ប្រកាសផ្ទេរភារកិច្ច ប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខណ្ឌទួលគោក និងខណ្ឌឬស្សីកែវ
ភ្នំពេញ៖ លោក ប៉ា សុជាតិវង្ស សមាជិកគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានអញ្ជើញប្រកាសផ្ទេរភារកិច្ច ប្រធានគណៈកម្មាធិការគណបក្ស ប្រជាជនកម្ពុជាខណ្ឌទួលគោក និងខណ្ឌឬស្សីកែវ នាព្រឹកថ្ងៃអង្គារ៍ ទី១៩ ខែតុលា ឆ្នាំ២០២១នេះនៅទីស្នាក់ការ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ។
លោក ជា ពិសី អភិបាលខណ្ឌទួលគោក ត្រូវបានប្រកាសផ្ទេរភារកិច្ចជា ប្រធានគណបក្សប្រជាជនកម្ពុជាខណ្ឌទួលគោក ហើយលោក ឯក ឃុនឌឿន អភិបាលខណ្ឌឬស្សីកែវ ត្រូវបានប្រកាសផ្ទេរភារកិច្ចជា ប្រធានគណបក្សប្រជាជនកម្ពុជាខណ្ឌឬស្សីកែវវិញ។
គួរបញ្ជាក់ថា៖កន្លងមកលោឯក ឃុនដឿន ជាអតីតអភិបាលខណ្ឌទួលគោក និងប្រធានគណបក្សប្រជាជនកម្ពុជា ខណ្ឌទួលគោកឥឡូវទៅជាអភិបាលខណ្ឌប្ញស្សីកែវ និងជាប្រធានគណបក្សប្រជាជនកម្ពុជា ខណ្ឌឬស្សីកែវវិញ។ចំណែកលោក ជា ពិសី អតីតអភិបាលប្ញស្សីកែវទៅជា អភិបាលខណ្ឌទួលគោក និងជាប្រធានគណបក្សប្រជាជនកម្ពុជាខណ្ឌទួលគោកវិញ។
នៅក្នុងឱកាសនោះ លោក ប៉ា សុជាតិវង្ស បានផ្តោតសំខាន់ទៅលើការដឹកនាំចំពោះមុខ ត្រូវក្តាប់ឱ្យជាប់នូវលក្ខន្តិកៈបក្ស កម្មវិធីនយោបាយ គោលការណ៍ គោលនយោបាយ និងសេចក្តីសម្រេចរបស់បក្ស ច្បាប់របស់រដ្ឋ ចាត់តាំងអនុវត្តន៍ឱ្យបានត្រឹមត្រូវ និងត្រូវប្រកាន់ភ្ជាប់ នូវគោលការណ៍ជាមូលដ្ឋាន សមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ ភាគតិចគោរពភាគច្រើន។ ដឹកនាំល្អត្រូវគិតគូរខាងអាកប្បកិរិយា ពាក្យសម្តីសុភាពរាបសារ ចាស់ទុំនយោបាយ តែត្រូវម៉ឺងម៉ាត់ខាងគោលជំហរ។ អ្នកដឹកនាំត្រូវធ្វើភាពជាគម្រូ ដល់អ្នកដែលនៅក្រោមការដឹកនាំរបស់យើង ក្នុងនោះគម្រូអនុវត្តន៍ដីកាច្បាប់ ក្នុងជីវភាពរស់នៅ ក្នុងការងារសាមគ្គីភាពឯកភាពផ្ទៃក្នុង និងគោរពអង្គការវិន័យរបស់បក្ស។
លោកបានបន្តទៀតថា ការដឹកនាំល្អ ត្រូវគោរព និងអនុវត្តន៍ឱ្យបានត្រឹមត្រូវ របបធ្វើការងាររបស់គណបក្ស នោះគឺប្រជុំសន្និបាត ចុះមូលដ្ឋាន ត្រួតពិនិត្យ រៀនសូត្រ រាយការណ៍ និងសុំយោបល់ ហើយត្រូវចងចាំថា សូមកុំមើលរំលងរបបមួយណាឱ្យសោះ។
លោកក៏បានផ្តាំផ្ញើឱ្យជំរុញដល់សមាជិក សមាជិការបស់បក្ស ពិនិត្យបញ្ជីឈ្មោះបោះឆ្នោត ធ្វើអត្តសញ្ញាណប័ណ្ណដល់អ្នក ដែលគ្រប់អាយុ ដើម្បីឈានទៅរកភាព ជោគជ័យទៅថ្ងៃខាងមុខ៕