ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រតិភូធុរកិច្ចជប៉ុន ពីបណ្ដាក្រមហ៊ុនសហគ្រាសធនតូច និងមធ្យម (SME) ជាច្រើន មកកាន់កម្ពុជានាឆ្នាំក្រោយ

30

 

ភ្នំពេញ ៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី២៧ ខែមករា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតជូនឯកឧត្តម Takahashi Fumaiki ប្រធានសមាគមជប៉ុន-កម្ពុជា និងជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានរដ្ឋសភា។

ជំនួបនាឱកាសនេះ សម្ដេចក្រឡាហោម និងឯកឧត្តម Takahashi Fumaiki បានពិភាក្សាអំពីគោលបំណង នៃដំណើរទស្សនកិច្ចលើកនេះ របស់ឯកឧត្តមនៅកម្ពុជា ក្នុងនោះរួមមាន ការត្រៀមរៀបចំដំណើរទស្សនកិច្ចលើកទី២ របស់ប្រតិភូធុរកិច្ចជប៉ុនពីបណ្ដាក្រមហ៊ុនសហគ្រាសធនតូច និងមធ្យម (SME) ជាច្រើនមកកាន់កម្ពុជានាឆ្នាំក្រោយ និងការអនុវត្តគម្រោងសូត្រមាស នៅកម្ពុជា ដើម្បីលើកកម្ពស់វិស័យសូត្រនៅកម្ពុជា។

ពាក់ព័ន្ធនឹងគោលបំណងទី១ ឯកឧត្តម Takahashi Fumaiki បានជម្រាបសម្ដេចក្រឡាហោមថា ឯកឧត្តមបានមកបំពេញទស្សនកិច្ច នៅកម្ពុជានាពេលនេះ ដើម្បីត្រៀមរៀបចំទស្សនកិច្ចរបស់គណៈប្រតិភូវិនិយោគពីបណ្ដាក្រុមហ៊ុន SME នៅជប៉ុនដែលធ្លាប់មកបំពេញទស្សនកិច្ចកម្ពុជា កាលពីខែធ្នូ ឆ្នាំ២០១៩ ដែលនាពេលនោះ ប្រតិភូក៏ធ្លាប់បានចូលជួបសម្ដែងការគួរសម និងទទួលអនុសាសន៍ ពីសម្ដេចក្រឡាហោម ពាក់ព័ន្ធនឹការវិនិយោគនៅកម្ពុជាដែរ។

ឯកឧត្តមបន្តថា ទស្សនកិច្ចលើកទី២ខាងនេះ ធ្វើឡើងបន្ទាប់ពីបានខកខាន ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ ហើយថាដោយសារបច្ចុប្បន្នស្ថានភាពកូវីដ-១៩ នៅជប៉ុន និងកម្ពុជា កាន់តែមានភាពល្អប្រសើរ ឯកឧត្តមបានត្រៀមរៀបចំដំណើរទស្សនកិច្ចនេះ ជាលើកទី២នៅឆ្នាំបន្ទាប់។ ឯកឧត្តមបន្តថា ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ ឯកឧត្តមបានខិតខំបង្កើនចំនួនសមាជិក SME ជប៉ុននៅក្នុងសមាគមរបស់ឯកឧត្តម ហើយគ្រោងទាក់ទាញពួកគេ ឱ្យចូលរួមបំពេញទស្សនកិច្ចខាងមុខនេះដែរ។

ឯកឧត្តម ក៏បានជម្រាបសម្ដេចក្រឡាហោមដែរថា នៅជប៉ុន ស្ថានភាពកូវីដ-១៩ បានធ្វើឱ្យក្រុមហ៊ុន SME ជាច្រើនមានភាពរអាក់រអ៊ួរក្នុងការធ្វើធុរកិច្ច និងក៏កំពុងសម្លឹងមើលការវិនិយោគនៅក្រៅប្រទេសដែរ ប៉ុន្តែក្រុមហ៊ុនទាំងនោះ ពុំសូវមានបទពិសោធន៍ ក្នុងការវិនិយោគនៅក្រៅប្រទេសទេ ដូច្នេះឯកឧត្តមក៏បានឆ្លៀតយកឱកាសនេះ ទាក់ទាញក្រុមហ៊ុនទាំងអស់នោះ ចូលក្នុងសមាគម ព្រមទាំងចែករំលែកបទពិសោធន៍ និងធ្វើទស្សនកិច្ចនៅកម្ពុជា។

ឯកឧត្តម Takahashi Fumaiki ថ្លែងថា ប្រសិនបើសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ព្រមទទួលជួបប្រតិភូបំពេញទស្សនកិច្ចលើកទី២ នាពេលខាងមុខដូចប្រតិភូមុនៗដែរ ដើម្បីជាឱកាសដែលប្រតិភូវិនិយោគជប៉ុនលើកទី២នោះ បានទទួលបទពិសោធន៍ និងមតិណែនាំដ៏ខ្ពង់ខ្ពស់ពីសម្ដេចក្រឡាហោម សម្រាប់ការវិនិយោគនៅកម្ពុជា។

ជាការឆ្លើយតប សម្ដេចក្រឡាហោម បានសម្ដែងការគាំទ្រចំពោះគំនិតផ្ដួចផ្ដើមនេះ និងបានបន្តថាសហគ្រាសធនតូច និងមធ្យមនៅកម្ពុជា ហៅកាត់ថា SME នេះ ពិតជាមានសារៈសំខាន់ណាស់ចំពោះសេដ្ឋកិច្ច កម្ពុជា ហើយថានៅកម្ពុជា មានមូលនិធិមួយហៅថាមូលនិធិសម្ដេចតេជោ សម្រាប់ការអភិវឌ្ឍសហគ្រាសធនតូច និងមធ្យម ដែលមានសម្ដេចក្រឡាហោមផ្ទាល់ ជាប្រធានកិត្តិយស។

សម្ដេចបន្តថា មូលនិធិនេះ មានគោលដៅប្រមែលប្រមូលមូលនិធិ និងបណ្ដុះបណ្ដាល ប្រជាពលរដ្ឋដែលធ្វើការក្នុងវិស័យ SME ដើម្បីលើកម្ពស់វិស័យនេះនៅកម្ពុជា។ សម្ដេចបានសំណូមពរឯកឧត្តម ចូលរួមផ្ដល់ការគាំទ្រដល់ការងារនេះ និងស្នើពិនិត្យលទ្ធភាព នៅពេលប្រតិភូសមាគមអ្នកវិនិយោគជប៉ុន មកទស្សនកិច្ចកម្ពុជាខាងមុខ អាចធ្វើការជាមួយក្រុមការងារមូលនិធិ ដើម្បីលើកកម្ពស់ការប្រស្រ័យទាក់ទងជាមួយគ្នា។

ឯកឧត្តម Takahashi Fumaiki បានជម្រាបជូនសម្ដេចក្រឡាហោម នូវគោលបំណងទីពីរក្នុងដំណើរទស្សនកិច្ចនេះ គឺការអនុវត្តគម្រោងសូត្រមាសនៅកម្ពុជា ដើម្បីលើកកម្ពស់ការប្រើប្រាស់សូត្រកម្ពុជា ក្នុងការផលិតជាផលិតគ្រឿងសំអាង និងផលិតផលផ្សេងៗ ដោយគម្រោងនេះកំពុងស្ថិតក្នុងការសិក្សា និងស្នើសុំថវិកាជំនួយពីអង្គការ JICA ព្រមទាំងបានសហការជាមួយសាកលវិទ្យាល័យភូមិន្ទកសិកម្ម និងក្រសួងពាក់ព័ន្ធនៅកម្ពុជាមួយចំនួនទៀត។

ឯកឧត្តមបានជម្រាបជូនសម្ដេច អំពីការជួបប្រាស្រ័យទាក់ទងជាមួយ ក្រសួងពាណិជ្ជកម្ម ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត និងនវានុវត្តន៍ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងសុខាភិបាល ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រសួងកិច្ចការនារី នៅតែក្រសួងសុខាភិបាលមួយទេដែលកំពុងស្ថិតក្នុងការសិក្សាមុនពេលផ្ដល់ចម្លើយ។

ឯកឧត្តមបន្តថា គម្រោងនេះនឹងប្រើប្រាស់សូត្រពណ៌មាស ចេញពីដង្កូវនាងនៅកម្ពុជា ដែលមានគុណភាពខ្ពស់ទាំងក្នុងការផលិតជាសម្លៀកបំពាក់ និងការផលិតជាគ្រឿងផ្សុំ ក្នុងការបរិភោគ គ្រឿងសំអាងដែលមានគុណភាពខ្ពស់។

ឯកឧត្តមបន្តថា ពេលនេះក៏កំពុងខិតខំធ្វើការជាមួយក្រសួងវប្បធម៌ និងក្រសួងពាណិជ្ជកម្ម ដើម្បីជំរុញការបង្កើតម៉ាកពាណិជ្ជកម្ម សម្រាប់សូត្រមាសកម្ពុជាដែរ ដោយសារសូត្រមាសកម្ពុជាមានគុណភាពខ្ពស់ដាច់គេ ធៀបនឹងសូត្រមាសនៅបណ្ដាប្រទេសផ្សេងៗ។

ឯកឧត្តមបន្តថា គម្រោងនេះនឹងជួយផ្ដល់ឱកាសល្អ ដល់ប្រជាកសិករនៅពេលដែលគាត់ មិនអាចធ្វើកសិកម្មអ្វីផ្សេងៗបាន គាត់អាចងាកមកផលិតសូត្រមាសនេះបាន។

សម្ដេចបានគាំទ្រចំពោះគម្រោងនេះ ដោយបន្តថា វាពិតមានផលប្រយោជន៍ជាច្រើន ដូចជាការផ្ដល់ឱកាសការងារ និងប្រាក់ចំណូលជូនប្រជាពលរដ្ឋ និងការស្ដារវិស័យសូត្រនៅកម្ពុជាឡើងវិញ ហើយថាក្រោមការជួយគាំទ្រពី JICA សម្ដេចក៏សង្ឃឹមជឿជាក់ថា គម្រោងនេះនឹងទទួលបានជោគជ័យ។ សម្ដេចបន្តថា នៅកម្ពុជា មានផលិតផលកសិកម្មផ្សេងៗទៀត ដូចជាដំឡូងមី ចេក ស្វាយជាដើម បានក្លាយជាផលិតផលនាំចេញទៅក្រៅប្រទេស ដោយសារការរីកចម្រើននៃវិស័យ SME៕

អត្ថបទដែលជាប់ទាក់ទង