ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខេត្តព្រះវិហារ ជម្រុញអោយអាជ្ញាធរ និងកងកម្លាំងពង្រឹងការត្រួតពិនិត្យតាមព្រំប្រទល់ខេត្តសៀមរាបនិងខេត្តព្រះវិហារ ដើម្ប៏ទប់ស្កាត់ ការឆ្លងជម្ងឺកូវីដ-១៩

161

ព្រះវិហារ៖ អភិបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ បានជម្រុញអោយអាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ត្រូវពង្រឹងតាមខ្សែបន្ទាត់ព្រំប្រទល់រវាងខេត្តសៀមរាបនិងខេត្តព្រះវិហារ អោយបានម៉ត់ចត់បំផុត ដើម្ប៏ទប់ស្កាត់អោយបាននូវការឆ្លងរីករាលដាលជម្ងឺកូវីដ-១៩ ខណៈដែលខេត្តមួយនេះកំពុងផ្ទុះខ្លាំងនូវជម្ងឺកូវីដ-១៩ នេះ ។
ការជម្រុញបែបនេះ លោក ប្រាក់ សុវណ្ណ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី១៩ កញ្ញា២០២១នេះ ក្នុងពិធីបើកសម្ពោធដាក់អោយប្រើប្រាស់អគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំភ្នំត្បែងមួយ ក្នុងស្រុកសង្គមថ្មី ខេត្តព្រះវិហារ។
លោក ប្រាក់ សុវណ្ណ បានមានប្រសាសន៍ ថា អាជ្ញាធរនិងកងកម្លាំងទាំងអស់ ត្រូវអនុវត្តអោយបានល្អ ធ្វើយ៉ាងណាអោយភូមិ ឃុំ មានសុវត្ថិភាព ត្រូវផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋអោយបានល្អ ត្រូវអនុវត្តអោយបាននូវវិធានរបស់ក្រសួងសុខាភិបាល ពិសេសការអនុវត្ត៣កុំ ៣ការពាររបស់សម្តេចតេជោហ៊ុន សែន។ បន្ថែមពីលើនេះទៀត អាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ត្រូវពង្រឹងអោយបានម៉ត់ចត់និងម៉ឺងម៉ាត់បំផុត នៅតាមព្រំប្រទល់រវាងខេត្តសៀមរាបនិងខេត្តព្រះវិហារ ដើម្បីកុំជម្ងឺកូវីដ-១៩ ចូលមកខេត្តរបស់យើង ដោយសារខេត្តមួយនេះកំពុងផ្ទុះខ្លាំង ការរីករាលដាលជម្ងឺកូវីដ-១៩ ដែលយើងត្រូវប្រុងប្រយ័ត្នអោយបានខ្ពស់បំផុត។
ពាក់ព័ន្ធនឹងអគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំភ្នំត្បែងមួយនេះ លោកសំ លាងទ្រី ប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយស្រុកសង្គមថ្មី បានអោយដឹងថា អគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំភ្នំត្បែងមួយនេះ មានទំហំ ៩ម៉ែត្រ គុណនឹង ១០,៥ម៉ែត្រ ស្មើនឹង ៩៤.៥ម៉ែត្រការ៉េ និងកំពស់ប្រវែង ៦,១ម៉ែត្រ នៅក្នុង ផ្ទៃដីទំហំ ៥០ម៉ែត្រ គុណនឹង ៣២.៧០ម៉ែត្រ សាងសង់អំពីថ្ម ប្រក់ក្បឿង ក្រាលការ៉ូ ចាប់ផ្តើមសាងសង់ នៅថ្ងៃទី ២៩ ខែតុលា ឆ្នាំ២០២០ និងបញ្ចប់ការសាងសង់ជាស្ថាពរនៅថ្ងៃទី ០៥ ខែមករា ឆ្នាំ២០២១។
លោកបន្តថា ការងារសាងសង់អគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំភ្នំត្បែងមួយនេះ បានចំណាយថវិកាសរុបចំនួន ១១១,០៦១,០០០រៀល(មួយរយដប់មួយលានសូន្យហុកសិបមួយពាន់រៀលគត់) ក្នុងនោះ ដោយបានការ ចូលរួមឧបត្ថម្ភពីសំណាក់ លោកទេសរដ្ឋមន្ដ្រីមាស សុភា និង លោកស្រី ថវិកាចំនួន ៨៤,៤២០,០០០រៀល ចំណាយលើ៖ ការសាងសង់អគារទីស្នាក់ការ បន្ទប់ទឹក ស៊ីទែនទឹកចំណុះ ១,០០០លីត្រ របងថ្មមុខ ខ្លោងទ្វារ ដងទង់ជាតិ តុដែក កុំព្យូទ័រយួរដៃ និងទូដាក់ឯកសារ។
លោកប្រាក់ សុវណ្ណ និង លោកស្រី សរុបថវិកាចំនួន ៥,៤០០,០០០រៀល ចំណាយលើ តុដែក កុំព្យូទ័រលើតុ កុំព្យូទ័រយួរដៃ និងព្រីនធ័រ។
លោក សំ លាងទី សរុបថវិកាចំនួន១៣,២៤១,០០០រៀល ចំណាយលើ ការខួងអណ្ដូងទឹក ចាក់ដីបំពេញ និងសម្អាតក្នុងបវរិវេណទីស្នាក់ការ។
ក្រុមការងារខេត្តចុះជួយឃុំភ្នំត្បែងមួយ សរុបថវិកាចំនួន ៤,៩៨០,០០០រៀល ចំណាយលើ លើកផ្លាកគណបក្ស និងបិទហ្វុងក្នុងអគារ ព័ទ្ធលួសបន្លា អំពូលសូឡា និងសម្ភារផ្សេងៗ គណៈកម្មាធិការគណបក្សឃុំភ្នំត្បែងមួយ សរុបថវិកាចំនួន ៣,០២០,០០០រៀល ចំណាយលើបង្គោលរបងឈើនិងរបារោស្នាក់នៅនិងជើងស៊ីទែនទឹក ផ្សេងៗ(ដូចជា ដាំកូនឈើតចរន្តអគ្គិសនី និងដាក់លូមុខស្នាក់ការគណបក្សឃុំ)។
លោកបន្តទៀតថា សមិទ្ធផលខាងលើនេះបានបង្ហាញពីការរីកចម្រើនឥតឈប់ឈរ ក្រោមកិច្ចដឹកនាំរបស់គណបក្ស ប្រជាជនកម្ពុជា ដែលមាន សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ហើយសបញ្ហាក់ ឱ្យឃើញថា គឺជាការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាក្រោមម្លប់សន្តិភាព ទុកសម្រាប់ ឱ្យថ្នាក់ដឹកនាំគណបក្សស្រុក ក៏ដូចជាគណបក្សឃុំភ្នំត្បែងមួយ ធ្វើការងារបម្រើប្រជាពលរដ្ឋ និងជាមូលដ្ឋាន សម្រាប់ដោះស្រាយរាល់កិច្ចការងារគណបក្ស ប្រកបដោយភាពជោគជ័យ។
លោកទេសរដ្ឋមន្ត្រី មាស សុភា បានមានប្រសាសន៍លើកឡើងថា ក្រោមគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ខេត្តព្រះវិហារមានផ្លូវកៅស៊ូ ផ្លូវបេតុង ផ្លូវក្រាលគ្រួសក្រហមខ្វាត់ខ្វែង មានអគ្គិសនី អណ្តីងទឹកស្អាត ជាមួយនិងការបណ្តុះបណ្តាធនធានមនុស្សផងដែរ។ យើងបានកសាងហេដ្ឋារចនាសម្ព័ន្ធច្រើនណាស់សម្រាប់ជាតិនិងប្រជាពលរដ្ឋ។ប៉ុន្តែទន្ទឹមនឹងនេះ ការរិះគន់ក៏មានច្រើនផងដែរ ។លោកបញ្ជាក់ថា វាជារឿងធម្មតាទេ យើងធ្វើច្រើន តែងតែខុសហើយ វាមិនដូចអ្នកចាំតែថានោះទេ។
លោក បន្តថា អគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំភ្នំត្បែងមួយនេះ យើងបានចំណាយថវិកាចំនួនប្រមាណជាង១១១លានរៀល។តែថវិកាទាំងនេះមិនបានយកថវិកាជាតិមកប្រើប្រាស់នោះទេ។
លោកទេសរដ្ឋមន្ត្រី ក្នុងឱកាសនោះដែរ ក៏បានថ្លែងការកោតសរសើរ ចំពោះក្រុមការងារចុះជួយស្រុកសង្គមថ្មី ពិសេសលោកសំ លាងទ្រី ដែលជាប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយស្រុកសង្គមថ្មី ដែលបានជួយកសាង អគារស្នាក់ការបក្សនេះនិងសមិទ្ធផលផ្សេងៗជាច្រើនទៀត។
គួរបញ្ជាក់ផងដែរថា ក្នុងពិធីនោះ អតីតមេឃុំ ត្បែងមួយមកពីបក្សប្រឆាំង និងសកម្មជនអតីតបក្សប្រឆាំងជាង៤០០នាក់ ដែលស្ម័ក្រចិត្តមករួមរស់ជីវភាពជាមួយគណបក្សប្រជាជនកម្ពុជាវិញនោះ ក៏បានចូលរួមក្នុងពិធីនេះផងដែរ៕

 

អត្ថបទដែលជាប់ទាក់ទង