ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តុលាការចេញដីកា បង្គាប់ឲ្យលោក កឹម សុខា ចូលសវនាការនៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២

202

ភ្នំពេញ៖ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាមួយ បង្គាប់ឲ្យលោក កឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ ចូលសវនាការនៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ ខាងមុខនេះ។ នេះបើតាមដីកាកោះហៅឲ្យចូលសវនាការ។

តាមដីកាចេញដោយ លោក ប្លង់ សុផល តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងថា សវនាការខាងមុខនេះ គឺពាក់ព័ន្ធទៅនឹងបទចោទ សន្ទិដ្ឋិភាពជាមួយបរទេស។ លោក កឹម សុខា ត្រូវចូលទៅកាន់សាលសវនាការទី១ នៃសាលាដំបូងរាជធានីភ្នំពេញ នៅវេលាម៉ោង៨៖៣០ នាទីព្រឹក។

ដោយឡែកសម្រាប់សមាសភាពក្រុមប្រឹក្សាជំនុំជម្រះនៅក្នុងសវនការនេះវិញ រួមមានលោក កូយ សៅ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ, លោក សេង លាង ចៅក្រមប្រឹក្សា, លោក ធាម ច័ន្ទពិសិដ្ឋ ចៅក្រមប្រឹក្សា ហើយមានលោកប្លង់សុផលព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ជាតំណាងអយ្យការសវនាការ។

លោក កឹម សុខា ធ្លាប់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើ «ក្បត់ជាតិ» ឃុបឃិតជាមួយបរទេសផ្តួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់ ហើយត្រូវបានឃុំខ្លួន នៅក្នុងពន្ធនាគារ ត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ រយៈពេលជាង១ឆ្នាំ ទើបដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យ បន្ទាប់ពីបែកធ្លាយវីដេអូមួយដែលលោកនិយាយថា លោកអនុវត្តតាមការណែនាំពីបរទេស ដើម្បីធ្វើការផ្លាស់ប្តូរប្រទេសកម្ពុជា ដោយយកលំនាំតាមប្រទេសយូហ្គោស្លាវី និងប្រទេសស៊ែប៊ី។

តុលាការបានចោទប្រកាន់លោកកឹមសុខាពីបទ «សន្ទិដ្ឋិភាពជាមួយបរទេស»។ ចំណែកគណបក្សសង្គ្រោះជាតិត្រូវបានតុលាការកំពូលកាត់ទោសរំលាយកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ហើយអតីតថ្នាក់ដឹកនាំនៃអតីតគណបក្សសង្គ្រោះជាតិសរុប ១១៨នាក់ ដោយក្នុងនោះមានទាំង លោក កឹម សុខា ផងដែរទៅបានតុលាការហាមឃាត់សិទ្ធិធ្វើនយោបាយរយៈពេល៥ឆ្នាំ។

ទោះជាយ៉ាងនេះក្តី កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចដាក់ លោក កឹម សុខា ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការដដែល ប៉ុន្តែទទួលបានការបន្ធូរបន្ថយលក្ខខណ្ឌត្រួតពិនិត្យតាមផ្លូវការ។ ការទទួលបានការបន្ធូរបន្ថយកាតព្វកិច្ចនៅពេលនេះ, ដោយសារជនត្រូវចោទលោក កឹម សុខា នាពេលកន្លងមកបានគោរពត្រឹមត្រូវតាមកាតព្វកិច្ច នៃការដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យ តាមផ្លូវតុលាការ ព្រមទាំងមានកិច្ចសហការល្អក្នុងដំណើរការនីតិវិធីតុលាការ ជាពិសេសបញ្ហាសុខភាពរបស់ជនត្រូវចោទដែលចាំបាច់ត្រូវពិនិត្យ និងព្យាបាល។

សេចក្តីប្រកាសព័ត៌មានរបស់សាលាដំបូងរាជធានីភ្នំពេញបានឲ្យដឹងថា ជនត្រូវចោទឈ្មោះ កឹម សុខា ត្រូវបានចៅក្រមស៊ើបសួរសម្រេចបន្តដាក់ឲ្យស្ថិត ក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ដោយត្រូវជាប់កាតព្វកិច្ចដូចខាងក្រោម៖

ក៖ មិនត្រូវចេញក្រៅព្រំប្រទល់ដែនដីនៃព្រះរាជាណាចក្រកម្ពុជា។
ខ៖ មិនត្រូវធ្វើសកម្មភាពនយោបាយ។
គ៖ ត្រូវឆ្លើយតបនឹងការកោះហៅពីគ្រប់សមត្ថកិច្ច៕

អត្ថបទដែលជាប់ទាក់ទង