ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

APPF29 បានបិទបញ្ចប់ ជាមួយនឹងការបង្ហាញពីសាមគ្គីភាព កិច្ចសហប្រតិបត្តិការសម្រាប់សភា និងការលើកកម្ពស់សន្តិភាពនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក

49

ភ្នំពេញ៖ បន្ទាប់ពីដំណើរការកិច្ចប្រជុំ ចាប់តាំងពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១នេះ គឺជាថ្ងៃចុងក្រោយនៃកិច្ចប្រជុំប្រចាំឆ្នាំលើកទី២៩ នៃវេទិកាសភាអាស៊ី ប៉ាស៊ីហ្វិក APPF29។ ឯកឧត្ដម ផាក ប៊្យុង ស៊ឹក (Park Byeong-seug) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ បានអញ្ជើញដឹកនាំសម័យប្រជុំពេញអង្គចុងក្រោយ និងពិធីបិទកិច្ចប្រជុំប្រចាំឆ្នាំ លើកទី២៩ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក នៅរសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១នេះ ជាមួយនឹងការបង្ហាញពីសាមគ្គីភាព កិច្ចសហប្រតិបត្តិការសម្រាប់សភា និងការលើកកម្ពស់សន្តិភាពនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

ឯកឧត្ដម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា និងជាប្រធានគណៈប្រតិភូសភាកម្ពុជា បានដឹកនាំគណៈប្រតិភូសភាកម្ពុជាចូលរួម តាមរយៈប្រព័ន្ធនិម្មិត ក្នុងសម័យប្រជុំពេញអង្គចុងក្រោយ និងពិធីបិទកិច្ចប្រជុំប្រចាំឆ្នាំលើកទី២៩ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF29) នេះផងដែរ។

ឯកឧត្ដម ផាក ប៊្យុង ស៊ឹក (Park Byeong-seug) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ បានមានប្រសាសន៍ជម្រាបជូនប្រតិភូ APPF ទាំងអស់ ពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ និងកិច្ចប្រជុំពាក់ព័ន្ធ ក្នុងនោះក៏បានផ្ដល់វេទិកាឱ្យលោកជំទាវប្រធានកិច្ចប្រជុំសមាជិកសភាជាស្ត្រី និងឯកឧត្ដមប្រធានកិច្ចប្រជុំគណៈកម្មការរៀបចំសេចក្តីព្រាងសេចក្តីសម្រេច នៃAPPF-29 ឡើងរាយការណ៍ពីលទ្ធផលនៃកិច្ចប្រជុំ មុននឹងដាក់ជូនសម័យប្រជុំពេញអង្គចុងក្រោយធ្វើការអនុម័ត។

ឯកឧត្ដម ផាក ប៊្យុង ស៊ឹក បានគូសបញ្ជាក់ថា ទោះបីជាកិច្ចប្រជុំប្រចាំឆ្នាំត្រូវបានធ្វើឡើងក្នុងទម្រង់និម្មិតក៏ដោយ វាគឺជាឱកាសមួយដើម្បីឱ្យសភាសមាជិកបានបង្ហាញពីការប្តេជ្ញាចិត្តចំពោះសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការសម្រាប់សភា ការលើកកម្ពស់សន្តិភាពនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក កិច្ចសហប្រតិបត្តិការគ្រប់វិស័យ និងការខិតខំពុះពារជំនះចំពោះការរាតត្បាតសកលនៃជំងឺកូវីដ-១៩។

ឯកឧត្ដមប្រធានរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ និងជាប្រធានវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី២៩ ក៏បានថ្លែងអំណរគុណដល់ប្រតិភូទាំងអស់ ដែលបានធ្វើការចែករំលែកនូវទស្សនៈមតិយោបល់ ប្រកបដោយអត្ថន័យ ខ្លឹមសារល្អៗ ចូលរួមនៅក្នុងគ្រប់កិច្ចប្រជុំ ដែលធ្វើឱ្យដំណើរការកិច្ចប្រជុំប្រព្រឹត្តទៅដោយរលូន មានផ្លែផ្កាល្អ មានភាពស្និទ្ធស្នាល និងទទួលបានជោគជ័យដ៏ប្រសើរ។

សូមជម្រាបថា កិច្ចប្រជុំប្រចំាឆ្នាំនៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក(APPF) លើកទី២៩ បានបិទបញ្ចប់នៅរសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ ដោយសមាជិក APPF បានអនុម័តទទួលយកសភាប្រទេសព្រុយណេដារូស្សាឡាម ជាសមាជិកទី២៨ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក។ ហើយក៏បានអនុម័តទទួលយកសេចក្តីសម្រេចចំនួន១៣ និងបានឯកភាពទៅលើសេចក្តីថ្លែងការណ៍រួមផងដែរ។ កិច្ចប្រជុំក៏បានកំណត់ថា កិច្ចប្រជុំប្រចាំឆ្នាំលើកទី៣០ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក នឹងត្រូវប្រារព្ធធ្វើនៅព្រះរាជាណាចក្រថៃ ក្នុងឆ្នាំ២០២២ខាងមុខ៕

អត្ថបទដែលជាប់ទាក់ទង