ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរាជធានី បញ្ជាឱ្យអាជ្ញាធរខណ្ឌទាំង១៤ចុះបាញ់ថ្នាំសម្លាប់មេរោគតាមវត្តទាំង១៥១ព្រមគ្នាក្រោយការយកសំណាកព្រះសង្ឃ ដូនជី លោកតាអាចារ្យនិងសិស្សគុនរួចមក

212

ភ្នំពេញ៖ សម្រាប់ថ្ងៃទី២៦ខែកញ្ញាឆ្នាំ២០២១ នេះគឺជាថ្ងៃដែលអាជ្ញាធររាជធានីភ្នំពេញដឹកនាំ ដោយលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានណែនាំអោយអាជ្ញាធរខណ្ឌទាំង១៤ សហការជាមួយនឹងទាហាននៃកងពលតូចលេខ៧០ឬង៧០ធ្វើការបាញ់សម្លាប់មេរោគនៅតាមវត្តអារាមនានាទូទាំងរាជធានីភ្នំពេញ ចំនួន១៥១វត្តក្រោយពីអាជ្ញាធរនិងក្រុមគ្រូពេទ្យបានយកសំណាកព្រះសង្ឃ លោកតាអាចារ្យ តាជី យាយជី និងអ្នកស្នាក់នៅតាមបណ្ដាវត្តនានានៅទូទាំងរាជធានីភ្នំពេញរួចរាល់អស់ហើយ។

   ជាក់ស្ដែងនៅព្រឹកថ្ងៃទី២៦ខែកញ្ញានេះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោក ហែម ដារិទ្ធិ 

ជាអភិបាលខណ្ឌពោធិសែនជ័យ បានសហការជាមួយនឹងទាហាននៃកងពលតូចលេខ៧០ឬង៧០ បានធ្វើសកម្មភាពបាញ់ថ្នាំសម្លាប់មេរោគ នៅតាមបណ្តាវត្តទាំង១៤នៅក្នុងខណ្ឌពោធិ៍សែនជ័យ ដោយជាជំហានដំបូង បានចាប់ផ្ដើមបាញ់នៅវត្តពោធិចិនតុង បន្ទាប់មក ក្រុមការងារ បានបែងចែកកម្លាំងនៅតាមបណ្ដាវត្តផ្សេងទៀត នៅក្នុងមូលដ្ឋាននៃខណ្ឌនេះ ។

   លោកហែម ដារិទ្ធិ បានមានប្រសាសន៍លើកឡើងថា នៅក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យកន្លង 

មកនេះ មានតំបន់ក្រហមមួយចំនួន ។ដោយសារតែមានតំបន់ក្រហមនេះហើយ ទើបធ្វើឲ្យអាជ្ញាធរខណ្ឌរបស់យើងមានការប្រុងប្រយ័ត្នខ្ពស់ ។ ក្រោមការណែនាំពីលោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ដូចជាក្រសួងសុខាភិបាលនិងសម្ដេចតេជោហ៊ុន សែន យើងបានអនុវត្តវិធានការពារជំងឺកូវីដ-១៩យ៉ាងតឹងរឹងបំផុត  ហើយមកដល់ពេលនេះ ឃើញថា នៅខណ្ឌពោធិ៍សែនជ័យ ពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ យើងទប់ស្កាត់បានយ៉ាងល្អប្រសើរ ទាំងការព្យាបាលនៅតាមផ្ទះ និងការបញ្ជូនអ្នកជំងឺទៅកាន់មណ្ឌលផ្សេងៗ។

   ពាក់ព័ន្ធនឹងពិធីបុណ្យភ្ជុំបិណ្ឌវិញនេះ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ក្រោយពីមានការណែនាំពីប្រមុខរាជរដ្ឋាភិបាលនិងរដ្ឋបាលរាជធានីភ្នំពេញ យើងបានអនុវត្តល្អយ៉ាងល្អប្រសើរ ដោយប្រជាពលរដ្ឋបានចូលរួមសហការយ៉ាងសកម្មជាមួយអាជ្ញាធររបស់យើង ដើម្បីទប់ស្កាត់ជម្ងឺកូវីដ-១៩នៅតាមវត្តអារាម ។

   លោកបញ្ជាក់ថា នៅក្នុងខណ្ឌពោធិ៍សែនជ័យ មានវត្តចំនួន១៤ មានព្រះសង្ឃជិត៨០០អង្គ ហើយព្រះសង្ឃទាំងនេះ យើងបានយកសំណាករួចរាល់ ហើយជាលទ្ធផល មានវិជ្ជមានកូវីដ-១៩ចំនួន៤អង្គ /នាក់ ។     

លោកបញ្ជាក់ថា អ្នកវិជ្ជមានកូវីដ-១៩ចំនួន៤អង្គ /នាក់នេះ បើយើងមិនមានវិធានការទប់ស្កាត់ទាន់ពេលវេលាទេ វានឹងធ្វើការចម្លងទៅ ព្រះសង្ឃ តាជី យាយជីនិង ពុទ្ធបរិស័ទច្រើនជាងនេះថែមទៀត។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី អ្នកវិជ្ជមានកូវីដ-១៩ចំនួន៤អង្គ /នាក់នេះយើងបានបញ្ជូនទៅការព្យាបាលហើយដែរ។

  ពាក់ព័ន្ធនឹងការបាញ់សម្លាប់មេរោគនៅតាមវត្តអារាមនៅព្រឹកថ្ងៃទី២៦កញ្ញានេះយើងបានអនុវត្តយ៉ាងល្អប្រសើរ ក្រោមការសហការយ៉ាងល្អជាមួយកងទ័ពង៧០ ដោយយើងធ្វើសកម្មភាព បាញ់ថ្នាំសម្លាប់មេរោគនៅតាមបណ្ដាវត្តចំនួន១៤ ។

   លោកហែម ដារិទ្ធិ ក្នុងឱកាសនោះក៏បានធ្វើការអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមសហការឲ្យបានល្អជាមួយនឹងអាជ្ញាធរ ធ្វើយ៉ាងណាទប់ស្កាត់ឲ្យបាននូវការរីករាលដាលជំងឺ-១៩ ក្នុងនាឱកាសបុណ្យដាក់បិណ្ឌនិងភ្ជុំបិណ្យនេះ ។លោកបញ្ជាក់ថា បុណ្យទានយើងនៅតែធ្វើ ប៉ុន្តែក្នុងពេលនេះយើងផ្អាកសិន ។ 

      បុណ្យទានពេលណាក៏យើងអាចធ្វើបានដែរ បើបងប្អូនមិនបានជួយអ្វីទេសូមកុំបង្កការលំបាកទៅអោយអ្នកដទៃ៕

 

អត្ថបទដែលជាប់ទាក់ទង