ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ករណីគ្រោះអគ្គិភ័យចំនួន២កន្លែង ឆេះផ្ទះជិត១០០ខ្នង

52

សាខា កក្រក រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី​ ១០​ ខែ ធ្នូ​ ឆ្នាំ ២០២១នេះ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ដឹកនាំដោយ​ លោក ជិន ប៊ុនធឿន នាយកប្រតិបត្តិសាខា បានចុះពិនិត្យ​ពីស្ថានភាព​ និងសហការជាមួយអាជ្ញាធរក្នុងការជួយអន្តរាគមន៍​ និងស្រង់នូវស្ថិតិ​ករណីគ្រោះអគ្គិភ័យចំនួន២កន្លែង​ រួមមាន៖

១-​ ករណីអគ្គិភ័យ​នាវេលាម៉ោង៦:៣០នាទីព្រឹកថ្ងៃទី​ ១០​ ខែ ធ្នូ​ ឆ្នាំ ២០២១នេះ​ ស្ថិតនៅតាមបណ្តោយផ្លូវរថភ្លើង តំបន់អភិវឌ្ឍន៍បឹងកក់ ទល់មុខក្រសួងការពារជាតិ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ​ តាមតួលេខបឋមបណ្តាលឱ្យឆេះផ្ទះអស់ទាំងស្រុងចំនួន៨០ខ្នង ស្មើនឹង៨០គ្រួសារ​ និងមិនបណ្តាលឱ្យមានមនុស្សរងរបួស ឬប៉ះពាល់ដល់អាយុជីវិតឡើយ​ ។

២-​ ករណីអគ្គិភ័យនាវេលាម៉ោង៨:១៥នាទីព្រឹកថ្ងៃទី​ ១០​ ខែ ធ្នូ​ ឆ្នាំ ២០២១នេះ​ដែរ​ ស្ថិតនៅចំណុចជួរមាត់ទន្លេ ក្រុម៥ ភូមិ៣ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ បណ្តាលឱ្យឆេះផ្ទះអស់ទាំងស្រុងចំនួន១៧ខ្នង ស្មើនឹង២៧គ្រួសារ (ផ្ទះអ៉ីស្លាម១៦គ្រួសារ) និងមិនបណ្តាលឱ្យមានមនុស្សរងរបួស ឬប៉ះពាល់ដល់អាយុជីវិតឡើយ​ ។

នាខណៈនោះ​ ក្នុងនាមឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា​ រាជធានីភ្នំពេញ លោក ជិន ប៊ុនធឿន បានសម្តែងនូវការចូលរួមសោកស្តាយ​ និងចូលរួមរំលែកនូវទុក្ខលំបាកជាមួយគ្រួសាររងគ្រោះទាំងអស់​ ។ ទន្ទឹមនឹងនេះ​លោកនាយកប្រតិបត្តិសាខា ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់​ សូមមានការប្រុងប្រយ័ត្នជានិច្ចនូវ​ ភ្លេីងទៀន​ ធូប​ ចង្ក្រាន​ ហ្គាស​ និងវត្ថុផ្សេងៗដែលងាយឆាបឆេះ​ និងការតបណ្តាញអគ្គិសនីប្រេីប្រាស់ត្រូវរកអ្នកជំនាញបច្ចេកទេសមកតឲ្យបានត្រឹមត្រូវ​ ដេីម្បីចៀសវាងនូវគ្រោះអគ្គិភ័យដែលអាចកេីតមានឡេីងជាយថាហេតុ​ ។

សូមបញ្ជាក់ថា៖ បន្ទាប់ពីការជួយអន្តរាគមន៍របស់សមត្ថកិច្ចយ៉ាងសស្រាក់សស្រាំ​ គ្រោះអគ្គិភ័យទាំងពីរកន្លែងខាងលេីបានរលត់ទៅវិញ​ នៅព្រឹកថ្ងៃខែឆ្នាំដ៏ដែល​ ៕

 

អត្ថបទដែលជាប់ទាក់ទង