ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កសិករផ្អូញផ្អែរថា តម្លៃស្រូវថោកលក់ទូទាត់មិនរួចថ្លៃថ្នាំ និងជី ខណៈមន្រ្តីមន្ទីរពាណិជ្ជកម្មថា មកពីពលរដ្ឋដាំដុះខុសបច្ចេកទេស

55

 

បាត់ដំបង ៖ ប្រជាកសិករខេត្ដបាត់ដំបងបានផ្អូញផ្អែរថា តម្លៃកសិផលស្រូវនាឆ្នាំនេះលក់ហើយ ទូទាត់ថ្លៃដើមទុន និងសងថ្លៃថ្នាំ ថ្លៃជី មិនគ្រប់ឡើយ ខណៈអនុប្រធានមន្ទីរ
ពាណិជ្ជកម្មខេត្ដបាត់ដំបង បានណែនាំពលរដ្ឋថាដោយ សារបច្ចេកទេសដាំដុះនិងប្រើប្រាស់ថ្នាំ ជី របស់ប្រជា កសិករខុសបច្ចេក ទេស ដូច្នេះកសិករគួរងាកមកប្រើប្រាស់ ជី របស់ខ្មែរវិញ។

ប្រជាពលរដ្ឋម្នាក់រស់នៅ ក្នុងឃុំអូតាគី ស្រុក ថ្មគោល ខេត្ដបាត់ដំបងបានថ្លែងថា សព្វថ្ងៃការប្រកបរបរធ្វើស្រែពិបាកណាស់ ព្រោះតម្លៃស្រូវថោក តែតម្លៃជី តម្លៃថ្នាំ តម្លៃម៉ាស៊ីនច្រូតគឺកាន់តែឡើងថ្លៃជាបន្ត បន្ទាប់។ ពលរដ្ឋបន្ថែមថា បើសិនជាមានរបស់របរប្រើប្រាស់ ខ្លួនឯងគឺមិនសូវមានបញ្ហានោះទេតែបើជួលគេវិញគឺគ្មានសល់ដើម សល់ទុនអីទេ ដែលកត្តានេះ បូករួមនៅពេលប្រមូលផលបានហើយតម្លៃស្រូវធ្លាក់ថោក បានជំរុញឱ្យកសិករមួយចំនួន សម្រេចចិត្ដឈប់ធ្វើស្រែតែម្ដង ។

កសិករម្នាក់ទៀតក៏បានលើក ឡើងបន្ថែមថា កសិករនាពេលបច្ចុប្បន្នខិតខំប្រឹងធ្វើ ស្រែណាស់ ហើយពេលខ្លះត្រូវជួបនឹងគ្រោះធម្មជាតិបើមិនរាំងស្ងួតស្វិត ក៏លិចទឹកជំនន់ដែរ ដល់ពេលគេចផុតត្រូវបានប្រមូលផល បែរជាជួបបញ្ហាតម្លៃស្រូវធ្លាក់ថោកទៅ វិញ។ កសិករថា៖ បើមិនលិច ស្វិត តែគេចផុតគ្រោះធម្មជាតិហើយ មកជួបបញ្ហាធ្លាក់តម្លៃទៀត ឱ្យកសិករខ្មែរសង្ឃឹមអ្វី បើលក់ស្រូវទៅទូទាត់ ថ្លៃដើមទុន ចំណាយផ្សេងៗ និងសងថ្លៃជី ថ្លៃថ្នាំគេមិនរូចផង ។
លោក ហ៊ីន វុទ្ធី អនុប្រធានមន្ទីរពាណិជ្ជកម្មខេត្ដបាត់ដំបង បានឲ្យដឹងនៅថ្ងៃទី៦ ខែ ធ្នូ ឆ្នាំ២០២១ថា៖ បញ្ហាដែលតម្លៃស្រូវធ្លាក់ចុះដោយសារមានប្រទេសជិត ខាងបានដាំដុះ និងលក់ចេញស្រូវប្រជែង ប្រទេសកម្ពុជាក្នុងតម្លៃថោកជាង ទើបតាមរោងម៉ាស៊ីនសម្រេចចិត្ដប្រមូលទិញស្រូវ ពីកសិករក្នុងតម្លៃមួយដែលសមរម្យ ទាំងម្ចាស់រោងម៉ាស៊ីនពុំបានទទួលកម្រៃចំណេញឡើយ។

លោកបន្តថា សម្រាប់តម្លៃថ្នាំ តម្លៃជី គឺជារបស់នាំចូលពីបរទេសដូច្នេះហើយដោយ សារការ ផលិតរបស់ប្រទេសគេមាន ការយឺតយ៉ាវ ឬត្រូវឡើងថ្លៃខាងមន្ទីរមិនអាចទម្លាក់តម្លៃបានទេ។
លោកបានបន្ថែមផងដែរថា ចំពោះរឿងប្រមូលផលស្រូវហើយទូទាត់ ប្រាក់ចំណាយផ្សេងៗមិនគ្រប់គ្រាន់គឺដោយ សារកសិករដាំដុះ និងប្រើ ប្រាស់ថ្នាំ និងជី ខុសបច្ចេក ទេស ទើបប្រមូលផលមកមិនសូវបានល្អ ។

លោកបានអំពាវនាវដល់ប្រជា កសិករគួរ សិក្សារៀនសូត្រឱ្យបាន ច្បាស់ពីរបៀបដាំដុះ និងងាកមកគាំទ្រប្រើប្រាស់ផលិត ផលខ្មែរវិញ ដែលមានតម្លៃសមរម្យ អាចទទួលយកបាន ខណៈសព្វថ្ងៃខេត្ដបាត់ដំបង មានក្រុមហ៊ុនមួយកំពុងចុះ ឈ្មោះធ្វើអាជីវកម្មផលិតជីដោយខ្លួនឯងផ្ទាល់។

សូមបញ្ជាក់ថា៖ តម្លៃស្រូវនាពេលបច្ចុប្បន្ន ស្រូវរំដួលលេខ១ មានតម្លៃ ៩៩០ រៀល ក្នុង១គីឡូក្រាម ស្រូវសែនក្រអូបលេខ១ មានតម្លៃ ៩៥០រៀលក្នុង១គីឡូ ក្រាម ខណៈតម្លៃនេះបើប្រៀបធៀប ទៅនឹងឆ្នាំ២០២០គឺមានការធ្លាក់ចុះ ពី១៤០រៀល ទៅ ១៥០រៀលក្នុង១គីឡូក្រាម៕ . សំរិត

អត្ថបទដែលជាប់ទាក់ទង