ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ដ្រីជាន់ខ្ពស់ ក្រសួងសង្គមកិច្ចថា ៖ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍អន្តរជាតិ ដ៏ធំនៃវិស័យពិការភាព នៅឆ្នាំ២០២៣

30

 

ភ្នំពេញ៖ សន្និសីទអាស៊ីនិងប៉ាស៊ីហ្វិកលើកទី៥ ឆ្នាំ២០២៣ ស្តីពី “បរិយាបន្នពិការភាពក្នុងកម្មវិធីអភិវឌ្ឍន៍សហគមន៍” នឹងប្រព្រឹត្តិទៅនៅទីក្រុងភ្នំពេញនាពាក់កណ្តាលខែមិនា ឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់។

ការទទួលធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ដ៏ធំនៃសន្និសីទអាស៊ីនិងប៉ាស៊ីហ្វិកលើកទី៥ ឆ្នាំ២០២៣ គឺជាការបានបង្ហាញពីការយកចិត្តទុកដាក់ជាចំបងចំពោះសុខុមាលភាព និងសេចក្តីថ្លៃថ្នូររបស់ជនមានពិការភាពនៅកម្ពុជា តាមរយៈការអនុម័តច្បាប់ស្ដីពីកិច្ចការពារ និងលើក កម្ពស់សិទ្ធិជនពិការ ២០០៩ គោលនយោបាយជាតិគាំពារសង្គម ផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព បទដ្ឋានគតិយុត្តិក្រោមច្បាប់ និងគោលការណ៍ណែនាំផ្សេងៗជាច្រើនទៀត។

លោក វង សូត រដ្ឋមន្ដ្រីកនរសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា កាលពីថ្ងៃទី២០ តុលា ២០២១ ក្នុងកិច្ចប្រជុំ បាន បញ្ជាក់ថា៖ កម្ពុជា គ្រោងរៀបព្រឹត្តិការណ៍ខាងមុខនេះថាជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មីនៃវិស័យពិការភាព ដែលកន្លងមករាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសង្គមកិច្ចបានខិតខំដោះស្រាយ បញ្ហាជាច្រើនដើម្បីប្រយោជន៍របស់ជនមានពិការភាពនៅកម្ពុជារួមទាំងការស្តារលទ្ធភាពពលកម្មកាយសម្បទា ការផ្តល់ផ្ទះសម្បែង ប្រាក់ឧបត្ថម្ភដល់ជនពិការក្រីក្រតាមសហគមន៍ជាដើម។

កម្ពុជាបានផ្តល់សច្ចាប័នលើអនុសញ្ញាស្តីពីសិទ្ធិជនពិការ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១២ ជាហត្ថលេខីក្នុងការអនុវត្តទសវត្សរ៍ជនពិការប្រចាំតំបន់អាស៊ីនិងប៉ាស៊ីហ្វិក យុទ្ធសាស្ត្រអ៊ុឈាន់ ធ្វើឲ្យសិទ្ធិក្លាយជាការពិត ឆ្នាំ២០១៣- ២០២២ បានចូលរួមយ៉ាងសកម្មជាមួយប្រទេសក្នុង សហគមន៍ក្នុងតំបន់ និងអន្តរជាតិ ដើម្បីលើកកម្ពស់សិទ្ធិជនមានពិការភាព។

លោក វង សូត បានបន្ថែមទៀតថា ការត្រៀមរៀបចំសន្និសីទលើកទី៥ ប្រចាំតំបន់អាស៊ីនិងប៉ាស៊ីហ្វិកស្តីពីការធ្វើបរិយាបន្នពិការភាពក្នុងការអភិវឌ្ឍន៍សហគមន៍ប្រកបដោយនិរន្តរភាពខាងមុខនេះ កម្ពុជានឹងបង្ហាញដល់គណៈប្រតិភូ ដែលមកពីបណ្តាលប្រទេសនានាក្នុងតំបន់អាស៉ីនិងប៉ាស៉ីភិចនូវសមិទ្ធិផលជាច្រើននៃវិស័យពិការភាពនៅកម្ពុជា ពិសេសនឹងរៀបចំដំណើរទស្សនកិច្ចជូន គណៈប្រតិភូដើម្បីទៅទស្សនមជ្ឈមណ្ឌលជាតិជនពិការកម្ពុជាដែលកំពុងតែងសាងសង់ ហើយគ្រោងនឹងបញ្ចប់នៅមុនឆ្នាំ២០២៣។

លោក វង សូត ក៏ប្រកាសប្រគល់ភារកិច្ចជូន លោក ឯម ច័ន្ទមករា រដ្ឋលេខាធិការសង្គមកិច្ចនិងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ និងក្រុមការងារជាអ្នកត្រួតពិនិត្យគុណភាពសំណង់និងពន្លឿនការសាងសង់មជ្ឈមណ្ឌលជាតិជនពិការកម្ពុជាឱ្យទាន់ផែនការ ពោលគឺមុខព្រឹត្តិការណ៍សន្និសីទខាងលើនេះ។

សូមបញ្ជាក់ថា សន្និសីទប្រចាំតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ស្តីពីការធ្វើបរិយាបន្នពិការភាពក្នុងការអភិវឌ្ឍន៍សហគមន៍ប្រក បដោយនិរន្តរភាព ធ្លាប់បានរៀបចំចំនួន ៤ដងរួចមកហើយ គឺ៖ លើកទី១ រៀបចំដោយរាជរដ្ឋាភិ បាលថៃ ក្នុងឆ្នាំ២០០៩ មានអ្នក ចូលរួម៦៣០ នាក់ មកពី៥៣ប្រទេស។ លើកទី២ រៀបចំដោយរដ្ឋាភិបាលភីលីពីនក្នុងឆ្នាំ២០១១ មានអ្នកចូលរួម៦២៨នាក់ មកពី៦៥ប្រទេស។ លើកទី៣ រៀបចំដោយរាជរដ្ឋាភិបាលជប៉ុន ក្នុង ឆ្នាំ២០១៥ មានអ្នកចូលរួម៥៥០នាក់ មកពី៤៥ប្រទេស។

លើកទី៤រៀបចំដោយរដ្ឋាភិបាល ប្រទេស ម៉ុងហ្គោលីក្នុងឆ្នាំ២០១៩មានអ្នកចូល រួម៦៤៣ នាក់ មកពី៤៣ប្រទេស និង លើកទី៥ នឹងធ្វើនៅខែមីនា ឆ្នាំ២០២៣រៀបចំដោយរាជរដ្ឋាភិបាលកម្ពុជា៕ . សំរិត

អត្ថបទដែលជាប់ទាក់ទង