ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ជូន ក្រុមប្រឹក្សារាជធានីភ្នំពេញ ពីការឡើងថ្លៃសំរាម សំណល់រឹង

220

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ជូនក្រុមប្រឹក្សារាជធានីភ្នំពេញ ពីការឡើងថ្លៃសំរាម សំណល់រឹងនៅក្នុងរាជធានីភ្នំពេញ ខណៈដែលមានក្រុមហ៊ុនប្រមូលនិងដឹកជញ្ជូនសំរាម និងសំណល់រឹងចំនួន៣បាននិងកំពុងប្រកួតប្រជែងគ្នាក្នុងការប្រមូលសំរាមនេះ ហើយឃើញថាសេវានេះបានលក្ខណៈល្អប្រសើរជាងមុនផងដែរនោះ។

ការបញ្ជាក់បែបនេះរបស់រដ្ឋបាលរាជធានីភ្នំពេញបានធ្វើឡើង ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣១របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៩ធ្នូ២០២១នេះ នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមាន លោកម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញនិងលោកមាន ចាន់យ៉ាដា អភិបាលរងរាជធានី តំណាងលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អមដោយអភិបាលរងរាជធានីភ្នំពេញចំនួន៣នាក់ទៀត។
លោកហុក ហួរលីម នាយករដ្ឋបាលរាជធានីភ្នំពេញស្តីទី ក្នុងកិច្ចប្រជុំនេះបានមានប្រសាសន៍បញ្ជាក់ថា ៖
ការអនុវត្តតារាងកម្រៃសេវាប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹងឆ្នាំ២០០៣ មិនអាចឆ្លើយតបទៅ នឹងកំណើនសេដ្ឋកិច្ចរបស់ប្រទេសជាតិ កំណើនសន្ទស្សន៍ថ្លៃទំនិញ និងជីវភាពរស់នៅ នាពេលបច្ចុប្បន្ន ពិសេសមិនមានលទ្ធភាពទូទាត់ថ្លៃសេវាជូនប្រតិបត្តិករថ្មីទាំង០៣ (ដែលប្រើប្រាស់រថយន្តដឹកសំរាម រថយន្ត បោសថ្នល់ រថយន្តបាញ់លាងសម្អាតថ្នល់ និងឧបករណ៍សម្ភារៈថ្មីៗ ព្រមទាំងប្រាក់បៀវត្សបុគ្គលិក កម្មករ ដែលមានតម្លៃខ្ពស់ជាងមុន) ព្រមទាំងការចំណាយរដ្ឋបាលរបស់សហគ្រាសគ្រប់គ្រងសំរាម សំណល់ រឹងទីប្រជុំជនរាជធានីភ្នំពេញ និងការរៀបចំទីលានទុកដាក់សំរាមសុវត្ថិភាព។ ដូច្នេះហើយ រដ្ឋបាល រាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងលេខ០៩០/២១ សជណ.ស ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ ស្ដីពីការដាក់ឱ្យអនុវត្តតារាងកម្រៃសេវាគ្រប់គ្រងសំរាម សំណល់រឹង (ថ្មី) នៅរាជធានីភ្នំពេញ ដើម្បីធានា ប្រក្រតីភាពនៃប្រតិបត្តិការថ្មី និងឱ្យត្រូវតាមការអភិវឌ្ឍរាជធានីភ្នំពេញ នាពេលបច្ចុប្បន្ន។
ពាក់ព័ន្ធនឹងបញ្ហាខាងលើ លោកកើត ឆែអភិបាលរងរាជធានីភ្នំពេញ ក៏បានលើកឡើងផងដែរថា ពីមុនប្រជាពលរដ្ឋមួយចំនួន មិនបានបង់ថ្លៃសំរាមឲ្យក្រុមហ៊ុនប្រមូលសំរាមនោះទេ ដោយពួកគាត់លើកហេតុផលថា ការប្រមូលសំរាមមិនស្អាតទុកឲ្យស្អុយរយៈពេលច្រើនថ្ងៃ ដែលធ្វើអោយពួកគាត់មិនអាចទទួលយកបាន ហើយគាត់ក៏មិនបានបង់ថ្លៃសេវាប្រមូលសំរាមនោះដែរ តែមកដល់ពេលនេះ ពោលគឺក្រោយពីមានក្រុមហ៊ុន៣ ប្រកួតប្រជែងលើការប្រមូលសំរាមនេះ ឃើញថាការប្រមូលការដឹកជញ្ជូនសំរាមសំណល់រឹង គឺមានភាពល្អប្រសើរជាងមុន។ទន្ទឹមនឹងនេះផងដែរ ដើម្បីឱ្យសេវានេះកាន់តែល្អប្រសើរ រដ្ឋបាលរាជធានីភ្នំពេញក៏បានដំឡើងថ្លៃប្រមូលសំរាមនេះ តែត្រូវបានបងប្អូនប្រជាពលរដ្ឋមួយចំនួនមានភាពរអ៊ូរទាំ ។ លោកបញ្ជាក់ថា ធាតុពិត មិនមានការឡើងថ្លៃនោះទេ បើគិតពីតម្លៃនៃការប្រមូលសំរាមសម្រាប់ផ្ទះល្វែងមួយម៉ឺនរៀលនេះ ដូចជាមិនថ្លៃនោះទេ ដោយតារាងកម្រៃសេវាប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹងឆ្នាំ២០០៣ តម្លៃផ្ទះល្វែងមិនធ្វើអាជីវកម្មតម្លៃ៤០០០រៀលកាលនោះ គឺយើងអាចទិញគុយទាវហូបបាន១ចាន តែពេលនេះមិនអាចទិញគុយទាវបាន១ចានទេ លុះត្រាតែ១ម៉ឺនរៀលទើបទិញហូបបាន។លោកក៏បានបញ្ជាក់បន្ថែមទៀតថា ការប្រមូលសំរាមនិងសំណល់រឹងនៅរាជធានីភ្នំពេញទៅលើការដំឡើងថ្លៃសំរាមថ្មីនេះ យើងប្រមូលបានថវិកាច្រើនជាមុនក៏ពិតមែន តែក៏មិនគ្រប់ចំនួនត្រូវបង់
អោយទៅក្រុមហ៊ុនប្រមូលសំរាមទាំង៣នោះនូវឡើយដែរ ។ លោកសូមអោយបងប្អូនប្រជាពលរដ្ឋចូលរួមដើម្បីធ្វើអោយភ្នំពេញយើងមានអនាម័យនិងបរិស្ថានល្អ។
លោកមាន ចាន់យ៉ាដា នៅក្នុងឱកាសនោះ ក៏បានលើកឡើងពីសកម្មភាពការងារជាច្រើនក្រោមការដឹកនាំរបស់អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ដោយ លោកឃួង ស្រេង បានជំរុញឲ្យអាជ្ញាធររាជធានី អាជ្ញាធរខណ្ឌធ្វើការដោះស្រាយនូវទំនាស់ផ្សេងៗនៅក្នុងមូលដ្ឋានរាជធានីភ្នំពេញពោលគឺ យ៉ាងហោចណាស់ក៏ត្រូវដោះស្រាយទំនាស់ឲ្យបានយ៉ាងតិច២រឿងក្នុងមួយសប្តាហ៍ ហើយការដោះស្រាយទំនាស់ទាំងនោះត្រូវដោះស្រាយអោយបានចប់ នៅក្នុងត្រីមាសទី១ ឆ្នាំ ២០២២ ។
លោកបន្តថា បញ្ហាការបង្ការនិងទប់ស្កាត់នូវជំងឺកូវីដ-១៩ក៏ជាបញ្ហាដែលអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញជំរុញឲ្យអាជ្ញាធរនិងកម្លាំងពាក់ព័ន្ធធ្វើការទប់ស្កាត់អោយកាន់តែខ្លាំងក្លាផងដែរ៕

អត្ថបទដែលជាប់ទាក់ទង