ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរសនីហ្សេរីយ៉ាម្នាក់ បោកលុយស្រ្តីជនជាតិវៀតណាម ជាង៣០ម៉ឺនដុល្លារ ត្រូវចាប់ខ្លួនបញ្ជូនទៅតុលាការ

140

ភ្នំពេញ៖ជនជាតិនីហ្សេរីយ៉ាម្នាក់ ត្រូវបានសមត្ថកិច្ចនគបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃក្រសួងមហាផ្ទៃ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨ ចាប់ខ្លួននិងបានបញ្ជូន ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ពន្ធបណ្តឹងស្រ្តីរ​បស់វៀតណាមម្នាក់ បានប្តឹងពីបទ ឆបោកប្រាក់ជាង៣០ម៉ឺនដុល្លារ។

សមត្ថកិច្ចនគបាល បានឲ្យដឹងថា ជនសង្ស័យឈ្មោះ REMIGUS DURU OKONKWO ហៅ USMAN អាយុ៤៣ឆ្នាំ ជនជាតិនីហ្សេរីយ៉ា។ ចំណែកជនរងគ្រោះជាជនជាតិវៀតណាម ឈ្មោះ Darg Mai Nga ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរជាអ្នកជំនួញ។ កាលពីល្ងាចថ្ងៃទី១៥ ខែមិថុនា សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យរូបនេះ នៅរាជធានីភ្នំពេញ យោងតាមពាក្យបណ្តឹង របស់ស្ត្រីជនជាតិវៀតណាម ឈ្មោះ Darg Mai Nga បានចោទប្រកាន់ពីឆបោកប្រាក់ចំនួន៣៥៦.០០០ដុល្លារ កាលពីអំឡុងខែមករា ឆ្នាំ២០១៨ ដោយដើមបណ្តឹងបានស្គាល់ជនសង្ស័យ តាមរយៈប្រព័ន្ធបណ្តាញសង្គមហ្វេសប៊ុក។ លុះថ្ងៃទី១០ ខែមករា ជនសង្ស័យឈ្មោះ REMIGUS DURU OKONKWO ហៅ USMAN បានទៅទីក្រុងហាណូយប្រទេសវៀតណាម សុំជួបជាមួយជនរងគ្រោះ ដោយនិយាយលួងលោមបញ្ចុះបញ្ចូល ឲ្យជនរងគ្រោះ ចូលហ៊ុនបើកសិប្បកម្មផលិតឥដ្ឋការ៉ូ នៅប្រទេសកម្ពុជា។ ជនសង្ស័យបានប្រើល្បិចនាំជនរងគ្រោះ មកប្រទេសកម្ពុជា ដើម្បីមើលទីតាំងបង្កើតសិប្បកម្មផលិតឥដ្ឋការ៉ូ ដោយអះអាងថា មានមិត្តភក្តិនៅប្រទេសកម្ពុជា។ ដោយមានការជឿទុកចិត្ត ជនរងគ្រោះបានផ្តល់ប្រាក់ឲ្យជនសង្ស័យជាបន្តបន្ទាប់ចំនួន៥លើក សរុប៣៥៦.០០០ ដុល្លារ តាមរយៈគណនេយ្យរបស់ពួកគេ ដែលបានផ្តល់ឲ្យ គ្នាទៅវិញទៅមក។ ក្រោយពេលបានវេ និងទទួលប្រាក់នោះហើយ ជនសង្ស័យបានបិទទូរស័ព្ទ និងគេចខ្លួនមិនអាចទាក់ទងបានមួយរយៈ។ លុះថ្ងៃទី១៥ ខែមិថុនា ជនសង្ស័យបាន ទូរស័ព្ទទៅជនរងគ្រោះថា សិប្បកម្មធ្វើជិតរួចរាល់ហើយ ឲ្យជនរងគ្រោះផ្តល់ប្រាក់ចំនួន១៥០.០០០ដុល្លារបន្ថែមទៀត តែត្រូវចាប់ខ្លួនតែម្តង ពេលជនរងគ្រោះប្តឹង៕

អត្ថបទដែលជាប់ទាក់ទង