រដ្ឋមន្ត្រីក្រសួងកសិកម្ម ជួបឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ដើម្បីពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ លើវិស័យកសិកម្ម និងកសិពាណិជ្ជកម្ម
ភ្នំពេញ ៖ នាវេលាម៉ោង រសៀលថ្ងៃសុក្រ ទី១៤ ខែមករា ឆ្នាំ២០២២ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបឯកឧត្តម Christian Berger ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំព្រះរាជាណាចក្រកម្ពុជា និងក្រុមអ្នកជំនាញការអាល្លឺម៉ង់ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរលើវិស័យ កសិកម្ម និងកសិពាណិជ្ជកម្ម។
ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលនៃប្រទេសអាល្លឺម៉ង់ដែលបានផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរដល់កម្ពុជាលើគ្រប់វិស័យ។ ចំពោះវិស័យកសិកម្ម ប្រទេសអាល្លឺម៉ង់ បាននិងកំពុងបន្តជួយ ឧបត្ថម្ភគាំទ្រដល់ អនុវិស័យសំខាន់ៗសំដៅ ទី១. ពង្រឹងសមត្ថភាពមន្ត្រី និងពង្រីកសមត្ថភាព សហគមន៍កសិកម្ម ទី២. ការលើកកម្ពស់ខ្សែច្រវាក់តម្លៃកសិកម្ម ទី៣. ការធ្វើឱ្យប្រសើរឡើងនូវការធ្វើ កសិពាណិជ្ជកម្មក្នុងតំបន់អាស៊ី ទី៤. ជួយជំរុញដល់ការ គ្រប់គ្រងសហគមន៍ស្រះ ជម្រកត្រី និងការអភិវឌ្ឍវារីវប្បកម្ម ទី៥. ការងារអភិរក្សតំបន់ដីសើមទន្លេមេគង្គ ទី៦. ការងារទប់ស្កាត់ ស្រាវជ្រាវ និងវិភាគ ជំងឺឆ្កែឆ្កួតដែលអាចឆ្លងពីសត្វមកមនុស្ស មនុស្សទៅសត្វ។ ការឧបត្ថម្ភគាំទ្រទាំងអស់នេះ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា គឺពិតជាបានចូលរួមចំណែក យ៉ាងធំមួយ ជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យកសិម្មនៅកម្ពុជា។
នាឱកាសនោះ ឯកឧត្តមឯកអគ្គរដ្ឋទូតបានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ហើយលោកក៏បានបញ្ជាក់អំពីគោលបំណង សំខាន់នៃកិច្ចប្រជុំនារសៀលនេះគឺ ដើម្បីរាយការណ៍ជូន ឯកឧត្តមរដ្ឋមន្ត្រីជ្រាប អំពីការសិក្សា ស្រាវជ្រាវ និងស្វែងយល់ អំពីសក្ដានុពល នៃវិស័យកសិកម្មកម្ពុជា ដែលរូបលោក និងក្រុមអ្នកជំនាញការអាល្លឺម៉ង់បានសម្រេច ដើម្បីជួយជំរុញការងារ នាំចេញផលិតផលកសិកម្មកម្ពុជា ទៅកាន់ទីផ្សារអាល្លឺម៉ង់បន្ថែមទៀត។ ឯកឧត្តមឯកអគ្គរដ្ឋទូតបន្ថែមថា ក្រុមអ្នកជំនាញការអាល្លឺម៉ង់ ដែលចូលរួមនារសៀលនេះ គឺមកពីក្រុមហ៊ុន ឯកជនអាល្លឺម៉ង់ធំៗដែលបាន និងកំពុងធ្វើការវិនិយោគ និងនាំចេញផលិតផល កសិកម្មកម្ពុជា ទៅទីកាន់ផ្សារអាល្លឺម៉ង់ ដៃគូអភិវឌ្ឍន៍ និងសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា បានត្រៀមខ្លួនជាស្រេច ដើម្បីរួមគ្នាសហការជាមួយ ក្រសួងលើការងារមួយចំនួនមានជាអាទិ៍៖ ការលើកកម្ពស់សមត្ថភាព ប្រជាកសិករ និងសហគមន៍កសិកម្ម ការប្រើប្រាស់ជី និងថ្នាំកសិកម្ម ការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា ការងារអនាម័យ និងភូតគាមអនាម័យ ស្រប់តាមស្តង់ដារអាល្លឺម៉ង់ និងអឺរ៉ុប តម្លៃនៃការដឹកជញ្ជូន ផលិតផលកសិកម្ម។
ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រីបានស្វាគមន៍ និងរីករាយចំពោះការសិក្សា ស្រាវជ្រាវ និងជាពិសេសបំណង ចង់ជួយជំរុញការនាំចេញ ផលិតផលកសិកម្មកម្ពុជាទៅកាន់ ទីផ្សារអាល្លឺម៉ង់ និងអឺរ៉ុប។ ឯកឧត្តមរដ្ឋមន្ត្រីបន្ថែមថា ដើម្បីឱ្យការងារនេះទទួលបានជោគជ័យ ត្រូវមានការចូលរួម ពីគ្រប់ភាគី ពាក់ព័ន្ធស្របតាមអភិក្រម រដ្ឋ-ឯកជន-ដៃគូអភិវឌ្ឍន៍- សហគមន៍។ មួយវិញទៀត ត្រូវជំរុញ និងបំពេញ ខ្សែច្រវាក់តម្លៃបន្ថែម សំដៅលើការងារកែច្នៃ វេចខ្ចប់ និងឃ្លាំងត្រជាក់ ប្រកបដោយគុណភាព សុវត្ថិភាព និងស្តង់ដារ។ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើឱ្យក្រុមអ្នកជំនាញការអាល្លឺម៉ង់ សហការជាមួយ មន្ត្រីជំនាញ របស់ក្រសួងពិភាក្សា និងរួមគ្នាអនុវត្តការងារនេះ ដើម្បីជាប្រយោជន៍ ដល់សង្គម-សេដ្ឋកិច្ចជាតិ និងជាពិសេសប្រជាកសិករកម្ពុជា៕