ ក្នុងបរិការណ៍ដែលបណ្តាប្រទេសជា ច្រើន បាននិងកំពុងគិតគូររៀបចំផែនការស្ដារសង្គម-សេដ្ឋកិច្ចឡើងវិញ, ការរៀបចំវេទិកានេះ នឹងបង្កើតជាកាលានុវត្តភាពដ៏ល្អមួយ ក្នុងការជំរុញសន្ទុះនៃការអភិវឌ្ឍថាមពលកាបូនទាប) សំដៅ ដោះស្រាយបញ្ហាថាមពល, អាកាសធាតុ និងបរិស្ថាន និងឈានទៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងគោលដៅនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុ ។

ជាការពិត, បញ្ហាថាមពល, អាកាសធាតុ និងបរិស្ថាន ជាពិសេសការប្រែប្រួលអាកាសធាតុ នៅតែជាបញ្ហាប្រឈមដ៏ចម្បង និងក្ដៅគគុក សម្រាប់មនុស្សជាតិទាំងមូល ដែលបន្តគំរាមកំហែង ដល់សុខភាពមនុស្ស, សន្តិសុខស្បៀង, ហេដ្ឋារចនាសម្ព័ន្ធសង្គម-សេដ្ឋកិច្ច និងប្រព័ន្ធអេកូឡូស៊ី ជារួម ជាពិសេសតាមរយៈការបង្កនូវគ្រោះធម្មជាតិ ដូចជាគ្រោះទឹកជំនន់ និងភ្លើងឆេះព្រៃ ជាដើម ។ ការណ៍នេះ ឆ្លុះបញ្ចាំងឱ្យឃើញពីភាពចាំបាច់នៃ «ការធ្វើបដិវត្តថាមពល ឱ្យបានលឿន និងប្រកប ដោយយុត្តិធម៌ និងសមធម៌ ដើម្បីផ្លាស់ប្តូរពីការផលិត និងប្រើប្រាស់ថាមពលដែលបញ្ចេញកាបូន ច្រើនទៅក្នុងបរិយាកាស ឆ្ពោះទៅការផលិត និងប្រើប្រាស់ថាមពលស្អាត, អាចកកើតឡើងវិញ និង មានប្រសិទ្ធភាពជាងមុន» ។ ជាមួយគ្នានេះ, ការអភិវឌ្ឍថាមពលកាបូនទាប ដូចជាបច្ចេកវិទ្យាធ្យូង ថ្មស្អាត ការប្រើប្រាស់បច្ចេកវិទ្យាស្តុកទុកកាបូន ការប្រើបច្ចេកវិទ្យាផលិតអ៊ីដ្រូហ្សែនពីធ្យូងថ្ម ជាដើម នឹងក្លាយជាវិធីសាស្ត្រ ដ៏ចាំបាច់ក្នុងការប្រយុទ្ធ នឹងការប្រែប្រួលអាកាសធាតុក្នុងទ្រង់ទ្រាយធំ ។

សម្តេចតេជោនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា ថ្វីត្បិតតែកម្ពុជាជាប្រទេស ដែលមានកម្រិតនៃការអភិវឌ្ឍទាប, រាជរដ្ឋាភិបាលកម្ពុជាមាន ការប្ដេជ្ញាចិត្តខ្ពស់ និងកំណត់យកបញ្ហាថាមពល, អាកាសធាតុ និងបរិស្ថាន ជារបៀបវារៈគោល នយោបាយដ៏សំខាន់ និងសម្រាប់រយៈពេលវែង ក្រោមអភិក្រម “ជាបញ្ហារួម ប៉ុន្តែការអនុវត្តផ្សេងៗ គ្នាទៅតាមការទទួលខុសត្រូវ និងសមត្ថភាពរៀងៗខ្លួន” ។ ជាក់ស្ដែង, កាលពីថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០, កម្ពុជាបានដាក់ជូនលេខាធិការដ្ឋាននៃអនុសញ្ញាក្របខណ្ឌសហប្រជាជាតិ ស្តីពីការប្រែ ប្រួលអាកាសធាតុ នូវរបាយការណ៍បច្ចុប្បន្នភាពនៃការចូលរួមចំណែករបស់ជាតិ ដោយបានកំណត់ គោលដៅកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឱ្យបានប្រមាណ ៦៤,៦ លានតោន សមមូលឧស្ម័ន កាបូនិក ត្រឹមឆ្នាំ ២០៣០ នៅក្នុងវិស័យព្រៃឈើ, ថាមពល, ឧស្សាហកម្ម, កសិកម្ម និងការ គ្រប់គ្រងសំណល់ ។ បន្ថែមលើនេះ, កម្ពុជាក៏បាននិងកំពុងខិតខំរៀបចំយុទ្ធសាស្ត្ររយៈពេលវែង ប្រកបដោយអព្យាក្រឹតភាពកាបូន ដោយរំពឹងថានឹងចប់សព្វគ្រប់នៅចុងឆ្នាំ ២០២១ នេះ ។

ការដោះស្រាយបញ្ហាថាមពល, អាកាសធាតុ និងបរិស្ថាន គឺជាកិច្ចការដ៏លំបាកមួយ ដែល ទាមទារឱ្យមានការចូលរួម ប្រកបដោយស្មារតីទទួលខុសត្រូវ និងការប្តេជ្ញាចិត្តខ្ពស់ ពីគ្រប់ភាគី ពាក់ព័ន្ធទាំងអស់ ។ ក្នុងន័យនេះ, ខ្ញុំសូមអំពាវនាវឱ្យមានការពង្រឹងកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការអន្តរជាតិរវាងគ្រប់ភាគីពាក់ព័ន្ធ ក្នុងគោលបំណងបង្កើតឱ្យបាននូវអនាគតបៃតងរួមគ្ន មួយ ប្រកបដោយចីរភាព ដោយមិនទុកនរណាម្នាក់ចោលនោះឡើយ ។ ខ្ញុំក៏សូមអំពាវនាវផងដែរ ឱ្យមានការប្តេជ្ញាចិត្តផ្នែកនយោបាយ ក្នុងការចូលរួមឱ្យអស់លទ្ធភាពពីគ្រប់ប្រទេសទាំងអស់ នៅ តាមដំណាក់កាលនៃការអភិវឌ្ឍប្រទេសនីមួយៗរបស់ខ្លួន ក្នុងការជំរុញកំណើនបៃតង, ការកាត់ បន្ថយការបញ្ចេញកាបូន និងការធានាឱ្យប្រជាពលរដ្ឋគ្រប់រូប ទទួលបាននូវថាមពលនិរន្តរភាព ក្នុងតម្លៃសមរម្យ និងមានការបញ្ចេញកាបូនទាប ។ ជាមួយគ្នានេះ, ខ្ញុំក៏សូមលើកទឹកចិត្តឱ្យមាន ការជួយគ្នាទៅវិញទៅមក ប្រកបដោយស្មារតីសាមគ្គីភាព ជាពិសេសតាមរយៈការផ្ទេរបច្ចេកវិទ្យា និងការផ្តល់ហិរញ្ញប្បទាន ជាពិសេសទៅដល់បណ្តាប្រទេសដែលមានធនធានទាប ៕

អត្ថបទដែលជាប់ទាក់ទង