ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតបញ្ញវ័ន្ដ ៖ បបួលគ្នាស្គាល់ ពីសុភាសិតខ្មែរសាកមើល

145

 

ភ្នំពេញ ៖ មិនមែនជាអ្នកប្រាជ្ញទេគ្រាន់តែជាមនុស្សម្នាក់ឡឺកឺ តែពេលខ្លះក៏អាចបញ្ចេញនូវទស្សនៈបញ្ញវ័ន្ដបានខ្លះដែរ តែអារឿងត្រូវឬមិនត្រូវនោះ វាស្រេចតែនៅលើការបកស្រាយ របស់មនុស្សម្នាក់ៗប៉ុណ្ណោះ ។
ថ្ងៃនេះដូចជាចង់បបួលគ្នាមកស្វែងយល់ខ្លះៗ ពីអត្ថន័យរបស់សុភាសិតខ្មែរ ។ សុភាសិតខ្លះស្ដាប់ទៅដូចជា ក្រឡុញឆឹកយ៉ាងម៉េចទេ តែអត្ថន័យវិញអេមម៉ាអស់ទាស់ មិនតែប៉ុណ្ណោះមានន័យស្ទើរគ្រប់សម័យកាលទៀតផង។

ដូចជាសុភាសិតមួយបានពោលថា” ខែរះឆ្លងផ្លូវ កូនកើតមុនឪ ឲ្យចៅពរតាដើរលេង ទឹកលិចចុងឬស្សី ត្រីក្រៀមស្រការ ទឹកលិចចុងស្លា ក្រពើហែលគោក “ ។ សុភាសិតនេះពិតជាគតិអប់រំមួយដ៏ប្រសើរណាស់ ហើយក្នុងយុគសម័យនេះ ក៏ត្រូវជាមួយនឹងស្ថានភាព របស់សង្គមទៀតផង ។

ខែរះឆ្លងផ្លូវតើមានន័យថាម៉េច ? នរណាចង់ពន្យល់ថាម៉េច ក៏ថាទៅ ព្រោះវាគ្មានទើសក្បាលនរណាទេ តែសម្រាប់ការយល់ឃើញ របស់នាយខ្ញុំ សុំពន្យល់ថាកូនបានចាប់កំណើត ហើយៗក៏បានប្រសូត្រចេញពីឧទ្ទរម្ដាយមកដែរ ។ នៅពេលគេធំពេញវ័យទាំងឪពុក និងម្ដាយ កំពុងតែចម្លងគេ​ ចេញពីផ្លូវដែលមិនទាន់ចេះអក្សរ ឆ្លងទៅកាន់ផ្លូវដែលចេះអក្សរ និងបន្តឲ្យសិក្សាទាល់តែបញ្ចប់សាលាទាំងអស់ ។

កូនគឺជាខែដែលកំពុងរះ ចំពោះផ្លូវគឺមាតា និង បិតាដែលកំពុងតែចម្លងកូននេះឯង ។
កូនកើតមុនឪមានន័យថាម៉េចចុះ បើតាមគំនិតរបស់លោកឯង ? នរណាថាម៉េចថា ទៅតែខ្ញុំសុំថាកូនកើតមុនឪ គឺកូនមានចំណេះដឹង អក្សរលែងសរសេរនឹងប៊ិច គឺគេប្រើកុំព្យូទ័រ ក្នុងខណៈដែលមាតា បិតាមិនចេះកុំព្យូទ័រ ដោយសារតែគាត់កើតមុនយុគសម័យនេះ ។ នេះហើយដែលគេនិយាយថាកូនកើតមុនឪនោះ ។

ទឹកលិចចុងឬស្សីត្រីក្រៀមស្រការ ទឹកលិចចុងស្លាក្រពើហែលគោក។ ទឹកលិចចុងឬស្សី និងទឹកលិចចុងស្លា មានន័យថា កូនបន្ទាប់ពីបញ្ចប់ការសិក្សាហើយនោះ បានក្លាយជាអ្នកមានធូរធារ ចំពោះឪពុកម្ដាយប្រៀប ដូចជាត្រីដែលក្រៀមស្រការ និង ក្រពើហែលគោក ។ មិនឲ្យក្រៀមស្រការ និងហែលគោកយ៉ាងម៉េច បើកូនមិនជួយទំនុកបម្រុងគាត់ផងនោះ ។ កូនរៀនចប់ឲ្យ ម៉ែ ឪ ចងការលុយធនាគាររាប់ពាន់ដុល្លារ​ យកមករៀបការឲ្យខ្លួន តែបន្ទាប់ពីការរួចហើយ កូនដែលបានទទួលប្រាក់ខែ រាប់រយដុល្លារនោះ បើកលុយបានរាល់ខែ មិនបានជួយឪពុក ម្ដាយឡើយ ដឹងតែហុចឲ្យប្រពន្ធ ចំពោះលុយចងការធនាគារម៉ែ ឪជាអ្នករកសង ចំជាកម្សត់មែន ។

បើមានបុណ្យទានម្ដងៗ មកលេងម៉ែម្ដងៗ ជូនលុយម៉ែ១០ម៉ឺនរៀល តែកាប់មាន់ម៉ែស៊ីអស់៣ ឬ ៤ក្បាល ហើយពេលត្រឡប់ទៅវិញ សុំអង្ករស្រែម៉ែយកទៅទៀត មិនតែប៉ុណ្ណោះមានកូនខ្លះ ទុកឲ្យម៉ែសងលុយថ្លៃប៊ីយែរឲ្យថែមទៀតផង ហេស ! ហេ !នេះគឺរឿងលោកកូនស្រុកយើង ៕

អត្ថបទដែលជាប់ទាក់ទង