ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋសភា ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃការ ចូលរួមកិច្ចប្រជុំប្រចំាឆ្នាំ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី២៩

307

 

ភ្នំពេញ៖ រដ្ឋសភា បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃការចូលរួមកិច្ចប្រជុំប្រចំាឆ្នាំ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ហៅកាត់ថា (APPF) ក្រោមមូលបទ «តួនាទីសភាក្នុងការពង្រឹង ភាពធន់ ក្រោយសម័យកូវីដ១៩» លើកទី២៩ តាមប្រព័ន្ធនិម្មិត ដែលផ្សាយចេញពីរដ្ឋធានីសេអ៊ូល នៃសាធារណរដ្ឋកូរ៉េ។

តបតាមការអញ្ជើញរបស់លោក Park Byeong-seug ប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ និងជាប្រធាន APPF លើកទី២៩ និងដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា, លោក សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា បានដឹកនាំគណៈប្រតិភូសភាកម្ពុជា ចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ លើកទី២៩ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក តាមប្រព័ន្ធនិម្មិត ដែលភ្ជាប់ពីវិមានរដ្ឋសភា ទៅកាន់រដ្ឋធានីសេអ៊ូល នៃសាធារណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១។

ពិធីបើកជាផ្លូវការ នៃកិច្ចប្រជុំប្រចាំឆ្នាំ លើកទី២៩ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF) បាន ប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ ក្រោមអធិបតីភាពលោក Moon Jae-in ប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េ និងលោក Park Byeong-seug ប្រធានរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ និងជាប្រធាន APPF29 ដោយមានការថ្លែងសុន្ទរកថាបើក និងស្វាគមន៍គណៈប្រតិភូសភាជាសមាជិកAPPF ទាំងអស់ដែលបានចូលរួម។

កិច្ចប្រជុំនេះ គឺជាឱកាសមួយ ដើម្បីឱ្យសភាសមាជិកAPPF បានបង្ហាញពីការប្តេជ្ញាចិត្ត ចំពោះសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការសម្រាប់សភា ក្នុងការលើកកម្ពស់សន្តិភាពនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក កិច្ចសហប្រតិបត្តិការគ្រប់វិស័យ និងការខិតខំពុះពារជំនះចំពោះការរាតត្បាតសកលនៃជំងឺកូវីដ១៩។

គណៈប្រតិភូសភាកម្ពុជាបានស្នើធាតុចូលក្នុងសេចក្តីព្រាងសេចក្តីសម្រេចទាក់ទងនឹងកិច្ចប្រជុំស្តីពីបញ្ហានយោបាយ និងសន្តិសុខ និង សេចក្តីព្រាង សេចក្តីសម្រេចនៅក្នុងកិច្ចប្រជុំសមាជិកសភាជាស្ត្រី ដោយបានចូលរួមផ្ដល់មតិយោបល់ នៅក្នុងសេចក្តីព្រាងសេចក្តី សម្រេច និងសេចក្ដីប្រកាសរួមផងដែរ៕

អត្ថបទដែលជាប់ទាក់ទង