ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មាត់អេចអូច ៖ ចុម ! ឡានពេទ្យដឹកអ្នករបួស តាមដងផ្លូវ ឥឡូវសាហាវណាស់តើ!

706

ភ្នំពេញ ៖ ពីមុនឭុតែគេនិយាយប៉ុណ្ណោះ តែលុះដល់ឃើញខ្លួនឯងផ្ទាល់ភ្នែក ទើបដឹងថាឡានពេទ្យ ដែលធ្វើសកម្មភាព ដណ្ដើមអ្នករបួសដែល រងគ្រោះថ្នាក់ចរាចរលើដងផ្លូវ ពិតជាតិពិតជាសាហាវ និង គ្មានគុណធម៌ជាមនុស្សឡើយ ។

ឡានដែលពាក់សញ្ញាពេទ្យ រួមជាមួយភ្លើងសុំផ្លូវ និងសម្លេងស៊ីរ៉ែនសុំ ឬ បើកផ្លូវនោះចំជាធ្វើសកម្មភាពព្រហើនមែន ។តាមធម្មតាសម្រាប់អ្នកដែលរងគ្រោះ គ្នាមិនដែលប្រកែកទេបើឡានពេទ្យ ណាមកដល់មុនហើយដឹក ឬ បញ្ជូនទៅកាន់មន្ទីរពេទ្យឲ្យបាន រហ័សនោះគ្នាអរពេកក្រៃទៅហើយ ។

ជួនកាលអ្នកគ្រោះថ្នាក់មានតែម្នាក់ប៉ុណ្ណោះ តែឡានពេទ្យមកសុទ្ធ ៥ ឬ ៦គ្រឿង ហើយបើប្រជែងគ្នាមកបែបនេះ នរណាមកដល់មុនគឺអ្នកនោះហើយ ជាអ្នកដឹកអ្នករងរបួសទៅកាន់មន្ទីរពេទ្យ ។តែអាឡានដែលដណ្ដើមអ្នកជម្ងឺមិនបាននោះបែរជាមានកំហឹង និង មានការឈ្នានីស ច្រណែនជាមួយឡានដែលបានអ្នកជម្ងឺ ។

របៀបបញ្ចេញកំហឹងរបស់គេគឺ បើកឡានកៀរ ឬ បង្ករការរំខានដល់ឡាន ដែលមានអ្នករបួសនៅលើនោះ គ្នារងរបួសមួយសារទៅហើយ ចុះប្រសិនបើទង្វើនេះវាបង្កឲ្យឡានមានការប៉ះទង្គិចគ្នា រហូតដល់ក្រឡាប់នោះអ្នករបួសនោះនឹងកាន់តែធ្ងន់ ក ទៅហើយទេអ្ហី ! កោតចេះតែធ្វើទៅរួចដែរ ។

វាជារឿងចាស់ទេ ! តែបើឡានដែលពាក់សញ្ញាពេទ្យ យ៉ាងហោចណាស់ក៏ត្រូវយល់ដឹងបន្តិចបន្តួច ពីក្រមសីលធម៌របស់ពេទ្យដែរមិនត្រូវច្រណែន ហើយធ្វើឬក្សច្រឡោមខាងបែបនេះទេ ។តាមពិតប៉ូលីសចរាចរដែលចុះទៅវាស់វែង កន្លែងកើតហេតុនោះ មានសិទ្ធគ្រប់គ្រាន់ក្នុងការព្រមាន ឬ ឃាត់រថយន្ដដែល បង្កការរំខាននោះមកអប់រំបាន តែប៉ូលីសមិនធ្វើ ។

នរណាជាអ្នកផ្ដល់ពត៌មាន ឲ្យឡានពេទ្យដែលគ្មានវិជ្ជាជីវៈនេះមកដឹកអ្នករងគ្រោះ ? ជាការពិតហើយឡានពេទ្យនេះ ពិតជាបានទទួលផលប្រយោជន៍ ពីមន្ទីរពេទ្យដែលខ្លួនដឹកអ្នករបួសទៅដាក់ ។
ចំណែកអ្នកផ្ដល់ពត៌មានដល់ឡានពេទ្យទាំងនោះ ក៏ប្រាកដជាបានទទួលផលប្រយោជន៍ដែរហើយ ។
អារឿងឡានពេទ្យកៀរឡានពេទ្យនេះ ល្មមដល់ពេលក្រសួងសុខាភិបាល ប៉ូលីសចរាចរធ្វើសរសៃរឲ្យហើយ កុំទុកឲ្យនៅព្រហើនបែបនេះតទៅទៀត ៕

អត្ថបទដែលជាប់ទាក់ទង