ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកនាំពាក្យក្រសួងការបរទេសចិន ៖ អាមេរិកបន្តបង្ខូចឈ្មោះ និងលាបពណ៌លើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងចិននិងកម្ពុជា គំរាមកំហែង ដាក់សម្ពាធ និងការដាក់ទណ្ឌកម្ម មកលើកម្ពុជា

31

 

ភ្នំពេញ ៖ ស្ថានទូតចិនប្រចាំកម្ពុជា បានលើកឡើងថា នាថ្ងៃទី៩ខែធ្នូ ក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃរបស់ក្រសួងការបរទេសចិន មានការលើកឡើងយ៉ាងដូច្នេះថា៖ នៅថ្ងៃទី៨ ក្រសួងពាណិជ្ជកម្មអាមេរិកបានប្រកាសថាអាមេរិក នឹងបន្ថែមវិធានការកំណត់ថ្មីលើការនាំចេញ និងនាំចេញឡើងវិញ នូវប្រភេទទំនិញរសើបរបស់ខ្លួនមកកាន់កម្ពុជា និងព្រមទាំងមានការហាមឃាត់ លក់អាវុធនិងសម្ភារៈយោធាដល់កម្ពុជា ដោយក្រោមហេតុផលថា មានអំពើរំលោភបំពានសិទ្ធិមនុស្ស អំពើពុករលួយ និងការអនុញ្ញាតបង្កើនវត្តមានយោធាចិនក្នុងប្រទេសកម្ពុជា។ តើភាគីចិនមានយោបល់យ៉ាងដូចម្ដេច ចំពោះការលើកឡើងបែបនេះ?

លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនមានប្រសាសន៍ថា ថ្មីៗនេះ អាមេរិកបន្តបង្ខូចឈ្មោះ និងលាបពណ៌លើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងចិននិងកម្ពុជា គំរាមកំហែង ដាក់សម្ពាធ និងការដាក់ទណ្ឌកម្មមកលើកម្ពុជា។ នេះគឺជាទង្វើដែលប្រើអំណាចគៀបសង្កត់ លើអ្នកដទៃយ៉ាងពិតប្រាកដនិងច្បាស់លាស់ នេះបានល្មើសនឹងក្រមប្រតិបត្តិមូលដ្ឋាន នៃទំនាក់ទំនងអន្តរជាតិផងដែរ។ ភាគីចិនប្រឆាំងជាដាច់ខាតចំពោះទង្វើបែបនេះ។

ចិននិងកម្ពុជា គឺជាដៃគូកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ជាមិត្តដែកថែបនិងជាសហគមន៍វាសនារួម។ ចំណងមិត្តភាពជាប្រពៃណី នៃប្រទេសទាំងពីរ ឆ្លងកាត់ការសាកល្បងតាមគ្រប់រូបភាព ធ្វើឱ្យកាន់តែរឹងមាំ មិនអាចបំបែកបាន។ គំនិតអាក្រក់ប៉ុនប៉ងរបស់អាមេរិកលើ ទំនាក់ទំនង ចិននិង កម្ពុជា នឹងទទួលបរាជ័យ ។ ភាគីចិនគាំទ្រកម្ពុជាយ៉ាងម៉ឺងម៉ាត់ ក្នុងការការពារអធិបតេយ្យភាពជាតិ និងសេចក្តីថ្លៃថ្នូរនៃជាតិ នឹងគាំទ្រឈរជាមួយ ប្រជាជនកម្ពុជាជារៀងរហូត៕

អត្ថបទដែលជាប់ទាក់ទង