ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណៈសង្ឃនាយក ចេញសេចក្តីទូលថ្វាយ ប្រគេន និងជូនដំណឹង ស្តីពីអធិករណ៍ វត្តបារមីគិរីខេមរាភ្នំបិតាធំ ហៅវត្តលោកយាយជំទាវហេង នៅប្រទេសជប៉ុន

394

 

ភ្នំពេញ ៖ គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ បានចេញសេចក្តីទូលថ្វាយ ប្រគេន និងជូនដំណឹង ស្តីពីអធិករណ៍វត្តបារមីគិរីខេមរាភ្នំបិតាធំ ហៅវត្តលោកយាយជំទាវហេង នៅប្រទេសជប៉ុន ។

គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា មានកិត្តិយស សូមទូលថ្វាយ ប្រគេន និងជូនដំណឹង ដល់សម្តេចព្រះសង្ឃ ព្រះរាជាគណៈ ព្រះមេគណ ព្រះគ្រូអនុគណ និងព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ព្រមទាំង ពុទ្ធបរិស័ទក្នុង និងក្រៅប្រទេសទាំងអស់ មេត្តាជ្រាបថា ករណ៏អធិករណ៍វត្តបារមីគិរីខេមវាភ្នំបិតាធំ ហៅ វត្តលោកយាយជំទាវហេង នៅប្រទេសជប៉ុន (បច្ចុប្បន្នមិនទាន់ទទួលបានសិទ្ធិបង្កើតជាវត្តនៅឡើយ) ហើយ មានអធិករណ៍កើតឡើងអស់រយៈពេល១ឆ្នាំ កន្លងមកហើយ រហូតដល់ថ្ងៃអង្គារ ១០កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ ថេរសភានៃព្រះពុទ្ធសាសនា នៅព្រះរាជាណាចក្រកម្ពុជា បានដោះស្រាយចប់សព្វគ្រប់ជាស្ថាពរ។

ក្នុងករណីនេះ នៅឆ្នាំ២០១៧ លោកជំទាវ ឧកញ៉ា អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ កិត្តិបណ្ឌិត សៀង ចាន់ហេង បានជាវដីទំហំជាង ៧.០០០ ម៉ែត្រក្រឡា នៅប្រទេសជប៉ុន សម្រាប់កសាងវត្ត ដើម្បីបមើ ប្រយោជន៍ចំពោះព្រះពុទ្ធសាសនា តាមរយៈសម្តេចព្រះឧត្តមបញ្ញា ដួង ផង់ ព្រះអនុប្រធានថេរសភា ព្រះពុទ្ធសាសនា។ បន្ទាប់មកដោយមានការតែងតាំងព្រះចៅអធិការស្តីទីដែលមិនត្រឹមត្រូវតាមបែបបទ នៃការតែងតាំង មន្ត្រីសង្ឃមានចៅអធិការជាដើម ដែលជាហេតុបណ្តាលឱ្យមានអធិករណ៍កើតឡើង រវាងព្រះទេវសត្ថ ពឿយ មេត្តា ជាមួយលោកជំទាវ ឧកញ៉ា សៀង ចាន់ហេង។ ក្រោយពីមានអធិករណ៍នេះកើតឡើង ព្រះទេវសត្ថា ពឿយ មេត្តា បានធ្វើលិខិតថ្វាយសិទ្ធិគ្រប់គ្រងវត្តខាងលើ ចំពោះសម្តេចព្រះមហាសង្ឃរាជ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ បន្ទាប់មកសម្តេចព្រះមហាសង្ឃរាជ បានប្រគល់សិទ្ធិគ្រប់គ្រងបន្ត ដល់សម្តេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ ហើយលោកជំទាវឧកញ៉ា សៀង ចាន់ហេង ក៏បានថ្វាយប្រគេនវត្តនេះ មកគណៈសង្ឃនាយកថែមទៀត នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ទុកជាកម្មសិទ្ធិ គណៈសង្ឃពុទ្ធសាសនាកម្ពុជា។ ករណីនេះភាគីព្រះទេវសត្ថា ពឿយ មេត្តា បែរជាធ្វើការបដិសេធនូវសិទ្ធិ គ្រប់គ្រងវត្ត និងការសម្របសម្រួល ពីលេខាធិការដ្ឋាន នៃគណៈសង្ឃនាយកទៅវិញ។

ក្រោយមកអធិករណ៍នេះនូវតែមិនមានភាពស្ងប់រម្ងាប់ ដោយភាគីខាងព្រះទេវសត្ថា ពឿយ មេត្តា ធ្វើការផ្សាយផ្ទាល់ ( Live) តាមបណ្តាញទំនាក់ទំនងសង្គមឥតឈប់ឈរ រហូតដល់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១. ព្រះទេវសត្ថា ពឿយ មេត្តា បានដឹកនាំ ភិក្ខុ សាមណេរ និងសហធម្មិកៈ ធ្វើបាតុកម្ម នៅមុខគេហដ្ឋានរបស់ លោកជំទាវឧកញ៉ា សៀង ចាន់ហេង នាក្រុងតាខ្មៅ ខេត្តកណ្តាល ជាហេតុធ្វើឱ្យប៉ះពាល់ដល់តម្លៃព្រះសង្ឃអ្នកបួស ក្នុងព្រះពុទ្ធ សាសនា នៅព្រះរាជាណាចក្រកម្ពុជា។

លុះដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ ថេរសភានៃព្រះពុទ្ធសាសនាបាននិមន្ត ព្រះទេវសត្ថា ពឿយ មេត្តា និងអញ្ជើញលោកជំទាវឧកញ៉ា សៀង ចាន់ហេង ព្រមទាំងភាគីអ្នក ពាក់ព័ន្ធ ចូលរួមប្រជុំដោះស្រាយអធិករណ៍ខាងលើ ដែលអង្គប្រជុំថេរសភា នៃព្រះពុទ្ធសាសនាបានសម្រេច ជាគោលការណ៍ដោយ ប្រគល់សិទ្ធិគ្រប់គ្រង និងកាន់កាប់កម្មសិទ្ធិដីវត្តបារមីគិរីខេមរាភ្នំបិតាធំ នៅប្រទេស ជប៉ុនដល់គណៈសង្ឃនាយក សម្រាប់ទុកជាគរុភណ្ឌសង្ឃ និងសម្បត្តិមរតកពុទ្ធសាសនាថេរវាទកម្ពុជាតទៅ។

គណៈសង្ឃនាយកនឹងរៀបចំបញ្ជូនព្រះសង្ឃ ទៅគ្រប់គ្រងបន្ត ដើម្បីឱ្យវត្តគួរជាទីសក្ការៈ និងគោរពបូជា ពីមហាជនទូទៅ និងលោកជំទាវ ឧកញ៉ា សៀង ចាន់ហេង ពន្លឿនការរៀបចំកាត់ឈ្មោះផ្ទេរកម្មសិទ្ធិដីវត្ត ថ្វាយប្រគេនចំពោះ គណៈសង្ឃនាយក។

ដោយឡែក ព្រះទេវសត្ថាពឿយ មេត្តា ត្រូវគោរពតាមរាល់លិខិត ផ្សេងៗ របស់គណៈសង្ឃនាយក ថេរសភា នៃព្រះពុទ្ធសាសនា និងកិច្ចសន្យារបស់ខ្លួនដែលមានជាធរមាន។ ព្រះទេវសត្ថា ពឿយ មេត្តា និងសហធម្មិកៈ ព្រមទាំងក្រុមការងារត្រូវបញ្ចប់អធិករណ៍ និងបញ្ឈប់ការតវ៉ា ទាមទារដីវត្តបារមីគិរីខេមរាភ្នំបិតាធំ ព្រមទាំងសំណងពីគ្រប់ភាគីទាំងអស់ក្នុងអធិករណ៍ ចាប់ពីពេលនេះតទៅ ត្រូវរក្សាភាពស្ងប់ស្ងាត់ ឱ្យស័ក្តិសមជាសមណភេទ និងជាទីសក្ការៈរបស់ពុទ្ធបរិស័ទក្នុងពុទ្ធសាសនមណ្ឌល មិនត្រូវបង្កបញ្ហាអកុសលទាំងឡាយជាបន្តទៀតដូចជា អំពើញុះញង់ បាតុកម្ម កូដកម្ម កុបកម្ម ដែលជាហេតុ នាំឱ្យប៉ះពាល់ដល់តម្លៃព្រះសង្ឃ ក្នុងព្រះពុទ្ធសាសនា និងប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈរបស់សង្គម។

ក្នុងករណីមិនគោរពតាមសង្ឃដីកាសម្រេច របស់ថេរសភានៃព្រះពុទ្ធសាសនា សាមីខ្លួនត្រូវទទួលខុសត្រូវ ចំពោះមុខវិន័យ និងច្បាប់ជាធរមាន៕

អត្ថបទដែលជាប់ទាក់ទង