ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អំពាវនាវដល់ប្រទេស ជាសមាជិកអាស៊ានទាំងអស់ ត្រូវដោះស្រាយរួមគ្នា ឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត លើករណីគ្រឿងញៀន

50

 

ភ្នំពេញ៖ ថ្ងៃពុធ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ កម្ពុជាបានធ្វើជាម្ចាស់ផ្ទះ ក្នុងកិច្ចប្រជុំក្រុមការងារត្រួតពិនិត្យគ្រឿងញៀនប្រចាំកំពង់ផែអាស៊ាន លើកទី៦ តាមប្រព័ន្ធអនឡាញ ដឹកនាំដោយ លោកនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលកិច្ចប្រជុំនេះមានសមាសភាពចូលរួម មកពីបណ្ដាប្រទេសអាស៊ានទំាង១០ និងមន្ត្រីលេខាធិការដ្ឋានអាស៊ាន។

ថ្លែងក្នុងនាមម្ចាស់ផ្ទះ និងជាប្រធានកិច្ចប្រជុំ លោក នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ បានគូសបញ្ជាក់ថាទោះបីយើងកំពុងជួបវិបត្តិនៃជំងឺកូវីដ19 តែបញ្ហាគ្រឿងញៀននៅតែជាកង្វល់និងសម្គាល់ឃេញថាមិនមានសញ្ញាថយចុះ បើតាមរបាយការណ៍គ្រឿងញៀនពិភពលោក និងរបាយការណ៍គ្រឿងញៀនប្រចាំប្រទេសអាស៊ាន។

លោក ប្រធានកិច្ចប្រជុំ បានគូសបញ្ជាក់ថា គ្រឿងញៀនសំយោគ និងសារធាតុគីមីផ្សំត្រូវបានចរាចរណ៍នៅក្នុងតំបន់ដើម្បីផ្គត់ផ្គង់ទីផ្សារ គ្រឿងញៀនក្រោមការចាត់ចែងដោយឧក្រិដ្ឋជនអន្តរជាតិក្នុងរូបភាពជាបទល្មើសឆ្លងកាត់ព្រំដែន​ ដោយឧក្រិដ្ឋជនបានចាត់ចែងបទល្មើសក្រោមរូបភាពកាន់តែស្មុគស្មាញ និងពិបាកត្រួតពិនិត្យ។

លោក ប្រធានកិច្ចប្រជុំ បានបន្តលើកឡើងថា៖ «ខ្ញុំសង្ឃឹមជឿជាក់ថាកិច្ចប្រជុំយើងថ្ងៃនេះនឹងបន្តរួមគ្នាបន្តគិតពិចារណា និងស្វែងរកការផ្ដួចផ្ដើមគំនិតថ្មីៗថែមទៀត ដើម្បីធ្វើយ៉ាងណាឱ្យយន្តការទាំងអស់ត្រូវបានបន្តពង្រឹង និងពង្រីក​ ជំរុញការលើកកម្ពស់កិច្ចសហប្រតិបត្តិការលើផ្នែកអនុវត្តច្បាប់​ ស្របតាមស្ថានភាពវិវត្តន៍ប្រែប្រួលនៃបញ្ហាគ្រឿងញៀន ក្នុងបរិបទជំងឺកូវីដ១៩»។

គោលបំណងសំខាន់នៃកិច្ចប្រជុំលើកនេះរួមមាន៖
1. ព័ត៌មានបច្ចុប្បន្នភាពនិងស្ថានភាពគ្រឿងញៀន
2. ធ្វើបច្ចប្បន្នភាព មន្ត្រីទំនាក់ទំនងរបស់ក្រុមការងារត្រួតពិនិត្យគ្រឿងញៀនកំពង់ផែ
3. កិច្ចសហប្រតិបត្តិការទៅថ្ងៃអនាគត​ ដើម្បីលើកកម្ពស់និងពង្រឹងសមត្ថភាពមន្ត្រីអនុវត្តច្បាប់
4. បញ្ហាផ្សេងៗ
លោកនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ ក៏បានធ្វើការអំពាវនាវដល់ប្រទេសជាសមាជិកអាស៊ានទាំងអស់ត្រូវដោះស្រាយរួមគ្នា ឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀតលើករណីគ្រឿងញៀន ខណៈបញ្ហាគ្រឿងញៀននេះកំពុងនៅតែជាកង្វល់ ទាំងក្នុងតំបន់អាស៊ាន ក៏ដូចជាពិភពលោកនោះ៕

អត្ថបទដែលជាប់ទាក់ទង