ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលខណ្ឌច្បារអំពៅ បង្កើនការប្រុងប្រយ័ត្ន និងត្រៀមដោះស្រាយ បញ្ហាជំនន់ទឹកភ្លៀង

41

 

ភ្នំពេញៈ ដើម្បីដោះស្រាយបញ្ហាប្រឈមនៅចំពោះមុខ បញ្ជៀសកុំអោយទឹកភ្លៀងជន់លិចតំបន់មួយចំនួនក្នុងភូមិសាស្ត្រខណ្ឌ រដ្ឋបាលខណ្ឌច្បារអំពៅ ដឹកនាំដោយលោកចេង មុនីរ៉ា សហការជាមួយមន្ទីរសាធារណៈការរាជធានីភ្នំពេញបានប្រើប្រាស់រថយន្តបូមកាកសំណល់ផ្សេងៗចេញពីលូ ដើម្បីអោយទឹកហូលឿន បង្កាទុកជាមុនកុំអោយទឹកភ្លៀងជនលិចលំនៅដ្ឋានប្រជាពលរដ្ឋ ។

សកម្មភាពចុះពិនិត្យប្រព័ន្ធលូនិងបូមយកកាកសំណល់ចេញពីលូនេះបានធ្វើឡើងនៅព្រឹកថ្ងៃសៅរ៍ ទី៩ ខែតុលា ឆ្នាំ២០២១ នៅក្នុងសង្កាត់ច្បារអំពៅទី១ និងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ដោយលោកអភិបាលខណ្ឌ ចុះផ្ទាលនៅតាមភូមិសាស្ត្រ ដែលប្រឈមនឹងជំនន់ទឹកភ្លៀង ដោយឡែកនៅសង្កាត់វាលស្បូវ និងសង្កាត់ព្រែកឯង លោកអភិបាលខណ្ឌបានណែនាំអោយក្រុមការងារប្រើប្រាស់ម៉ាស៉ីនបូមទឹកចេញពីភូមិដែលជន់លិចដោយទឹកភ្លៀង ។

សូមរំលឹកថាកន្លងមក លោកអភិបាលខណ្ឌបាន ចុះពិនិត្យសកម្មភាពក្រុមការងារសង្កាត់ ព្រែកប្រា ចុះបូមទឹកចេញពីលូ និងកើបកាយយកកាកសំណល់ផ្សេងៗចេញពីលូ ដើម្បីរំដោះទឹកភ្លៀងដែលជនលិចតំបន់ផ្សារបឹងព្រលិត ក្នុងភូមិអូរអណ្តូង ។

ជាមួយគ្នានេះដែរ លោកអភិបាលខណ្ឌបានណែនាំអោយមន្ត្រីក្រុមការ ងារ ជំនាញពាក់ព័ន្ធខណ្ឌ សង្កាត់ ត្រូវយកចិត្តទុកដាក់លើការងារចុះពិនិត្យប្រព័ន្ធលូ ប្រឡាយរំដោះទឹក ដើម្បីសម្រួលដល់ចរន្តទឹកហូរ ព្រោះរដូវវស្សាចូលមកដល់ហើយឥញ្ចឹងយើងត្រូវបង្កាទុកជាមុនកុំអោយជនលិចលំនៅដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋនៅតាមសង្កាត់មួយចំនួនក្នុងមូលដ្ឋានខណ្ឌ ។

លើសពីនេះទៀត ត្រូវចលនាអោយបានទូលំទូលាយ ប្រាប់ដល់ បងប្អូន ប្រជាពលរដ្ឋ ចូល រួម សហការ ទុក ដាក់ និង វេចខ្ចប់សំរាម ឱ្យបាន ត្រឹម ត្រូវ កុំយកមក បោះចោលតាមមាត់លូរ តាមប្រឡាយរំដោះទឹកឥញ្ចឹង គឺធ្វើអោយស្ទះដល់ចរន្តទឹកហូរ ប៉ះពាល់បរិស្ថានអនាម័យ និងសណ្តាប់ធ្នាប់សាធារណៈ ។

សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមទុកដាក់សំរាមអោយបានត្រឹមត្រូវ បញ្ចេញសំរាមតាមពេលវេលាកំណត់របស់ក្រុមហ៊ុនស៊ីនទ្រី បញ្ឈប់ការចោលសំរាមចូលក្នុងប្រឡាយ និងតាមលូ ដែលបណ្តាលអោយស្ទះចរន្តទឹក និងបង្កអោយមានបរិស្ថានមិនល្អក្នុងតំបន់ ៕

អត្ថបទដែលជាប់ទាក់ទង