ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សិស្សានុសិស្សឥស្លាម ១១៦នាក់ ទទួលសញ្ញាបត្រ មធ្យមសិក្សាចំណេះទូទៅ ពីវិទ្យាស្ថានអប់រំ ឥស្លាមកម្ពុជា

35

កំពង់ឆ្នាំង៖ នៅវិទ្យាស្ថានអប់រំឥស្លាមសិក្សាកម្ពុជាស្រុកកំពង់ត្រឡាច មានរៀបចំពិធីប្រគល់សញ្ញាបត្រមធ្យមសិក្សាចំណេះទូទៅនិងសាសនា ឥស្លាមជូនសិស្សជ័យលាភី នៃវិទ្យាស្ថានអប់រំឥស្លាមសិក្សាកម្ពុជា១១៦នាក់ វិញ្ញាបនបត្រមធ្យមសិក្សាបឋមភូមិជំនាន់ទី៦និងទី៧ ចំនួន៧៨នាក់សិក្សា២០១៩.២០២០.២០២១និងវិញ្ញ្ញាបនបត្រមធ្យមសិក្សាទុតិយភូមិជំនាន់ទី៣ និងជំនាន់ទី៤ចំនួន៣៨នាក់សិក្សា២០១៩.២០២០. ២០២១ ។ កាលពីរសៀលថ្ងៃទី១៤ កុម្ភៈ ឆ្នាំ២០២២ ។

ពិធីប្រគល់សញ្ញាបត្រនេះបានធ្វើឡើងក្រោមអធិបតីភាព លោកឈិន សេងងួន អភិបាលរងខេត្តកំពង់ឆ្នាំង និង លោក ម៉ម ម៉ាល័យ សមាជិកក្រុមប្រឹក្សាខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ លោក សេក អាឌូឡាហ្ស៊ី អាលីអាល់ម៉ូហាណាឌី តំណាងសប្បុរសជននៃរដ្ឋកាតា ។

លោក សេក ទាំ នាយកវិទ្យាស្ថានអប់រំឥស្លាមកម្ពុជាស្រុកកំពង់ត្រឡាច និងលោក អាលីអាល់ម៉ូហាណាឌី តំណាងសប្បុរសជននៃរដ្ឋកាតា បានឱ្យដឹងថា៖ វិទ្យាស្ថានអប់រំឥស្លាមកម្ពុជា ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ស្ថិតក្នុង ស្រុកកំពង់ត្រឡាច បានចាប់ផ្តើមដំណើរការតាំងពីឆ្នាំ២០០៧ ដែលមានកម្រិត សិក្សាតាំងពីថ្នាក់បឋមសិក្សា អនុវិទ្យាល័យ និង បន្តអភិវឌ្ឍន៍វិទ្យាល័យ ។ក្រៅពីសាលាចំណេះទូទៅ វិទ្យាស្ថានបានបណ្តុះបណ្តាលជំនាញ កាត់ដេរ កុំព្យូទ័រ កសិកម្ម និង បសុវប្បកម្ម ។ វិទ្យាស្ថានមានទស្សនវិស័យ លើកកម្ពស់ស្ត្រី ក្នុងសហគមន៍ឥស្លាម ឱ្យមានសមត្ថភាព លើកស្ទួយជីវភាពគ្រួសារ និង អភិវឌ្ឍន៍គ្រួសារឱ្យកាន់តែប្រសើរឡើង ។

លោក ឈិន សេងងួន បានមានប្រសាសន៍ថា តាមរយៈរបាយការណ៍របស់វិទ្យាស្ថាន បានឆ្លុះបញ្ចាំង ឱ្យឃើញថា វិស័យអប់រំឥស្លាមនៅខេត្តកំពង់ឆ្នាំង បាននិងកំពុងដើរទន្ទឹមប្រព័ន្ធអប់រំជាតិ ជាពិសេសឆ្លើយតបទៅនឹងកំណែទម្រង់វិស័យអប់រំយុវជននិងកីឡា ដើម្បីកសាងធនធានមនុស្សប្រកបដោយគុណភាព និង សមត្ថភាពពេញលេញ ប្រកប ដោយចំណេះជំនាញ ។

លោកបន្តថា៖ ផ្អែកលើសមិទ្ធផល និងការយកចិត្តទុក ដាក់ពីរាជរដ្ឋាភិបាល សហគមន៍ឥស្លាមកម្ពុជាបានចាប់ផ្តើមពង្រឹងនូវប្រព័ន្ធអប់រំនៅតាមមូលដ្ឋាន ដោយមានការបើកទូលាយ ពីរាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើទំនាក់ទំនង ជាមួយសហគមន៍ឥស្លាម នៅតាមបណ្តាប្រទេសជាមិត្តនៅក្នុងតំបន់ និងជុំវិញពិភពលោក ធ្វើឱ្យសហគមន៍ឥស្លាមមានលទ្ធភាពជាងមុន មានអគារសិក្សា កសាងបានសមិទ្ធផលវិស័យអប់រំ បានចូលរួមចំណែកក្នុងការអភិវឌ្ឍន៍វិស័យអប់រំ នៅកម្ពុជា ជាបន្តបន្ទាប់ ។

លោកបន្ដថា៖ នៅឆ្នាំសិក្សា២០២១និង ២០២២នេះ យើងនឹងបន្តអនុវត្តគន្លងប្រក្រតីភាពថ្មីនៃការអប់រំ ដោយយើងទាំងអស់គ្នា ត្រូវបន្តយកចិត្តទុកដាក់ លើសុវត្ថិភាពសុខភាពសិក្សា មិនមានការឆ្លងជំងឺកូវីដ១៩ និងធានាបាននូវនិរន្តរ ភាព នៃការសិក្សាប្រកបដោយគុណភាព ជាពិសេសត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។

នៅក្នុងឱកាសនោះ គណអធិបតីបានប្រគល់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងមធ្យមសិក្សា បឋមភូមិ ដល់សិស្សជ័យលាភី១១៦នាក់ជាមួយ និងទឹកប្រាក់ម្នាក់១០ម៉ឺនរៀល ចែកជូនបណ្ណសរសើរដល់សិស្សពូកែនិងចែកអំណោយ ដល់ប្រជាពលរដ្ឋឥស្លាមដែលចូលរួមផងដែរ៕. សំរិត

អត្ថបទដែលជាប់ទាក់ទង